(អាមេរិក)៖ អាចថាវាមានទំហំតូចពេក ទើបក្រុមអង្កេតអាចម៍ផ្កាយរបស់ NASA អាចមានលទ្ធភាពអង្កេតឃើញ 2020 QG ដែលបានធ្វើដំណើរមកកៀកផែនដីបំផុតទៅហើយ តែក្នុងគម្លាត ២,៩៥០គីឡូម៉ែត្រប៉ុណ្ណោះ ពីលើតំបន់ភាគខាងត្បូងមហាសមុទ្រឥណ្ឌា ហើយវាក៏បានហោះហួសទៅបាត់ ប្រកបដោយសុវត្ថិភាពផងដែរ កាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០ (ពេលវេលានៅអាមេរិក)។

បើនិយាយថា 2020 QG ជាអាចម៍ផ្កាយនោះ ហាក់ដូចជាលើកតម្កើងវាពេក ព្រោះទំហំប៉ុនរថយន្តមួយគ្រឿងបែបនេះ យើងអាចត្រឹមហៅវាថា «ដុំថ្មអវកាស» នោះក៏បានដែរ។ ប្រសិនបើវាធ្លាក់មកលើផែនដីវិញ ក៏មិនអាចបង្កជាបញ្ហាអ្វីនោះដែរ ព្រោះទម្រាំតែវាបុកទង្គិចជាមួយបរិយាកាស ហើយធ្លាក់មកដល់មហាសមុទ្រ ឬផ្ទៃដីនោះវាអាចនៅសល់ត្រឹមតែ​បំណែកតូចៗ ឬកម្ទេចធូលីប៉ុណ្ណោះ។ នេះបើតាមការការបញ្ជាក់ពីក្រុមជំនាញ NASA។

ជុំវិញហេតុការណ៍ខាងលើនេះលោក Paul Chodas នាយកមជ្ឈមណ្ឌលសិក្សា​វត្ថុអវកាសក្បែរៗផែនដី (CNEOS) នៅមន្ទីរពិសោធន៍ JPL របស់អង្គការ NASA ប្រចាំរដ្ឋកាលីហ្វ័រញ៉ាបានលើកឡើងថា «វាពិតជាគួរឲ្យរំភើបណាស់ នៅពេលដែលអាចមើលឃើញ អាចម៍ផ្កាយតូចមួយបានចូលមកជិតបែបនេះ ព្រោះយើងអាចយល់ដឹងច្បាស់ពីកម្លាំងទំនាញផែនដី ដែលមាននៅពាសពេញគន្លងយ៉ាងខ្លាំងក្លា។ ការគណនារបស់យើងបានបង្ហាញថា អាចម៍ផ្កាយនោះត្រូវបានបង្វែទិសដៅទៅវិញ​ក្នុងរង្វាស់មុំ ៤៥ដឺក្រេ ដោយសារតែកម្លាំងរុញច្រានពីភពរបស់យើង»។

គួរបញ្ជាក់ថា អាចម៍ផ្កាយ 2020 QG ក៏ត្រូវបានចាប់យករូបភាពដោយ​មណ្ឌលអង្កេតផ្ទៃមេឃ Zwicky Transient ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិកផងដែរ។ វត្ថុអវកាសក្នុងទំហំប្រហាក់ប្រហែល 2020 QG នេះ គឺមានរាប់រយលានឯណោះ ​ដែលស្ថិតនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ប៉ុន្តែដោយសារតែទំហំដ៏តូចបែបនេះ វាមិនអាចបង្កការគំរាមកំហែងដល់ភពរបស់យើងនោះឡើយ។ ទោះជាយ៉ាងណា ក្រុមការងាររបស់ NASA នៅតែបន្តសិក្សា​អំពីចលនារបស់ពួកវាទៅមុខទៀត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និងរូបភាព៖ Sky News, NASA, JPL’s CNEOS (ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០)

 

LEAVE A REPLY

Please enter your comment!
Please enter your name here