(អាមេរិក)៖ ការស្រាវជ្រាវរកជីវិតក្រៅពីភពផែនដី ទំនងជាចាប់ផ្តើមឡើងពីការស្វែងរកតំរុយដ៏តូចមួយ នោះគឺសារធាតុគីមីដែលក្រុមអ្នកវិទ្យាសាស្ត្រ ត្រូវព្យាយាមក្នុងការពន្យល់ និងចៀសវាងការហៅវាថា ជាមីក្រូសារីរាង្គចម្លែក ឬអាថ៌កំបាំង។ ជំហានដំបូងៗបែបនេះ ក៏ធ្លាប់កើតមានរួចមកហើយដែរ នៅលើភពអង្គារ និងព្រះច័ន្ទមួយចំនួន នៅក្នុងប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែឥឡូវនេះវាបានកើតមាននៅលើភពសុក្រហើយ។

ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានចេញសេចក្តីប្រកាសដ៏ធំមួយ នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះតែម្តងថា សារធាតុគីមី phosphine ( Phosphine ឬ PH3 ជាសារធាតុគីមីតុកស៊ីក ដែលរលាយនៅសីតុណ្ហភាព -87.7 °C និងកកនៅសីតុណ្ហភាព -132.8 °C ) ដែលពួកគេចាត់ទុកថា ជាសារធាតុមានការផ្សារភ្ជាប់ជាមួយជីវិតនោះ ត្រូវបានរកឃើញនៅក្នុងបណ្តុំពពកនៃភពសុក្រ ដែលជាភពថ្មស្ថិតនៅលំដាប់ទី ២ នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ។ ការរកឃើញនេះ មិនមែនជាការបញ្ជាក់ថា មានជីវិតក្នុងទម្រង់ណាមួយ កំពុងលាក់ខ្លួននៅភពសុក្រនោះឡើយ ប៉ុន្តែវាជាការរកឃើញដ៏តានតឹងមួយ ដែលតម្រូវឲ្យក្រុមអ្នកវិទ្យាសាស្ត្រ​គិតគូរឡើងវិញអំពីការបង្កើន​បេសកកម្មស្រាវជ្រាវ ទៅកាន់ភពសុក្រឡើងវិញ។

តារាវិទូ Jane Greaves មកពីសាកលវិទ្យាល័យខាឌីហ្វ ( University of Cardiff) នៃចក្រភពអង់គ្លេស ដែលបានដឹកនាំ និងរកឃើញលទ្ធផលខាងលើនេះបានលើកឡើងថា យើងអាចប្រើប្រាស់តេឡេស្កូប និងពិនិត្យមើលបានយ៉ាងលម្អិត អំពីផ្ទៃពពកនៃភពសុក្រ។ លោកស្រី Greaves បានប្រើប្រាស់តេឡេស្កូប James Clerk Maxwell នៅលើកោះហាវ៉ៃ នៃសហរដ្ឋអាមេរិក ដើម្បីតាមដានអំពីបុគ្គលិកលក្ខណៈ​នៃបណ្តុំពពកភពសុក្រ ហើយវាមិនមែនជារឿងលំបាកនោះឡើយ ដោយគ្រាន់តែត្រូវចំណាយពេលច្រើនម៉ោង រង់ចាំអង្កេតប៉ុណ្ណោះ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៧។

