(អាមេរិក)៖ ការសិក្សាស្រាវជ្រាវថ្មីមួយទៀត នៃក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រអន្តរជាតិបានសន្និដ្ឋានថា ប្រព័ន្ធផ្កាយនានា​នៅក្នុងកាឡាក់ស៊ី Milky Way របស់យើងនេះ អាចមានផ្ទុកភពដែលអាចទ្រទ្រង់ជីវិត ក្នុងចំនួនច្រើនជាងអ្វី​ ដែលយើងធ្លាប់គិតដល់នោះទៅទៀត ជាពិសេសនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ ក៏អាចមានលទ្ធភាពទ្រទ្រង់ ភពស្ថិតនៅក្នុងគន្លងគោចរត្រឹមត្រូវ (Habitable Zone) ក្នុងចំនួនច្រើនមិនគួរឲ្យជឿផងដែរ។

មិនត្រឹមតែនៅក្នុងកាឡាក់ស៊ីយើងប៉ុណ្ណោះទេ កាឡាក់ស៊ីនានាស្ថិតនៅក្នុងចក្រវាឡនេះ ក៏សុទ្ធតែមានប្រព័ន្ធផ្កាយ ដែលអាចមានភពកំពុងទ្រទ្រង់ជីវិតយ៉ាងច្រើនផងដែរ ព្រោះថាភពស្ថិតនៅក្នុងគន្លងត្រឹមត្រូវ (Habitable Zone) មិនមែនមានតែផែនដីយើងមួយនោះឡើយ។

ហេតុអ្វីបានជា Habitable Zone សំខាន់ខ្លាំងម្ល៉េះ? Habitable Zone គឺជាតំបន់អំណោយផលបំផុត ដែលត្រូវបានកំណត់ដោយក្រុមអ្នកវិទ្យាសាស្ត្រ តាមរយៈការយកភពផែនដី និងព្រះអាទិត្យយើងជាគំរូ។ ការស្ថិតនៅគន្លងត្រឹមត្រូវប្រភេទនេះ នឹងអាចឲ្យភពមួយរក្សាទឹក​នៅក្នុងទម្រង់ជាវត្ថុរាវ (មិនកក និងក្លាយចំហាយ), មានបរិយាកាសក្រាស់ ជាខែលការពាររលកវិទ្យុសកម្ម និងកម្តៅពីផ្កាយ, និងទទួលបានថាមពលពន្លឺដ៏សមស្រប ដែលអាចឲ្យជីវិតកកើតឡើងបាន។

ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ក៏បានចាត់ទុកតំបន់អំណោយផលខាងលើនេះ ជាតំបន់ជម្រុកមាស ឬ Goldilocks Zone ផងដែរ ហើយវាពិតណាស់ថា បើភពណាមួយស្ថិតនៅគម្លាតត្រឹមត្រូវ ពីផ្កាយមេរបស់វានោះ យើងក៏នឹងពិបាកប្រកែកដែរថា ភពនោះមិនអាចទ្រទ្រង់ជីវិតបាន។ ប៉ុន្តែទោះបីជាយើងបានសង្ស័យអំពីពួកគេមែន ក៏មនុស្សលោកយើង​នៅតែពិបាកស្វែងរកចម្លើយជាក់ស្តែងដដែល ព្រោះតែរនាំងនៃចម្ងាយរាប់ឆ្នាំពន្លឺ និងបច្ចេកវិទ្យារបស់យើង ស្ថិតនៅក្នុងកម្រិតទាបនៅឡើយ។

ការសិក្សាថ្មីខាងលើនេះ គឺបានចាប់យកប្រព័ន្ធផ្កាយ Trappist-1 ដែលស្ថិតនៅចម្ងាយជាង ៤០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ធ្វើជាឧទាហរណ៍ ព្រោះនៅក្នុងប្រព័ន្ធផ្កាយដ៏ពិសេសមួយនេះ មានភពចំនួន ៣ ក្នុងចំណោម ៧ ដែលត្រូវបានក្រុមតារាវិទូកំណត់ថា «ស្ថិតក្នុងគន្លងត្រឹមត្រូវ ឬ Habitable Zone»។

