(បរទេស)៖ រង្វង់ពន្លឺ ឬអាចហៅបានជាបាតុភូត Galactic Halo នៃកាឡាក់ស៊ីអាន់ដ្រូមេដា (Andromeda) ដែលស្ថិតនៅជិតកាឡាក់ស៊ីមាលគីវេយ៍ (Milky Way) របស់យើងបំផុត (២.៥លានឆ្នាំពន្លឺ ដែល១ឆ្នាំពន្លឺ = ៩.៤៦ពាន់ពាន់លានគីឡូម៉ែត្រ) ត្រូវបានកែវយឺតអវកាស Hubble របស់អង្គការ NASA ផ្តិតបាន នៅក្នុងទំហំយ៉ាងធំធេង និងប្រកបដោយអាថ៌កំបាំង​ដែលពិបាកគណនា ជាងអ្វីក្រុមអ្នកវិទ្យាសាស្ត្រ​ធ្លាប់គិតពីមុនមកនោះទៅទៀត។

Andromeda ដែលមានលេខកូដសម្គាល់ជាផ្លូវការថា M31 គឺជាកាឡាក់ស៊ីរាងគូទខ្យង និងមានទំហំប្រហាក់ប្រហែលហ្នឹងកាឡាក់ស៊ី Milky Way របស់យើងដែរ ដោយក្នុងខ្លួនរបស់វាមួយផ្ទុកផ្កាយប្រមាណជា ១ពាន់ពាន់លានដួង (ពាន់ពាន់លាន = ទ្រីលាន)។ ដោយសារតែវាមានចម្ងាយ​ ២.៥លានឆ្នាំពន្លឺពីយើង ហេតុដូច្នេះវាក៏មានន័យថា បាតុភូតដែល Hubble ទើបប្រើកាណុងរបស់វាហើយផ្តិតយកបាននោះ ក៏ជារឿងកាលអតីតកាលពីរាប់លានឆ្នាំមុនផងដែរ។

ជុំវិញបាតុភូតរង្វង់ពន្លឺ (Galactic Halo ឬកាឡាក់ស៊ីបាំងឆ័ត្រ) ខាងលើនេះ អ្នកដឹកនាំក្រុមស្រាវជ្រាវនៃសាកលវិទ្យា Notre Dame នៃរដ្ឋ Indiana សហរដ្ឋអាមេរិក លោក Nicolas Lehner បានលើកឡើងថា «នេះគឺជាការប្រទះឃើញមួយ ដែលពិតជាពិសេសមិនធ្លាប់មាន ព្រោះមានតែកាឡាក់ស៊ី Andromeda មួយគត់ ដែលយើងអាចយល់ដឹង អំពីបាតុភូត Galactic Halos ហើយវាមិនមែនមានតែមួយ ឬពីររង្វង់នោះឡើយ ពោះគឺមានរហូតដល់ទៅជាង ៤០រង្វង់ឯណោះ។ នេះជារបកគំហើញមួយយ៉ាងពិតប្រាកដ សម្រាប់ការផ្តិតយករូបភាព ដ៏ស្មុគស្មាញរបស់ Galactic Halo របស់កាឡាក់ស៊ីមួយ ដែលស្ថិតនៅចំពោះមុខកាឡាក់ស៊ីរបស់យើង»។

បើតាមក្រុមអ្នកជំនាញ រង្វង់នៃពន្លឺ Galactic Halo ដែលមានជាច្រើនរង្វង់នៅជុំវិញ Andromeda ខាងលើនេះ គឺកើតចេញពីពន្លឺ​នៃប្រហោងខ្មៅ ដែលស្ថិតនៅកណ្តាលកាឡាក់ស៊ីនានា មានទីតាំងស្ថិតនៅក្រោយខ្នងនៃកាឡាក់ស៊ី Andromeda។ វត្ថុបង្កពន្លឺទាំងនោះត្រូវបានគេហៅថា Quasar ដែលតែងផលិតពន្លឺចេញយ៉ាងច្រើន ហើយពេលនេះក្រុមអ្នកវិទ្យាសាស្ត្រ កំពុងអង្កេតមើលបន្ថែមទៀតថា តើឧស្ម័នទាំងឡាយ​ដែលស្ថិតនៅជុំវិញ Andromeda ធ្វើការស្រូបយកពន្លឺទាំងនោះ នៅក្នុងកម្រិតណា ទើបអាចបង្ហាញឲ្យយើងឃើញ Galactic Halo យ៉ាងច្រើនរង្វង់បែបនេះ។

ហេតុដូច្នេះកាណុងអ៊ុលត្រាវ៉ាយអូឡេដរបស់ Hubble ត្រូវបានប្រើប្រាស់ ដើម្បីអង្កេតរង្វង់ពន្លឺ Galactic Halo ដែលមានសរុបចំនួន ៤៣រង្វង់ នៅជុំវិញកាឡាក់ស៊ី Andromeda ហើយនិងធ្វើការវិភាគអំពីពន្លឺទាំងនោះ ក្នុងគោលបំណងដើម្បីគូសផែនទីកាបូន ស៊ីលីខុន និងអុកស៊ីសែន ដែលផ្ទុកក្នុងរង្វង់ពន្លឺនៃឧស្ម័ននោះ។ អាថ៌កំបាំងបន្ថែមទៀត អាចនឹងត្រូវបកស្រាយក្នុងពេលឆាប់ៗ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Space, Hubble of NASA & ESA (ថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០)

 

LEAVE A REPLY

Please enter your comment!
Please enter your name here