(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រ និងតារាវិទូ ដែលបានធ្វើការសិក្សាអំពីដុំថ្មអវកាស អ៊ូម័រម័រ (Oumuamua) អស់រយៈពេលពីរទៅបីឆ្នាំកន្លងមកហើយនេះ បានប្រែជាស្រពិចស្រពិលជាថ្មី អំពីប្រភពថាមពលនៃដុំថ្មអវកាសដំបូង ដែលត្រូវបានមនុស្សលើផែនដីអង្កេតដឹងថា មានប្រភពមកពីក្រៅប្រព័ន្ធព្រះអាទិត្យ ក្រោយពីការពន្យល់ដ៏លម្អិតមួយ ត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។

ក្រុមអ្នកស្រាវជ្រាវពីមុនបានអះអាងថា ដុំថ្មអវកាស Oumuamua ត្រូវបានផ្សំឡើងបណ្តុំទឹកកក-អ៉ីដ្រូសែន (hydrogen iceberg) ដោយសារតែការអង្កេតលើចំហាយ ភាយចេញពីតួខ្លួនរបស់វា ពេលធ្វើដំណើរទៅចំណុចក្បែរព្រះអាទិត្យរបសយើង។ អ្វីដែលជាចម្ងល់ផ្សេងទៀតនោះគឺថា តើវាមានថាមពលអ្វី ដែលជួយរុញច្រានដោយខ្លួនឯង ដើម្បីធ្វើដំណើរឆ្លងកាត់ទីអវកាសដ៏សែនឆ្ងាយ ចូលមកកាន់ប្រព័ន្ធព្រះអាទិត្យយើង ហើយត្រឡប់ទៅវិញបាត់ដូច្នេះ។

ការពន្យល់កន្លងមកនេះ ពិតជាមានប្រយោជន៍ទៅដល់ក្រុមអ្នកវិទ្យាសាស្ត្រ ដែលនៅតែបន្តការសិក្សាហើយសិក្សាទៀត ក្រោយពេលដែល Oumuamua ដែលមានតួខ្លួនប្រវែង ២០០ម៉ែត្រ បានធ្វើដំណើរឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យយើង​កាលពីឆ្នាំ២០១៧ ក្នុងល្បឿនជាង ៣សែនគីឡូម៉ែត្រក្នុងមួយម៉ោង។ អាថ៌កំបាំងរបស់ Oumuamua ពិតជានៅមានរហូតដល់ឆ្នាំ២០២០នេះ ព្រោះចាប់តាំងពីវាត្រឡប់ទៅវិញកាលណោះ ក្រុមអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោក នៅតែមិនទាន់ឯកភាពគ្នាឡើយថា ដុំថ្មនោះមានប្រភពពីណា ខណៈការកំណត់ថា តើវាជាអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយនោះ ក៏មិនទាន់ត្រូវបានធ្វើនោះដែរ។

ប៉ុន្តែសម្រាប់ពេលនេះ ពន្លឺថ្មីនៃភាពអាថ៌កំបាំងថ្មីបានលេចឡើងហើយ ដោយយើងត្រូវអរគុណទៅដល់ក្រុមអ្នកស្រាវជ្រាវនៃ វិទ្យាស្ថានវិទ្យាសាស្ត្រ-អវកាស និងតារាសាស្ត្រកូរ៉េ (KASI) និងសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក។ គន្លឹះធំមួយ​ដែលក្រុមអ្នកស្រាវស្រាវអន្តរជាតិទាំងនេះបានរកឃើញនោះ គឺដុំថ្មអវកាសប្រភេទដូចជា Oumuamua (ផ្សំឡើងដោយបណ្តុំទឹកកក-អ៉ីដ្រូសែន) មិនសមណាអាចធ្វើដំណើរ​បានវែងឆ្ងាយបែបនេះឡើយ។

ប្រសិនបើការលើកឡើងខាងលើនេះ ជាការពិតមែននោះ ការវិភាគដែលត្រូវបានលើកឡើងកាលពីមុនថា បណ្តុំទឹកកក-អ៉ីដ្រូសែន​ដែលមានតួនាទីរុញច្រានខ្លួន Oumuamua ទៅមុខដូចជាគ្រាប់រ៉ុក្កែតនោះ គឺពិតជាទ្រឹស្តីមួយ​ដែលអាចយកមកធ្វើការពិចារណា ឲ្យបានកាន់តែស៊ីជម្រៅ។ សាស្ត្រាចារ្យ Avi Loeb និង Frank Baird ដែលជាអ្នកដឹកនាំក្រុមការងាររួមគ្នារបស់ Harvard បានលើកឡើងថា «យើងមានការងឿងឆ្ងល់ថា ផ្ទាំងទឹកកក-អ៊ីដ្រូសែនមិនអាចស្ថិតនៅបានយូរ នៅក្នុងដំណើរដែលត្រូវចំណាយពេលរាប់រយលានឆ្នាំនោះទេ…»។

គួរបញ្ជាក់ថា អ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រ អាចធ្វើការវិភាគយ៉ាងត្រឹមត្រូវបន្ថែមទៀត ជាជាងការសន្និដ្ឋានថា វាជាយានរបស់អេលៀន ឬជាដុំថ្មធម្មតាៗនោះ គឺមានតែរង់ចាំមើលការអង្កេត ដោយប្រើប្រាស់មណ្ឌលតេឡេស្កូបស្រាវជ្រាវ Vera C. Rubin ដែលនឹងត្រូវបើកដំណើរការនៅឆ្នាំ២០២១។ ក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា នឹងអាចអង្កេតឃើញវត្ថុអវកាសមកពីប្រព័ន្ធផ្កាយផ្សេងដូចជា Oumuamua យ៉ាងហោចណាស់ក៏រៀងរាល់ខែដែរ នៅពេលដែល Vera C. Rubin បើកដំណើរការ ហើយពេលនោះអាថ៌កំបាំងរបស់ Oumuamua អាចនឹងត្រូវទម្លាយផងក៏ថាបាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Independent (ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here