(ន័រវែស)៖ ស្របពេលដែលទឹកកកកាន់តែរលាយ វាបានផ្តល់ឱកាសកាន់តែបើកចំហ សម្រាប់ឲ្យកប៉ាល់កាន់តែច្រើន ធ្វើដំណើរឆ្លងកាត់នៅតំបន់សមុទ្រអាក់ទិច។ ប៉ុន្តែប្រការនេះត្រូវគេមើលឃើញថា មិនមែនជារឿងល្អឡើយ សម្រាប់បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាគួរឲ្យបារម្ភរួចស្រាប់ទៅហើយនោះ។

យោងតាមទិន្នន័យពីក្រុមស្រាវជ្រាវ នៅសាកលវិទ្យាល័យ Nord នៃប្រទេសន័រវែស ការធ្វើចរាចរណ៍ឆ្លងកាត់ច្រកផ្លូវមមាញឹកជាងគេរបស់ តំបន់មហាសមុទ្រទឹកកកអាក់ទិច គឺតាមបណ្តោយឆ្នេរតំបន់ស៉ីបេរីនៃប្រទេសរុស្ស៉ី បានកើនឡើងដល់ទៅ ៥៨ភាគរយ កាលពីចន្លោះឆ្នាំ២០១៦-២០១៩។ កាលពីឆ្នាំមុន កប៉ាល់ផ្សេងៗបានធ្វើដំណើរសរុប ២,៦៩៤ជើងឆ្លងកាត់ច្រកផ្លូវនោះ។

ចរាចរណ៍កប៉ាល់ទាំងនោះ ត្រូវបានជំរុញដោយរុស្ស៉ី ចិន និងកាណាដាជាចម្បង ដែលបានដឹកជញ្ជូនរ៉ែដែក, ប្រេង, ឧស្ម័ន LNG និងឥន្ធនៈដទៃៗទៀត ឆ្លងកាត់មហាសមុទ្រទឹកកកអាក់ទិច។ ទោះបីឆ្នាំ២០២០នេះ បាននិងកំពុងរងការយាយីដោយជំងឺរាតត្បាតជាសកលក៏ដោយ ក៏ចរាចរណ៍កប៉ាល់តាមតំបន់អាក់ទិច នៅតែមានការកើនឡើង ខណៈបញ្ហានេះបានបង្កការប៉ះពាល់គួរឲ្យកត់សម្គាល់ ដល់វិស័យកប៉ាល់ដឹកជញ្ជូនជុំវិញពិភពលោក។

គួរជម្រាបថា យ៉ាងណាមិញ កំណើនកប៉ាល់ធ្វើចរាចរណ៍នៅអាក់ទិច គឺជារឿងដ៏គួរឲ្យបារម្ភមួយសម្រាប់បរិស្ថាន ព្រោះថាខណៈកប៉ាល់ធំៗទាំងនោះប្រើប្រាស់ឥន្ធនៈ ពួកវាបញ្ចេញឧស្ម័នកាបូនឌីអុកស៉ីត ព្រមទាំងភាគល្អិតខ្មៅៗ ដែលទៅគ្របដណ្តប់លើផ្ទាំងទឹកក និងដុំព្រិលនៅតំបន់អាក់ទិច។ ប្រការនេះធ្វើឲ្យសារធាតុវិទ្យុសកម្មរបស់ព្រះអាទិត្យ ត្រូវបានស្រូបយកទុកជាជាងជះចេញទៅក្រៅស្រទាប់បរិយាកាសវិញ ហើយជាលទ្ធផលបណ្តាលឲ្យបញ្ហាកើនឡើងសីតុណ្ហភាព នៅតំបន់នោះកាន់តែធ្ងន់ធ្ងរ។

បើតាមការអះអាងរបស់អ្នកវិទ្យាសាស្រ្ត ក្នុងអំឡុងពេល ៣ទសវត្សរ៍ចុងក្រោយនេះ សីតុណ្ហភាពនៅតំបន់មហាសមុទ្រទឹកកកអាក់ទិច បានកើនឡើងលឿនជាងតំបន់ផ្សេងទៀតនៃពិភពលោក យ៉ាងហោចណាស់ទ្វេដងរួចស្រេចទៅហើយ៕

ប្រភព៖ Reuters (ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here