(បរទេស)៖ នៅពីក្រោមស្រទាប់បរិយាកាសនៃភពសុក្រ (Venus) មានបណ្តុំនៃពពកអាស៊ីដលាក់ខ្លួន ដែលមានទំហំដ៏ធំមហិមាមិនគួរឲ្យជឿ និងចល័តក្នុងល្បឿន ស្ទើរតែលឿនជាងយន្តហោះដឹកអ្នកដំណើរលើផែនដីទៅទៀត (៣២៨គីឡូម៉ែត្រក្នុង១ម៉ោង)។ លទ្ធផលសិក្សានេះគឺយោងទៅលើការអង្កេត បណ្តុំនៃពពកដែលស្ថិតនៅពីក្រោមបណ្តុំពពក​ផ្នែកខាងលើបំផុត នៃភពសុក្រប្រមាណជា ៥០គីឡូម៉ែត្រ។

ពេលខ្លះបណ្តុំពពកអាស៊ីដទាំងនោះ អាចលាតសន្ធឹងរហូតដល់ទៅប្រវែង ៧,៥០០គីឡូម៉ែត្រ​នៅតំបន់អេក្វាទ័ររបស់ភព ដែលមានកម្តៅក្តៅជាងគេ​ប្រចាំប្រព័ន្ធព្រះអាទិត្យមួយនេះ។ បើតាមក្រុមអ្នកសិក្សាមកពីអង្គការអវកាស JAXA របស់ជប៉ុន ដែលបាននិងកំពុងសិក្សាយ៉ាងដិតដល់ទៅលើ Venus បណ្តុំពពកអាស៊ីដនេះ​បានលាក់ខ្លួនអស់រយៈពេល ៣ទសវត្សរ៍មកហើយ។

វាពិតជាចម្លែក ដែលមនុស្សទើបតែអង្កេតដឹង អំពីបាតុភូតខាងលើនេះ ខណៈដែលយានពីផែនដី​បានទៅដល់ទីនោះដំបូង​តាំងតែពីឆ្នាំ១៩៦២ ហើយតេឡេស្កូបមានកម្រិតស្តង់ដាខ្ពស់ ក៏ទើបតែអង្កេតយ៉ាងលម្អិតលើភពនេះ​កាលពីប៉ុន្មានឆ្នាំកន្លងទៅហើយដែរ។

យ៉ាងណាក៏ដោយចម្ងល់ត្រូវបានរំលេចឡើង នៅពេលយានជប៉ុន Akatsuki បានទៅដល់ភពសុក្រកាលពីឆ្នាំ២០១៥។ ការសិក្សាត្រូវបានធ្វើឡើងជាថ្មី ហើយទិន្នន័យថ្មីៗក៏ត្រូវបានពិនិត្យ។ នៅទីបំផុតក្រុមការងារគ្រប់គ្រងបេសកកម្ម Akatsuki របស់អង្គការ JAXA បានរកឃើញថា ពពកអាស៊ីដ៏ដំមហិមាខាងលើនេះ មានវត្តមានតាំងតែពីឆ្នាំ១៩៨៣ មកមកម្ល៉េះ (ពេលវេលានៅលើផែនដី) ហើយវាតែងតែចល័តយ៉ាងលឿនបំផុត នៅតំបន់ភាគកណ្តាល​នៃបរិយាកាសភពសុក្រ។

តាមពិតទៅពពកប្រភេទដូចខាងលើនេះ គឺត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង្កេតឃើញ​ជាច្រើនមកហើយ នៅស្រទាប់លើបំផុតនៃបរិយាកាសដ៏ក្រាស់របស់ភពសុក្រ ប៉ុន្តែសម្រាប់វត្តមានវា នៅតំបន់ស្រទាប់បរិយាកាសកណ្តាលបែបនេះ គឺជារឿងថ្មីបំផុត​ព្រោះគ្រប់គ្នាបានដឹងហើយថា ភពសុក្រជាភពដែលរងឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់​ដ៏អាក្រក់ជាទីបំផុត ខណៈផ្ទៃដីរបស់វាមានកម្តៅជាមធ្យម ៤៦៥អង្សាសេ ដែលពិបាកណាស់ក្នុងការឲ្យពពកប្រភេទនេះកកើតឡើងបាន​នៅតំបន់បរិយាកាសភាគកណ្តាល។

គួរបញ្ជាក់ថា កត្តាដែលបង្កជាពពកអាស៊ីដខាងលើនេះឡើង គឺមិនទាន់មាននរណា​រកឃើញនោះឡើយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការសន្និដ្ឋានជាបឋមថា វាអាចបណ្តាលមកពីបាតុភូតចម្លែក ដែលយើងបានអង្កេតជាយូរណាស់មកហើយ នោះគឺការចល័តយ៉ាងលឿន នៃបរិយាកាសស្រទាប់លើរបស់ភពសុក្រ ឬអាចជារលកនៃកម្លាំងទំនាញបញ្ចេញពីភព ទៅក្នុងបរិយាកាសរបស់ភពនេះផ្ទាល់ ដែលកកើតឡើងនៅពេលខ្យល់បោកបក់ក្នុងល្បឿនលឿន កាត់តាមតំបន់ភូមិសាស្ត្រប្លែកៗ​ដូចជាដងភ្នំ រណ្តៅអាចម៍ផ្កាយ និងតំបន់ផ្សេងៗទៀតជាដើម៕

ប្រែសម្រួល៖ Cambo Space
ប្រភព និងរូបភាព៖ Space, JAXA (ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here