(អាមេរិក)៖ ទោះបីជាភពព្រហស្បតិ៍ (Jupiter) ត្រូវបានតារាវិទូលើភពផែនដី ធ្វើការសិក្សាយ៉ាងដិតដល់អស់រយៈកាលជាង ៤០០ឆ្នាំមកហើយក៏ដោយ ក៏អាថ៌កំបាំងជាច្រើនរបស់វា នៅតែមិនទាន់អាចបកស្រាយអស់នោះឡើយ។ ដូច្នេះនៅក្រោយការបាញ់បង្ហោះកែវយឺតឆ្លុះចក្រវាឡ James Webb នៅឆ្នាំ២០២១ខាងមុខនេះ អាថ៌កំបាំងអំពីស្តេចភពនៃប្រព័ន្ធព្រះអាទិត្យយើងនេះ នឹងត្រូវទម្លាយបន្ថែមទៀត។

កាលពីមិនទាន់ត្រូវបានតារាវិទូអ៉ីតាលីលោក Galileo Galilei ឆ្លុះឃើញវាយ៉ាងកៀកដំបូង កាលអំឡុងសតវត្សរ៍ទី ១៧ ភពព្រហស្បតិ៍គឺត្រូវបានចាត់ទុកជាផ្កាយធំមួយ ដោយអតីតចក្រភពរ៉ូមុំាងបានហៅ Jupiter នេះថា «ផ្កាយស្តេច» ខណៈក្រិកបុរាណបានហៅថា «ផ្កាយ Zeus ឬស្តេចមេឃា»។ ទោះបីជាវាស្ថិតនៅក្នុង​ប្រព័ន្ធព្រះអាទិត្យយើង នឹងអាចអង្កេតបានដោយងាយ តាមរយៈតេឡេស្កូបលើដី និងទីអវកាសក៏ពិតមែន ប៉ុន្តែចម្ងល់ជាច្រើនមិនទាន់ត្រូវបានបកស្រាយនោះទេ។

ចម្ងល់ទាំងអស់នោះ គឺទៅលើបរិយាកាសនៃភពព្រហស្បតិ៍ ផ្ទៃក្នុងភព និងជាពិសេសគឺស្នូលរបស់វាតែម្តង។ ដោយឡែកភាពអាថ៌កំបាំងនៃខ្សែក្រវាត់ និងព្រះច័ន្ទយក្សទាំង ០៤ របស់ភពព្រហស្បតិ៍នេះ ក៏នឹងត្រូវការការសិក្សាបន្ថែមទៀតដែរ។ ហេតុដូច្នេះទើបក្រុមការងារដឹកនាំដោយតារាវិទូ Imke de Pater នៃសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា ដែលមានសមាជិកសរុបជាង ៤០នាក់ បានបង្កើតកម្មវិធីមួយ ដោយនឹងប្រើប្រាស់ភាពអស្ចារ្យនៃកែវយឺតអវកាស James Webb ដើម្បីងាករេកាណុង ទៅសិក្សាលើប្រព័ន្ធភពព្រហស្បតិ៏ដ៏ស្មុគស្មាញនោះ។

លក្ខណៈពិសេសៗនៃភពព្រហស្បតិ៍ ដែលក្រុមអ្នកស្រាវជ្រាវបានដឹងរួចមកហើយនោះ គឺភពព្រហស្បតិ៍ជាភពយក្សធំជាងគេ ប្រចាំប្រព័ន្ធព្រះអាទិត្យ ដែលខ្លួនរបស់វាអាចផ្ទុកវត្ថុប៉ុនផែនដីបានជាង ១,០០០ ហើយក៏ជាភពដែលមានវង្វិលខ្វាល់លឿនជាងគេផងដែរ នោះគឺក្នុងមួយជុំតែ ១០ម៉ោងប៉ុណ្ណោះ ខណៈភពផែនដីរបស់យើងគឺត្រូវការពេល ២៤ម៉ោងទើបអាចវិលជុំវិញខ្លួនឯងបានមួយជុំ។ បន្ថែមពីនេះ ដែនម៉ាញេទិច (magneticfielf) ដ៏ខ្លាំងអស្ចារ្យ និងព្យុះចម្លែកៗ ជាពិសេសព្យុះយក្ស Great Red Spot ទាំងអស់នេះនៅត្រូវតែបានគ្រប់គ្នាចាត់ទុកថា ជាចម្ងល់នៅឡើយ ដែលត្រូវការការសិក្សាបន្ថែម ដើម្បីបកស្រាយអំពីកត្តា​ដែលបាននិងបង្កឲ្យបាតុភូតទាំងអស់នេះកើតឡើង។

