(បរទេស)៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញមាន «បាតុភូតច្រែះចាប់នៅលើព្រះច័ន្ទ» ដែលមិនគួរអាចកើតមានឡើងនៅទីនោះឡើយ ហើយវាទំនងជាមានជាប់ពាក់ព័ន្ធ ជាមួយនឹងភពផែនដីរបស់យើង។ នេះបើតាមការចេញផ្សាយ​ដោយវែបសាយព័ត៌មាន Space នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០។

ច្រេះចាប់ដែលគេហៅថា «ដែកអុកស៉ីត» គឺជាសមាសធាតុពណ៌ក្រហម ដែលកកើតឡើងនៅពេលដែក ធ្វើប្រតិកម្មជាមួយអុកស៉ីសែន និងទឹក។ ជាទូទៅយើងសង្កេតឃើញបាតុភូតនេះ នៅលើដែកគោលក៏ដូចជាបង្កាន់ដៃដែក ឬខ្លោងទ្វារដែកជាដើម ហើយភពអង្គារដែលមានរហស្សនាម «ភពក្រហម» នោះក៏ដោយសារតែវាដែរ។ ពណ៌ក្រហមនៅលើផ្ទៃភពអង្គារ (Mars) បានកើតមានជាយូរណាស់មកហើយ នៅពេលដែកនៅលើផ្ទៃរបស់វា បានធ្វើប្រតិកម្មគ្នាជាមួយអុកស៉ីសែន និងទឹក។

យ៉ាងណាក៏ដោយ ដែកអុកស៉ីតមិនសុទ្ធតែអាចមានវត្តមាន នៅកន្លែងណាក៏បាននោះទេ ជាពិសេសនៅលើផ្ទៃព្រះច័ន្ទរបស់យើង ដែលមិនមានបរិយាកាសទាល់តែសោះនោះ។ ក្រុមអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក បានពន្យល់ថា ព្រះច័ន្ទយើងគឺជាកន្លែងដែលបរិស្ថាន គ្មានភាពអំណោយអ្វីបន្តិចឡើយ សម្រាប់ឲ្យបាតុភូតច្រែះចាប់ ដែលអាចកើតឡើងទៅរួចនោះ។

ក្រុមអ្នកស្រាវជ្រាវខាងលើបានវិភាគលើទិន្នន័យ បានមកពីឧបករណ៍មួយរបស់ ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលមានតួនាទីផលិតផែនទី នៃវត្តមានរ៉ែនៅលើឋានព្រះច័ន្ទ។ ឧបករណ៍នោះស្ថិតនៅផ្កាយរណប Chandrayaan-1 របស់ទីភ្នាក់ងារអវកាសឥណ្ឌា ISRO ដែលបានគោចរដើម្បីអង្កេតលើព្រះច័ន្ទ កាលពីឆ្នាំ២០០៨។

ពួកគេបានរកឃើញថា នៅតំបន់ប៉ូលទាំងពីររបស់ព្រះច័ន្ទ មានសមាសធាតុខុសស្រឡះពីកន្លែងផ្សេងៗទៀត។ នៅប៉ូលខាងជើង និងប៉ូលខាងត្បូងរបស់ព្រះច័ន្ទ សម្បូរទៅដោយរ៉ែម៉្យាងហៅថា Hematite (លើផែនដីយើងក៏សម្បូររ៉ែនេះដែរ) ដែលជាដែកអុកស៉ីតមួយប្រភេទ។ បើតាមស្ថានភាពជាក់ស្តែងនៃបរិស្ថានរបស់ព្រះច័ន្ទ គឺវាមិនគួរមានវត្តមានបាននោះទេ។

