(ភ្នំពេញ)៖ ការស្រាវជ្រាវទីអវកាសពិតជាធំធេង និងគ្មានថ្ងៃបញ្ចប់នោះឡើយ ហើយរបកគំហើញថ្មីៗ ក៏តែងតែធ្វើឲ្យមនុស្សម្នាលើផែនដីភ្ញាក់ផ្អើល និងយល់ដឹងកាន់តែច្បាស់ថា ខ្លួនមនុស្សម្នាក់ៗមិនស្មើនឹងកម្ទេចធូលី នៅក្នុងចក្រវាឡដ៏ធំធេងនេះផង។ ខាងក្រោមនេះ គឺជាកម្រងរូបភាពថ្មីៗ ៣សន្លឹកប្រចាំសប្តាហ៍ ដែលនឹងធ្វើឲ្យលោកអ្នកព្រឺព្រួច និងយល់ដឹងបន្ថែមទៀត អំពីអ្វីៗដែលមាននៅក្រៅពីភពផែនដីយើង៖

១៖ នេះជារូបថតបង្ហាញអំពីរលកធូលីជាខ្សែៗ ចេញពីបន្ទុះសូពើណូវ៉ា Cygnus ដែលត្រូវបានផ្តិតយកដោយកែវយឺអវកាស Hubble។ ការផ្ទុះនេះស្ថិតនៅចម្ងាយ ២,៤០០ឆ្នាំពន្លឺពីភពផែនដី។ បន្ទុះនេះបានកម្ទេចផ្កាយធំមួយ ដែលមានទំហំស្មើនឹង ២០ដងនៃម៉ាស់ព្រះអាទិត្យយើង ហើយវាបានកើតមានឡើងកាលពីចន្លោះ ១០,០០០-២០,០០០ឆ្នាំមុន។ (រូបភាព៖ ESA/Hubble & NASA, W. Blair; CC BY 4.0; Acknowledgement: Leo Shatz)

២៖ នេះជារូបថតបែបកែប្រែពណ៌ ឬ color-coded ដែលត្រូវបានថត​នៅតំបន់អឌ្ឍគោលខាងត្បូងរបស់ភពអង្គារ ហើយវាបង្ហាញតំបន់ប្រជុំភ្នំមួយមានឈ្មោះថា Nereidum។ រូបថតនេះបង្ហាញចេញនូវតំបន់ ដែលស្ថិតនៅក្នុងតំបន់ប្រជុំភ្នំ Nereidum ជាប់នឹងអតីតអាងទឹក (basin) ដ៏ធំឈ្មោះ Argyre (តំបន់ពណ៌ខៀវ) ដែលកើតចេញ​ពីការប៉ះទង្គិចដ៏ធំបំផុតមួយផងដែរ នៅលើផ្ទៃភពព្រះអង្គារ។ (រូបភាព៖ ESA/DLR/FU Berlin, CC BY-SA 3.0 IGO)

៣៖ សម្រាប់រូបថតមួយសន្លឹកចុងក្រោយនេះ បើសិនជាមិនប្រាប់នោះ គឺពិតជាធ្វើឲ្យលោកអ្នកពិបាកទាយដឹងថា វាជាអ្វីខ្លាំងណាស់។ នេះគឺជាចំណុចខ្មៅលើព្រះអាទិត្យ ឬ sunspot ដែលតែងតែកើតមានជានិច្ច នៅលើព្រះអាទិត្យ ហើយក៏ជាកន្លែងដែលសីតុណ្ហភាពចុះទាប ជាងកន្លែងផ្សេងៗទៀតផងដែរ។ រូបនេះត្រូវបានថតដោយប្រើតេឡេស្កូប Teide Observatory នៅលើកោះ Canary៕ (រូបភាព៖ KIS)

ប្រភព៖ Space (ថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០)

 

LEAVE A REPLY

Please enter your comment!
Please enter your name here