(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានឲ្យដឹងថា អាចម៍ផ្កាយមួយដុំនឹងមានឱកាស ហោះចូលមកក្នុងបរិយាកាសផែនដី នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ (ពេលវេលានៅវ៉ាស៊ីនតោន) គឺមួយថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី​នៅសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។

អាចម៍ផ្កាយខាងលើដែលមានឈ្មោះសម្គាល់ថា 2018-VP1 ត្រូវបានប្រទះឃើញជាលើកដំបូង កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ នៅពេលវាស្ថិតនៅចម្ងាយ ៤៥០,០០០គីឡូម៉ែត្រពីផែនដី។ អាចម៍ផ្កាយ 2018-VP1 គោចរជុំវិញភពយើង ដោយប្រើពេល ០២ឆ្នាំ ហើយឥឡូវនេះវាកំពុង សំដៅមករកចំណុចកៀកផែនដីបំផុតជាថ្មីម្តងទៀត។

យោងតាមអង្គការ NASA លើកនេះគឺនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ អាចម៍ផ្កាយ 2018-VP1 នឹងហោះឆ្លងកាត់ភពផែនដី នៅចន្លោះចម្ងាយដ៏កៀកបំផុតគឺក្នុងចន្លោះពី ៤,៨០០-២៦០,០០០គីឡូម៉ែត្រ​ពីបរិយាកាសរបស់ភពយើង ជាមួយឱកាសយ៉ាងស្តួចស្តើងបំផុតគឺត្រឹមតែ ០.៤១ភាគរយប៉ុណ្ណោះ ដែលថាវានឹងធ្លាក់ចូលមកក្នុងស្រទាប់បរិយាកាសផែនដី។

យ៉ាងណាក៏ដោយ 2018-VP1 មានមុខកាត់ត្រឹមតែ ២ម៉ែត្រប៉ុណ្ណោះ ហើយពេលមកដល់ចំណុចកៀកបំផុតនៃផែនដី វាស្ថិតនឹងនៅលើតំបន់មហាសមុទ្រប៉ាស៉ីហ្វិកឯណោះ។ NASA ក៏បានបញ្ជាក់ច្បាស់ៗដែរថា អាចម៍ផ្កាយនោះ មិនបង្កការគំរាមកំហែងអ្វីឡើយ ចំពោះភពរបស់យើងឡើយ ព្រោះថាបើវាធ្លាក់ចូលមកក្នុងស្រទាប់បរិយាកាសក៏ដោយ 2018-VP1 នឹងត្រូវឆេះរលាយខ្ទេចអស់ក្នុងបរិយាកាស ព្រោះតែទំហំដ៏តូចរបស់វា៕

ប្រែសម្រួល៖ Cambo Space
ប្រភព និងរូបភាព៖ CNN, NASA 

LEAVE A REPLY

Please enter your comment!
Please enter your name here