(ឌូបៃ)៖ គ្រឿងយន្តអវកាសរបស់អេមីរ៉ាត់អារ៉ាប់រួម ដែលចាកចេញពីភពផែនដីកាលពីខែមុន ដើម្បីហោះឆ្ពោះទៅកាន់ភពអង្គារ (Mars) ឥឡូវនេះទើបតែប្រទះឃើញគោលដៅរបស់ខ្លួន ជាលើកដំបូងពីចម្ងាយ ខណៈដែលភពអង្គារ និងផែនដី ក៏កំពុងខិតជិតគ្នាកាន់តែខ្លាំងផងដែរ។

យានអវកាសឈ្មោះ អាម៉ាល់ (Amal ឬ Hope) របស់អាមីរ៉ាត់អារ៉ាប់រួម (UAE) ត្រូវបានបាញ់បញ្ជូនចេញពីប្រទេសជប៉ុន កាលពីថ្ងៃទី១៩ ខែកក្កដា ធ្វើឲ្យ UAE ក្លាយជាប្រទេសអារ៉ាប់ដំបូងគេ ដែលមានយានអវកាស ធ្វើដំណើរចេញហួសពីគោចរគន្លងគោចររបស់ផែនដី។ លោក មហាំម៉េដ ពិន រ៉ាស៊ីដ អាល់ ម៉ាកទួម (Mohammed bin Rashid Al Maktoum) នាយករដ្ឋមន្រ្តី UAE បានបង្ហោះសារលើ Twitter ឲ្យដឹងថា ខណៈនេះយាន-ផ្កាយរណប Hope ធ្វើដំណើរបាន ១០០លានគីឡូម៉ែត្រហើយ ក្នុងដំណើរឆ្ពោះទៅកាន់ភពអង្គារ។

គួរជម្រាបថា យាន Hope នឹងទៅដល់គន្លងភពអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១។ វាត្រូវគេរំពឹងថា នឹងធ្វើការសិក្សាអំពីប្រព័ន្ធធាតុអាកាស និង ស្រទាប់បរិយាកាសរបស់ Mars សម្រាប់រយៈពេលយ៉ាងហោចណាស់ ១ឆ្នាំនៅទីនោះ ដែលស្មើនឹងជិត ២ឆ្នាំនៅលើផែនដី។ កាលពីខែកក្កដា ប្រទេសពីរទៀតគឺចិន និងសហរដ្ឋអាមេរិក ក៏បានបញ្ជូនយានរៀងៗខ្លួន ឆ្ពោះទៅកាន់ភពអង្គារផងដែរ ហើយចំពោះចិនវិញ គឺវាជាបេសកកម្មលើកដំបូងបំផុត។

ការសម្រេចចេញបេសកកម្មក្នុងខែដូចគ្នាបែបនេះ គឺដោយសារតែវាជាពេលកម្រមួយ ដែលផែនដី និងភពអង្គារស្ថិតនៅកៀកជាងពេលណាៗទាំងអស់ ដែលមានតែរយៈពេល ២៦ខែម្តងប៉ុណ្ណោះ។ សម្រាប់បេសកកម្មរបស់ចិន និងអាមេរិកគឺនឹងចុះទៅដល់ផ្ទៃ Mars ផ្ទាល់តែម្តង ដោយមិនគ្រាន់តែស្ថិតនៅជាផ្កាយរណប ក្នុងគន្លងគោចរដូចជា UAE នោះឡើយ៕

ប្រភព៖ Space (ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០)

 

LEAVE A REPLY

Please enter your comment!
Please enter your name here