(អាមេរិក)៖ អង្គការអវកាស NASA របស់អាមេរិកកាលពីពេលថ្មីៗនេះ បានប្រកាសឲ្យដឹងថា ពីការចាប់ផ្តើមផ្គុំដំឡើងយានអវកាសឈ្មោះថា Lucy ដែលនឹងត្រូវចេញដំណើរនៅឆ្នាំក្រោយឆ្ពោះទៅកាន់​ក្រុមអាចម៍ផ្កាយអាថ៌កំបាំងម៉្យាងហៅថា ត្រូចេន (Trojan) ដែលនៅក្បែរភពព្រហស្បតិ៍ (Jupiter)។

កាលពីថ្ងៃសុក្រសប្តាហ៍មុន អង្គការ NASA បានប្រកាសថា បេសកកម្ម Lucy បានឆ្លងផុតពីដំណាក់កាលអភិវឌ្ឍន៍ មកដល់ដំណាក់កាលផ្គុំយានអវកាសហើយ។ បើតាម NASA ឧបករណ៍វិទ្យាសាស្រ្តនានា ត្រូវបានបញ្ចូលទៅក្នុងយានអវកាស និងធ្វើតេស្តរួចអស់ហើយ។ តួយាន Lucy នឹងត្រូវដឹកជញ្ជូនទៅកាន់​មជ្ឈមណ្ឌលអវកាសខេនណឺឌី (Kennedy) នៅរដ្ឋផ្លូរីដា ដើម្បីផ្គុំជាមួយក្បាលគ្រាប់រ៉ុក្កែតជាបន្តទៀត។

គួរជម្រាបថា នៅសល់ពេលជាង ១ឆ្នាំទៀតទើបបេសកកម្ម Lucy ចាកចេញពីផែនដី ដែលត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ហើយទម្រាំតែវាហោះទៅដល់អាចម៍ផ្កាយ Trojan ដែលជាគោលដៅទីមួយរបស់វា គឺនៅក្នុងខែមេសា ឆ្នាំ២០២៥ និងគោលដៅទីពីរនៅខែមីនា ឆ្នាំ២០៣៣ ឯណោះ។

ក្រុមថ្មអវកាស Trojan ឬ Trojan Asteroids នេះត្រូវអ្នកវិទ្យាសាស្រ្តជឿថា មានផ្ទុកវត្តមានទឹកក្នុងទម្រង់ជាទឹកកក ដែលជាគន្លឹះដ៏សំខាន់មួយ នៅក្នុងការសិក្សាអំពីវត្តមានទឹក​ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលវត្ថុធាតុដើមដ៏សំខាន់បំផុតនៃជីវិតទាំងឡាយ៕

ប្រភព៖ Sputnik (ថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here