(អាមេរិក)៖ តើហេតុអ្វីទើបយើងអាចនិយាយថា គ្រប់ប្រទេសសុទ្ធតែចង់មានកងទ័ពអវកាស មិនមែនតែសហរដ្ឋអាមេរិក​តែមួយនោះ? អូខេ! ឥឡូវនេះយើងងាកមកតាមដាន អំពីអត្ថន័យ និងមហិច្ឆតាពិត ដែលបាននិងកំពុងបង្កប់ នៅក្នុងក្តីស្រមៃនៃកងទ័ពអវកាស ជាពិសេសទៅលើកងទ័ពអវកាសអាមេរិក (Space Force) នោះតែម្តង។

U.S Space Force ត្រូវបានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ នៅពេលសហរដ្ឋអាមេរិក និងពិភពលោក (លើកលែងចិន) មិនទាន់ឃើញស្រមោលនៃវីរុសកូរ៉ូណានៅឡើយ។ សហរដ្ឋអាមេរិកបង្កើតកងទ័ពអវកាសនេះឡើង ដោយឈរលើគោលដៅធំៗមួយចំនួនដូចជា ការពារសន្តិសុខជាតិពីផ្កាយរណបសត្រូវ ឬអាវុធមហាប្រល័យណាមួយ ពីសត្រូវដែលមានបច្ចេកវិទ្យាខ្ពស់ ដែលអាចធ្វើការវាយប្រហារពីទីអវកាស និងការពារការធ្វើទំនាក់ទំនងនានា ដែលកាន់តែចាំបាច់ខ្លាំងឡើងៗ។

ខណៈដែលសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា កំពុងសម្លឹងមើលរុស្ស៊ី និងចិន​ជាសត្រូវធំបំផុតរបស់ខ្លួននោះ បណ្តាប្រទេសអ្នកមានៗផ្សេងទៀត ក៏ហាក់ចាប់ផ្តើម​ងាករេចង្កូត ទៅរកការបង្កើតកងទ័ពអវកាសដូចអាមេរិកដែរ។ ជាក់ស្តែងប្រមុខដឹកនាំបារាំង កាណាដា និងជប៉ុន​កំពុងគិតចង់ទ្រទ្រង់ «មូលនិធិការពារសន្តិសុខពិភពលោក ឬ Secure World Foundation» ដែលជាការចែករំលែកក្នុងការកសាង «កងទ័ពអវកាសរួម» ដើម្បីទាំងអស់គ្នាផងដែរ។

ឈានចូលមកដល់សំនួរថា តើហេតុអ្វីប្រទេសធំៗខាងលើនេះ បូករួមទាំងចិន និងរុស្ស៊ីចង់បង្កើតកងទ័ពអវកាស ឬបង្ខំចិត្តត្រូវតែបង្កើតកងទ័ពអវកាស? អគ្គមេបញ្ជាការមួយរូបនៃកងទ័ពអវកាសអាមេរិក លោកឧត្តមសេនីយ៍ John Shaw បានធ្វើការបកស្រាយដ៏ងាយយល់បំផុតថា «យើងគួរតែសួរជាសំនួរត្រឡប់វិញ, តើហេតុអ្វីប្រទេសជាប់សមុទ្រ ឬស្ថិតនៅក្នុងដែនសមុទ្រ ត្រូវការកងទ័ពជើងទឹក? ព្រោះពួកគេចង់រក្សាសន្តិសុខ និងគ្រប់គ្រងលើគ្រប់សកម្មភាព ហើយនិងវាយបកចំពោះសត្រូវ​ដែលចូលមកបំពាន​ដែនអធិបតេយ្យរបស់ពួកគេ… គ្មាននរណាចង់ឲ្យកើតមាន សង្គ្រាមនៅទីអវកាសនោះឡើយ»។

អ្វីដែលស្ថិតនៅចំពោះមុខទៀតនោះ សហរដ្ឋអាមេរិកមានកូនច្រើនណាស់ ដែលខ្លួនត្រូវការពារដូចជាអង្គការ NASA, ក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Amazon ជាដើម​ដែលសុទ្ធតែបាននិងកំពុង​បាញ់បង្ហោះផ្កាយរណប កាន់តែទៅកាន់ទីអវកាស (គន្លងគោចរជុំវិញផែនដី) ហើយផ្កាយរណបទាំងនោះ សុទ្ធតែបម្រើឲ្យវិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលជាក្បាលម៉ាស៊ីន​ដឹកនាំពិភពលោកទាំងមូល និងត្រូវការចាំបាច់បំផុត នូវទីអវកាសប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ថា មនុស្សមួយចំនួនធ្លាប់មានការភ័ន្តច្រឡំកាលពីដំបូងៗ ថាសហរដ្ឋអាមេរិកបង្កើតកងទ័ពអវកាសឡើង ដើម្បីទប់ទល់ការវាយលុក​ពីក្រុមជីវិតអេលៀនមកពីភពផ្សេង ប៉ុន្តែវាមិនមែនដូច្នោះឡើយ ឬអាចថា មានភាគរយតិចណាស់ ដែលកងទ័ពអវកាស នឹងត្រូវប្រើប្រាស់ដើម្បីបេសកកម្មបែបនោះ។ ប៉ុន្តែអ្នកជំនាញសន្តិសុខនៅក្នុងវេទិកា Secure World Foundation សុទ្ធតែយល់ឃើញស្រដៀងៗគ្នាថា ប្រសិនបើគ្រប់គ្នា​សុទ្ធតែមានយុទ្ធសាស្ត្រ​ប្រកបដោយស្ថិរភាព នៅក្នុងការអភិវឌ្ឍកងទ័ពអវកាសរៀងៗខ្លួននោះ ឱកាសនៃការផ្ទុះសង្គ្រាមក្នុងទីអវកាស ក៏កាន់តែតិចតួចដែរ ព្រោះពួកគេសុទ្ធតែយល់ច្បាស់ថា សង្គ្រាមគឺជាអ្វី៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Space (ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here