(ស៉ីដនី)៖ ក្នុងកិច្ចប្រឹងប្រែងថ្មីបំផុត ដើម្បីស្វែងរកភស្តុតាងបង្ហាញថា មនុស្សលោកយើង គឺមិនមែនមានវត្តមានតែឯងឡើយ នៅក្នុងចក្រវាឡដ៏ធំធេងមួយនេះ តារាវិទូអូស្រ្តាលីមួយក្រុមបានប្រើប្រព័ន្ធតេឡេស្កូបពិសេសមួយ អង្កេតមើលប្រព័ន្ធផ្កាយដល់ទៅ ១០លានដួង ដើម្បីរកមើលរលកសញ្ញា ដែលអាចបញ្ចេញមកតំបន់ផ្កាយទាំងនោះ ទៅក្នុងទីអវកាស ដោយជីវិតអេលៀន (Alien) ឆ្លាតវៃ តែទោះជាយ៉ាងណាកិច្ចប្រឹងប្រែងនេះ ពុំបានរកឃើញដាន ឬសញ្ញាអ្វីទាំងអស់។

ក្រុមអ្នកវិទ្យាសាស្រ្តអូស្រ្តាលីបានប្រើប្រាស់ប្រព័ន្ធតេឡេស្កូប Murchison Widefield Array (MWA) ស្ថិតក្នុងដែនដីអូស្រ្តាលីខាងលិច ដែលវាមានសមត្ថភាពអង្កេតមើលផ្កាយបានរាប់លានដួង ក្នុងពេលតែមួយព្រមគ្នា ហើយពួកគេបានដាក់គោលដៅទៅលើតំបន់កញ្ចុំផ្កាយឈ្មោះ Vela ដែលមានផ្កាយយ៉ាងហោចណាស់ក៏ ១០លានដួងដែរ។

គួរជម្រាបថា អ្វីដែលតារាវិទូអូស្រ្តាលីបានសង្ឃឹមថា នឹងស្វែងរកឃើញគឺ «រលកសញ្ញាបច្ចេកវិទ្យា» ឬចំហាយរលកវិទ្យុនៅកម្រិតប្រេកង់ ស្រដៀងគ្នាជាមួយនឹងកម្រិត​នៃការបញ្ចេញរលកវិទ្យុដោយឧបករណ៍អេឡិចត្រូនិច នៅលើភពផែនដីយើង ដូចជាស្មាតហ្វូន ទូរទស្សន៍ និងវិទ្យុ FM ជាដើម។

ពួកគេបានអង្កេតមើលកញ្ចុំផ្កាយ Vela អស់រយៈពេល ១៧ម៉ោង ដែលការអង្កេតនេះមានភាពវិសាលភាពធំ និងស៉ីជម្រៅជាងកិច្ចប្រឹងប្រែងកន្លងៗមក ដល់ទៅជាង ១០០ដង។ យ៉ាងណាមិញ ពុំមានរលកសញ្ញាបច្ចេកវិទ្យាណាមួយ ត្រូវបានប្រទះឃើញនោះទេ។ យ៉ាងណាក៏ដោយ ក្រុមតារាវិទូអូស្រ្តាលីនៅតែប្តេជ្ញា បន្តតាមភស្តុតាងនៃជីវិតអេលៀនឆ្លាតវៃ នៅពេលដែលពួកគេមានឧបករណ៍កាន់តែខ្លាំង និងមធ្យោបាយកាន់តែប្រសើរថែមទៀត សម្រាប់បម្រើឲ្យគោលដៅនេះ៕

ប្រភព៖ Xinhua (ថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here