ជុំវិញការសិក្សានេះតារាវិទូ និងជាអ្នកជំនាញផ្នែកជីវសាស្ត្រ Stephen Kane មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា UC Riverside ដែលដឹកនាំការស្រាវជ្រាវ និងត្រូវបានចុះផ្សាយនៅលើកាសែត Astronomical Journal ក្នុងសប្តាហ៍នេះបានលើកឡើងថា «វាធ្វើឲ្យខ្ញុំងឿងឆ្ងល់ថា តើតារាមួយដួង អាចមានភពស្ថិតក្នុងគន្លងគោចរត្រឹមត្រូវ ច្រើនបំផុតចំនួនប៉ុន្មាន? ហើយតើហេតុអ្វីបានជាព្រះអាទិត្យយើង មានភពដូចផែនដីតែមួយបែបនេះ? វាមើលទៅដូចជាមិនទំនងសោះ»។

ដើម្បីស្វែងយល់ថា តើភពស្ថិតក្នុងគន្លងត្រឹមត្រូវចំនួនប៉ុន្មាន អាចមានវត្តមាន​នៅក្នុងប្រព័ន្ធផ្កាយតែមួយនោះ ក្រុមអ្នកស្រាវជ្រាវបានបង្កើតគំរូម៉ូឌែលមួយ ដោយមានភពទំហំខុសៗគ្នា គោចរជុំវិញផ្កាយច្រើនប្រភេទ។ គំរូម៉ូឌែលតាមកម្មវិធីកុំព្យូទ័រនេះ នឹងអាចឲ្យយើងមើលឃើញអំពីបម្រែបម្រួល ដែលភពទាំងនោះគោចរជុំវិញផ្កាយមេ​របស់ពួកវា និងការគោចរដ៏សមស្រប នៅក្នុងគន្លងរៀងៗខ្លួន នៅក្នុងរយៈពេលរាប់លានឆ្នាំ ទៅតាមទ្រឹស្តីដែលបានកំណត់។

ក្រោយការពិសោធន៍តាមទ្រឹស្តីខាងលើនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ប្រព័ន្ធព្រះអាទិត្យយើងនេះ មានតំបន់ដែលអាចទ្រទ្រង់ភពនៅក្នុង Habitable Zone រហូតដល់ទៅ ៦ភពឯណោះ ដែលនេះមានន័យថា ភពទាំង ៦នោះសុទ្ធតែអាចរក្សាបាននូវទឹកលើផ្ទៃរបស់ពួកវា ក្នុងទម្រង់ជាវត្ថុរាវ និងបរិយាកាសស្រោបជុំវិញ ដែលអាចការពារជីវិតនានា។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ផ្កាយប្រភេទមួយចំនួនទៀត អាចមានតំបន់សម្រាប់ឲ្យភពរហូតដល់ទៅ ៧ ឯណោះគោចរក្នុង Habitable Zone របស់វាបាន។

គួរបញ្ជាក់ថា នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ ភពព្រហស្បតិ៍អាចជាកត្តាធំមួយ ដែលរុញច្រានមិនឲ្យភពស្ថិតក្នុងតំបន់ Habitable Zone មានវត្តមានច្រើន ក៏ព្រោះតែកម្លាំងរុញច្រាន (Magnetic Field) របស់ភពឧស្ម័នយក្សនេះ ខ្លាំងអស្ចារ្យជ្រុលពេក។ ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ផែនដី និងភពអង្គារ សុទ្ធតែស្ថិតក្នុង Habitable Zone ប៉ុន្តែដោយសារតែអតីតកាលនៃភពទាំងពីរនេះ មានលក្ខណៈខុសៗគ្នា ជាពិសេសមូលហេតុនៃការប្រែប្រួលបរិយាកាសភពអង្គារ មិនទាន់មាននរណាអាចដឹងច្បាស់លាស់នោះ ទើបភាពស្រពិចស្រពិលនៅតែបន្តថា តើហេតុអ្វីបានជាមានតែផែនដីយើងមួយ នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះអាចកកើតជីវិត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និងរូបភាព៖ Independent, NASA (ថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here