តារាវិទូ Imke de Pater បានលើកឡើងយ៉ាងដូច្នេះថា «វានឹងក្លាយជាបទពិសោធន៍ ប្រកបដោយការប្រកួតប្រជែងបំផុត។ Jupiter ពិតជាភ្លឺត្រចះត្រចង់ណាស់ ហើយឧបករណ៍នៅលើ Webb ក៏មានភាពបត់បែនខ្ពស់ផងដែរ ទើបវាអាចអង្កេតបានទាំងចំពោះភពព្រហស្បតិ៍ផង និងខ្សែក្រវ៉ាត់លាក់ខ្លួន (Ring) របស់វាផង។ នេះគឺជាការធ្វើតេស្តដ៏ប្រសើរបំផុត ចំពោះបច្ចេកវិទ្យារបស់កែវយឺតអវកាស James Webb»។

ចំពោះ Great Red Spot វិញត្រូវបានតារាវិទូ Pater លើកឡើងថា «ស្រទាប់បរិយាកាសផ្នែកខាងលើនៃតំបន់ព្យុះ Great Red Spot នោះ គឺត្រជាក់ជាងបរិយាកាសលើតំបន់ផ្សេងៗទៀតនៃភពព្រហស្បតិ៍ ប៉ុន្តែសម្រាប់នៅរយៈកម្ពស់ខ្ពស់បន្តិចដែលយើងហៅថា ស្រទាប់មេសូ (mesophere) បរិយាកាសលើព្យុះក្រហមនេះ បែរជាឡើងក្តៅបន្តិចទៅវិញ។ យើងនឹងប្រើប្រាស់ Webb ដើម្បីសិក្សាអំពីបាតុភូតមួយនេះ»។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះយាន-ផ្កាយរណប Juno កំពុងតែបន្តការសិក្សានៅឡើយ នៅប្រព័ន្ធភពព្រហស្បតិ៍ បន្ទាប់ពីវាបានទៅដល់ទីនោះកាលពីខែកក្កដា ឆ្នាំ២០១៦។ តែទោះជាយ៉ាងណា អ្វីៗនឹងកាន់តែច្បាស់បន្ថែមទៀត នៅពេលមាន James Webb។ កាលពីពាក់កណ្តាលខែកក្កដាកន្លងទៅនេះ អង្គការ NASA របស់អាមេរិក បានសម្រេចប្រកាសជាផ្លូវការ នូវការពន្យារបាញ់បង្ហោះកែវយឺតអវកាស James Webb ទៅកាន់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ខាងមុខវិញ ដែលពីដំបូងឡើយ ត្រូវបានគ្រោងធ្វើឡើងនៅខែមីនា ឆ្នាំ២០២១។

ផែនការអភិវឌ្ឍ James Webb Space Telescope ឬហៅកាត់ខ្លីថា JWST បានលេចរូបរាងឡើងដំបូង​កាលពីអំឡុងទសវត្សរ៍ ១៩៩០ ជាមួយតម្លៃអភិវឌ្ឍចាប់ពី ១ ទៅ ៣.៥ពាន់លានដុល្លារប៉ុណ្ណោះ និងគ្រោងធ្វើការបាញ់បង្ហោះកាលពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១១។ យ៉ាងណាក៏ដោយ ការពន្យារពេលត្រូវបានធ្វើឡើង ព្រោះនៅឆ្នាំ២០១១ សភាអាមេរិក​បានសម្រេចបន្ថែមថវិកា ៨ពាន់លានដុល្លារទៀត ឲ្យសើរើគម្រោងអភិវឌ្ឍ James Webb ទាំងមូលឡើងវិញ ដើម្បីធ្វើការបាញ់បង្ហោះនៅឆ្នាំ២០១៥ ហើយក្រោយមកវាក៏ត្រូវបានពន្យារ​ពេលដល់ឆ្នាំ២០១៨។ នៅឆ្នាំ២០១៨ NASA បានស្នើសុំថវិកាបន្ថែម រហូតដល់គម្រោងផលិត James Webb ត្រូវបានចំណាយថវិការហូតដល់ ៩.៦៦ពាន់លានដុល្លារដូចពេលនេះតែម្តង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និងរូបភាព៖ NASA (ថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០)

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here