គួរជម្រាបថា ដើម្បីឲ្យដែកអាចទៅជាច្រេះចាប់ ហើយឡើងពណ៌ក្រហមបាន វាត្រូវការម៉ូលេគុលដូចជា អុកស៉ីសែន ដែលទាញយកអេឡិចត្រុង ចេញពីវត្ថុធាតុដូចជាដែកនេះ។ ប៉ុន្តែរលកចំហាយ Solar Wind ដែលជះលើផ្ទៃព្រះច័ន្ទ គឺសម្បូរទៅដោយអ៉ីដ្រូសែន ដែលមានតួនាទីផ្ទុយពីនេះទៅវិញ ពោលវាមិនដកអេឡិចត្រុងចេញទេ គឺវាបន្ថែមអេឡិចត្រុងទៅវិញ។ ដូច្នេះហើយ បើគ្មានស្រទាប់ការពារដូចជា ស្រទាប់ម៉ាញេទិចរបស់ផែនដីយើងទេនោះ បាតុភូតច្រេះចាប់មិនគួរអាចកកើតបានឡើយ នៅលើផ្ទៃព្រះច័ន្ទ។

ប៉ុន្តែក្នុងការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យរដ្ឋហាវ៉ៃ បានលើកឡើងថា ខណៈព្រះច័ន្ទមិនមានស្រទាប់បរិយាកាសផ្ទាល់ខ្លួនរបស់វា ដើម្បីផ្តល់អុកស៉ីសែនក្នុងបរិមាណគ្រប់គ្រាន់ក៏ដោយ វាមានអុកស៉ីសែនក្នុងបរិមាណតិចតួចមួយ ដែលបានមកពីស្រទាប់បរិយាកាសផែនដី។ អុកស៉ីសែនទាំងនោះ ធ្វើដំណើរឆ្លងដល់ទៅព្រះច័ន្ទ តាមរយៈខ្សែចរន្តមួយដែលគេហៅថា «កន្ទុយម៉ាញេទិច» ដែលលាតសន្ធឹងឆ្ងាយចេញពីភពរបស់យើង។

មួយវិញទៀត ជារៀងរាល់ពេលព្រះច័ន្ទពេញវង់ម្តងៗ ខ្សែកន្ទុយម៉ាញេទិចនេះ ជួយរារាំង ចំហាយ Solar Wind សឹងតែទាំងស្រុងមិនឲ្យជះលើព្រះច័ន្ទ ដែលអាចជាពេលសម្រាប់ឲ្យបាតុភូតច្រែះចាប់ អាចមានឱកាសកកើតឡើងបាន។ ប៉ុន្តែវានៅត្រូវការវត្ថុមួយទៀតគឺទឹក។ កន្លងមកនេះ គេរកឃើញមានទឹកក្នុងទម្រង់ជាទឹកកក ប៉ុន្តែវាស្ថិតនៅផ្ទៃមួយចំហៀងទៀតរបស់ព្រះច័ន្ទ (Far Side ឬ Dark Side) ឯណោះ ដែលឆ្ងាយពីកន្លែងមានរ៉ែ Hematite។ មិនតែប៉ុណ្ណោះ Hematite ក៏ត្រូវបានប្រទះឃើញក្នុងបរិមាណតិចតួច នៅតំបន់នោះផងដែរ ជាទីដែលអុកស៉ីសែនមិនអាចទៅដល់។

គួរជម្រាបថា ជាចុងក្រោយក្រុមអ្នកដឹកនាំការស្រាវជ្រាវខាងលើបានបញ្ជាក់ថា អ្វីៗទាំងអស់នេះ គឺជាគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះ ដោយពួកគេនៅត្រូវការទិន្នន័យបន្ថែម និងជាក់លាក់ទៅមុខទៀត ដើម្បីអាចស្វែងយល់ឲ្យបានពិតប្រាកដជាងនេះថា តើហេតុអ្វីបានជាបាតុភូតច្រែះចាប់ អាចកើតឡើងនៅលើព្រះច័ន្ទ៕

ប្រភព៖ Space

LEAVE A REPLY

Please enter your comment!
Please enter your name here