(ប៉ារីស)៖ នៅថ្ងៃពុធសប្តាហ៍នេះ ក្រុមអ្នកវិទ្យាសាស្រ្តបានប្រកាសឲ្យដឹងពីរបកគំហើញ នៃប្រហោងខ្មៅមួយប្រភេទហៅថា Intermediate Mass Black Hole (ប្រហោងខ្មៅមានទំហំមធ្យម) ដែលពោរពេញដោយអាថ៌កំបាំង។

យោងតាមការសិក្សាស្រាវជ្រាវរបស់ សមាគមអ្នកវិទ្យាសាស្រ្តពីរក្រុម ដែលមានសមាជិកសរុបប្រមាណ ១,៥០០នាក់ ប្រហោងខ្មៅខាងលើ ដែលមានឈ្មោះសម្គាល់ GW190521 កកើតឡើងចេញពីការទង្គិច និងរួមបញ្ចូលគ្នារវាងប្រហោងខ្មៅធម្មតាចំនួនពីរ។ ដោយសារវាមានម៉ាស ធំជាងម៉ាសនៃព្រះអាទិត្យយើងដល់ទៅ ១៤២ដង ដូច្នេះវាមិនមែនជាពពួកប្រហោងខ្មៅធម្មតាៗ ហើយក៏មិនមែនជាពួកប្រហោងខ្មៅយក្សដែរ (អាចថាស្ថិតនៅកម្រិតមធ្យម នៃភាពធំធេង)។

ប្រហោងខ្មៅធម្មតាដែលគេហៅថា Stellar Black Hole ចាប់កំណើតនៅពេលដែលផ្កាយធំៗឆេះអស់ថាមពល ហើយឈានដល់ទីអវសាន។ ប្រហោងខ្មៅប្រភេទ Stellar នេះជាធម្មតាមានម៉ាសធំជាងព្រះអាទិត្យចន្លោះ ៣-១០ដងប៉ុណ្ណោះ។ ចំណែកប្រហោងខ្មៅយក្ស Supermassive Black Hole ដែលមានវត្តមាននៅកណ្តាលកាឡាក់ស៉ីជាច្រើន នៅក្នុងចក្រវាឡ រួមមានកាឡាក់ស៉ី Milky Way របស់យើងផងដែរនោះ គឺមានម៉ាសស្មើនឹងម៉ាសព្រះអាទិត្យ ចន្លោះពីរាប់លានរហូតដល់ រាប់ពាន់លានដងឯណោះ។

គួរជម្រាបថា ដោយសារប្រហោងខ្មៅ GW190521 មានម៉ាសធំជាងព្រះអាទិត្យ ១៤២ដង ទើបវាត្រូវស្ថិតក្នុងប្រភេទមធ្យម Intermediate Mass Black Hole។ វត្តមាន GW190521 ត្រូវបានអ្នកវិទ្យាសាស្រ្តរកឃើញ តាមរយៈការអង្កេតឃើញរលកទំនាញ Gravitational Wave ដែលបង្កើតឡើងតាំងតែពីជាង ៧ពាន់លានឆ្នាំមុន នៅពេលប្រហោងខ្មៅនេះចាប់កំណើត ដោយសារការទង្គិចបញ្ចូលគ្នារវាងប្រហោងខ្មៅពីរ ដែល១មានម៉ាសស្មើនឹង ៨៥ដងសូឡាម៉ាស និងមួយទៀតគឺ ៦៥ដងសូឡាម៉ាស (សូឡាម៉ាស = ម៉ាសព្រះអាទិត្យ)។ សូម្បីតែម៉ាសរបស់ប្រហោងខ្មៅពីរនេះ ក៏ចម្លែកស្រាប់ទៅហើយដែរ ព្រោះទំហំប៉ុននេះគឺមិនដែលធ្លាប់មាននោះឡើយ។

គួរជម្រាបថា រលក Gravitational Wave នៃការចាប់កំណើត GW190521 ត្រូវបានប្រទះឃើញកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ដោយតេឡេស្កូបចំនួនបីនៅលើផែនដីគឺ LIGO ដែលជាតេឡេស្កូបមួយគូនៅសហរដ្ឋអាមេរិក និង Virgo ដែលនៅអ៉ីតាលី។ ក្រុមអ្នកវិទ្យាសាស្រ្តរបស់ LIGO និង Virgo ទើបតែបានចេញផ្សាយលទ្ធផល នៃការសិក្សាស្រាវជ្រាវរបស់ពួកគេ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ AFP, CNA (ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here