(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានសម្តែងការកោតសរសើរ ចំពោះការបញ្ចប់ដោយជោគជ័យ នូវបេសកកម្មរបស់ SpaceX ដែលបាននាំយកអវកាសយានិកអាមេរិកពីររូប ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ហើយត្រឡប់ចុះមកដល់ផ្ទៃផែនដីយើងវិញ ប្រកបដោយសុវត្ថិភាព។

ភាពជោគជ័យលើកដំបូង នៃការដឹកជញ្ជូនអវកាសយានិកដោយយាន Crew Dragon របស់ក្រុមហ៊ុនអវកាស SpaceX បានធ្វើឲ្យ NASA មានសុទិដ្ឋនិយមខ្ពស់ខ្លាំង អំពីអនាគតជុំវិញបេសកកម្មជាបន្តបន្ទាប់ទៀត នៃការបញ្ជូនមនុស្សឡើងទៅកាន់ទីអវកាស។ យានរបស់ SpaceX ដែលដឹកអវកាសយានិក NASA ពីររូបគឺលោក Bob Behnken និងលោក Doug Hurley បានទម្លាក់ខ្លួនចុះមកលើផ្ទៃទឹក​នៅឈូងសមុទ្រម៉ិចស៉ីកូ ដោយសុវត្ថិភាព កាលពីថ្ងៃអាទិត្យ (ពេលវេលាក្នុងតំបន់នៅអាមេរិក) ជាការបិទបញ្ចប់ជាស្ថាពរ នៃបេសកកម្មហោះហើរសាកល្បងហៅថា Demo-2 ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS)។

ជុំវិញលទ្ធផលខាងលើនេះ ប្រធានអង្គការ NASA លោក Jim Bridenstine បានលើកឡើងដូច្នេះថា «នេះគឺជាជោគជ័យដ៏វិសេសវិសាលមួយ ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ខណៈពួកយើងកំពុងបោះជំហានចូលសម័យកាលថ្មី នៃការបញ្ជូនមនុស្សឡើងទីអវកាស នៅពេលដែល NASA លែងដើរតួនាទីជាអ្នកទិញផង ជាម្ចាស់ផង និងជាប្រតិបត្តិករផង នៃសម្ភារៈទាំងអស់ដូចមុនទៀតហើយ»។

គួរជម្រាបថា បន្ទាប់ពីបេសកកម្ម Demo-2 ក្រុមហ៊ុន SpaceX ឥឡូវអាចចាប់ផ្តើមផ្តោតសំខាន់ ទៅលើបេសកកម្មផ្លូវការលើកដំបូងរបស់ខ្លួន ហៅថា Crew-1 ជាការបញ្ជូនអវកាសយានិកសរុប ០៤នាក់ ដែលត្រូវបានគ្រោងនឹងចាប់ផ្តើម នៅខ្ទង់ចុងខែកញ្ញាខាងមុខ។ ក្រៅពី NASA យាន Crew Dragon ក៏មានអតិថិជនមួយចំនួនទៀតដែរ រួមមានក្រុមហ៊ុន Axiom Space ដែលបានកក់ការធ្វើដំណើរឆ្ពោះទៅ ISS ព្រមទាំងក្រុមហ៊ុន Space Adventures ដែលជួលយានរបស់ SpaceX ដើម្បីនាំអ្នកដំណើរ ០៤នាក់ឡើងទីអវកាស តែមិនចូលស្ថានីយ ISS នោះទេ។

បន្ថែមពីលើ Crew Dragon ក្រុមហ៊ុន SpaceX កំពុងអភិវឌ្ឍនាវាអវកាស Starship ដែលត្រូវបានរចនាឡើង ដើម្បីនាំមនុស្សទៅកាន់ឋានព្រះច័ន្ទ ទៅកាន់ភពអង្គារ (Mars) ព្រមទាំងកន្លែងផ្សេងៗទៀតផងដែរ នៅរាប់ទសវត្សរ៍ខាងមុខទៀត៕

ប្រភព៖ Space (ថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here