(អាមេរិក)៖ ក្រុមអ្នកតាមដានព័ត៌មានអវកាស និងវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញពីទិដ្ឋភាពបណ្តុំព្យុះរបស់ភពព្រហស្បតិ៍ (Jupiter) ដែលធ្វើឲ្យផ្ទៃភពឧស្ម័នយក្សនេះមើលទៅប្រៀបដូចជា នំភីហ្សាទើបដុតរួច យ៉ាងក្រហមឆ្អិនឆ្អៅមួយយ៉ាងដូច្នោះឯង។ នេះបើតាមរូបភាព​ដែលត្រូវបានបង្ហោះដោយអង្គការ NASA នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។

រូបភាពខាងលើត្រូវបានផ្តិតយកដោយយានអវកាស Juno របស់ NASA ដែលបាននិងកំពុងសិក្សានៅក្បែរភពព្រហស្បតិ៍ ចាប់តាំងពីឆ្នាំ២០១៦មក។ វាបង្ហាញពីទិដ្ឋភាពនៅតំបន់ប៉ូលខាងជើងរបស់ Jupiter ហើយការដែលវាមើលទៅឃើញពណ៌ក្រហមបែបនេះ គឺព្រោះតែការប្រើប្រាស់កាមេរ៉ា Infrared របស់យាន Juno ដើម្បីស្វែងយល់ពីឥទ្ធិពលព្យុះ និងចលនាកញ្ជ្រោលនៃឧស្ម័ននានា ដែលមានក្នុងស្រទាប់លើភពព្រហស្បតិ៍។

គួរជម្រាបថា គ្រាន់តែអង្គការ NASA បានបង្ហោះរូបភាពនោះនៅលើគណនី Instagram ភ្លែត វាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងភ្លាមៗ ដោយម្នាក់ៗសុទ្ធតែកត់សម្គាល់ឃើញថា រូបនោះប្រៀបបីដូចជារូបភាព ភីហ្សាសាច់ក្រកដែលទើបត្រូវដុតរួចក្តៅៗ។ យានអវកាស Juno ត្រូវបាន NASA បាញ់បញ្ជូនចេញពីផែនដីកាលពី២០១១ ហើយចំណាយពេល ០៥ឆ្នាំ ទើបអាចជ្រៀតចូលទៅដល់គន្លងគោចរក្បែរភពព្រហស្បតិ៍ និងកំពុងបន្តធ្វើប្រតិបត្តិការ រហូតមកទល់សព្វថ្ងៃនេះ៕

បកប្រែ និងសម្រួល៖ Cambo Space
ប្រភព៖ អង្គការ NASA (ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here