(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្ត្រទំនងជាបានរកឃើញ ដាននៃការប៉ះទង្គិចដ៏ធំមហិមាមួយ ឬអាចនិយាយបានថា ធំបំផុតប្រចាំប្រព័ន្ធព្រះអាទិត្យយើងនេះតែម្តង នៅលើផ្ទៃព្រះច័ន្ទយក្ស Ganymede នៃភពព្រហស្បតិ៍ ដែលជាព្រះច័ន្ទធំលេខ ១ និងមានទំហំជាងភពពុធទៅទៀតនោះ។

លទ្ធផលបឋមនៃការសិក្សាខាងលើនេះ គឺយោងទៅលើទិន្នន័យ និងរូបភាពនានា​ដែលត្រូវបានផ្តិតយក​ដោយបេសកកម្មអង្គការ NASA កាលពីអតីតកាលដូចជាយាន Voyager និងបេសកកម្ម Gallileo ជាដើមកាលពីអំឡុងចុងទសវត្សរ៍១៩៧០ ដល់ដើមទសវត្សរ៍២០០០។ ក្រុមអ្នកវិទ្យាសាស្ត្រ មានការចាប់អារម្មណ៍យ៉ាងខ្លាំង​ទៅលើសំណុំនៃលក្ខណៈពិសេសៗ ដែលត្រូវបានគេហៅថាជា «ជ្រលងឆ្នូតៗ» លេចឡើងនៅលើផ្នែកមួយចំហៀងនៃផ្ទៃស្រទាប់លើ ដែលមានអាយុកាលចំណាស់បំផុតរបស់ព្រះច័ន្ទ។

ក្រុមអ្នកស្រាវជ្រាវពីមុនបានសន្និដ្ឋានថា ជ្រលងឆ្នូតៗខាងលើនេះ គឺជាភស្តុតាងបន្សល់ទុកពីការប៉ះទង្គិចដ៏ខ្លាំងអស្ចារ្យ ដែលគ្រប់គ្រាន់ធ្វើឲ្យមានបម្រែបម្រួល នៅផ្នែកមួយចំហៀងរបស់ព្រះច័ន្ទ Ganymede។ ក៏ប៉ុន្តែបើងាកមកមើលការសិក្សា ពីក្រុមអ្នកវិទ្យាសាស្ត្រថ្មីៗនេះវិញ ជ្រលងឆ្នូតៗខាងលើនេះ គឺជាដាននៃការប៉ះទង្គិលដ៏ខ្លាំងអស្ចារ្យ ដែលបានជះឥទ្ធិពល​នៅទូទាំងផ្ទៃព្រះច័ន្ទនេះទាំងមូលតែម្តង មិនមែនតែមួយចំហៀងនោះឡើយ។

ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា អាចម៍ផ្កាយដែលមានទំហំមុខកាត់ប្រមាណ ៥០គីឡូម៉ែត្រ​ទំនងជាបានបុកព្រះច័ន្ទ Ganymede ពេញមួយទំហឹង (មិនទាន់អាចបញ្ជាក់ថា កាលពីពេលណា) ដែលនាំឲ្យផ្ទៃព្រះច័ន្ទទាំងមូល​មានការប្រែប្រួលយ៉ាងដំណំ។ ក្រុមអ្នកវិទ្យាសាស្ត្របានបន្តទៀតថា តំបន់ដែលរងការប៉ះទង្គិចពីអាចម៍ផ្កាយដោយផ្ទាល់នោះ គឺមានកាំប្រវែងរហូតដល់ ៧,៨០០គីឡូម៉ែត្រ ឬស្មើនឹងប្រវែងទន្លេមីស៊ីស៊ីពីគុណហ្នឹងពីរឯណោះ។

សម្រាប់រណ្តៅបង្កឡើងដោយការប៉ះទង្គិច ស្រដៀងនៅលើព្រះច័ន្ទ Ganymede ដែរនោះ​គឺនៅលើព្រះច័ន្ទ Callisto របស់ភពព្រហស្បតិ៍ដដែល ដែលមានកាំប្រវែង ១,៩០០គីឡូម៉ែត្រ។ ដូច្នេះប្រសិនបើការសិក្សាខាងលើនេះ បានទទួលលទ្ធផលវិជ្ជមាននោះ រណ្តៅរបស់ព្រះច័ន្ទ Ganymede នឹងក្លាយជាស្លាកស្នាមបង្កឡើងដោយការប៉ះទង្គិច​ធំជាងគេបំផុតប្រចាំនៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ។

គួរបញ្ជាក់ថា ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ អំពីអ្វីៗគ្រប់យ៉ាង​នៅក្នុងប្រព័ន្ធភពព្រហស្បតិ៍ ជាពិសេសព្រះច័ន្ទទាំង ៤ របស់វានោះ បេសកកម្មថ្មីមួយមានឈ្មោះ Jupiter Icy Moons Explorer (JUICE) ឬបេសកកម្មសិក្សាព្រះច័ន្ទទឹកកកទាំងអស់នៃភពព្រហស្បតិ៍ នឹងត្រូវបាញ់បង្ហោះនៅឆ្នាំ២០២២ និងទៅដល់ទីនោះនៅឆ្នាំ២០២៩ ហើយនឹងចាប់ផ្តើមធ្វើការសិក្សាអំពីព្រះច័ន្ទ Ganymede, Callisto និង Europa សម្រាប់រយៈពេល ០៣ឆ្នាំតែម្តង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និងរូបភាព៖ Space, NASA (ថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here