ការស្រាវជ្រាវអស់មួយរយៈ ប្រកបដោយការអត់ធ្មត់ និងស៊ូទ្រាំ ពិតជាបានផ្តល់តំរុយខ្លះៗអំពីសារធាតុគីមី Phosphine នៅក្នុងផ្ទៃពពកភពសុក្រ។ ដើម្បីឲ្យកាន់តែច្បាស់លាស់ ឈានចូលមកដល់់ខែមីនា ឆ្នាំ២០១៩ ក្រុមការងាររបស់លោកស្រី Greaves បានងាកទៅប្រើប្រាស់តេឡេស្តូប ALMA (Atacama Large Millimetre/submillimetre Array) ដើម្បីឲ្យប្រាកដថា វាមិនមែនជាការភ័ន្តច្រឡំឡើយ។ ALMA បានប្រមូលទិន្ន័យពីផ្ទាំងពពកភពសុក្រអស់ជាច្រើនម៉ោង ហើយនៅទីបំផុតវាបានរកឃើញថា ពិតជាមានសារធាតុគីមី Phsophine ពិតមែន និងថែមទាំងច្រើនលើសពីការស្មានទៅទៀត នៅក្នុងពពកភពសុក្រ។

លោកស្រី Greaves បានលើកឡើងថា «ខ្ញុំបានត្រៀមខ្លួនទទួលយក ភាពអស់សង្ឃឹមទៅហើយ ប៉ុន្តែវាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់»។ តារាវិទូរូបនេះបានសង្កត់ធ្ងន់ថា វាពិតជាអស្ចារ្យណាស់ ចំពោះវិធីដែលតេឡេស្កូបខាងលើនេះដំណើរការ ហើយសារធាតុគីមីទាំងនោះ មានវត្តមានក្នុងផ្ទៃពពក ដែលមានរយៈកម្ពស់ប្រមាណ ៥០គីឡូម៉ែត្រពីផ្ទៃដ៏ក្តៅគគុកនៃភពសុក្រ។ វាសមស្របទៅនឹងទ្រឹស្តីពីមុន ដែលក្រុមអ្នកសិក្សាបានលើកឡើងថា ពពួកមីក្រុប ឬអតិសុខុមប្រាណ អាចរស់នៅបាននៅក្នុងបរិស្ថានបែបនោះ។

ទោះបីជាមិនបានចូលរួម នៅក្នុងការសិក្សាខាងលើនេះក្តី ក៏តារាវិទូ Victoria Meadows មកពីសាកលវិទ្យាល័យវ៉ាស៊ីនតោន (University of Washington) អាចពន្យល់ប្រាប់សារព័ត៌មាន Space.com យ៉ាងដូច្នេះថា «ការបកស្រាយដែលថា វាអាចមានលទ្ធភាពសម្រាប់វត្តមាននៃជីវិតណាមួយនោះ ខ្ញុំគិតថា នេះហាក់ដូចជាមិនមែនជារឿងដំបូង ដែលខ្ញុំធ្លាប់ជួបប្រទះនោះឡើយ»។

លោកស្រី Victoria Meadows បានបន្តទៀតថា «…ប៉ុន្តែវាគឺជាការរកឃើញគួរឱ្យចាប់អារម្មណ៍ ព្រោះនេះជាការសង្កត់ធ្ងន់ ទៅលើរបៀបដែលយើងបានមើលរំលង អ្នកជិតខាងរបស់យើងជាយូរមកហើយ។ យើងនៅមានការពន្យល់ ដែលត្រូវធ្វើ… ចំណុចពិសេសនៃរបកគំហើញនេះ គឺគ្រាន់តែជាការជម្រុញយើង កាន់តែខ្លាំងជាងមុន ឲ្យបង្កើនការសិក្សាតទៅមុខទៀតអំពីភពសុក្រ (Venus)»។

គួរបញ្ជាក់ថា លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ គឺយោងទៅលើទ្រឹស្តីនៃការសិក្សា ដោយក្រុមអ្នកវិទ្យសាស្ត្រកាលពីមុន។ កន្លងមកក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ជាពិសេសជប៉ុន និងសហរដ្ឋអាមេរិក​បានសន្និដ្ឋានដូចៗគ្នាថា ផ្ទៃរបស់ភពសុក្រដ៏ក្តៅគគុក ពិតជាមិនអាចឲ្យជីវិតក្នុងទម្រង់ណាមួយ កកើតឡើងបាននោះឡើយ ប៉ុន្តែសម្រាប់ផ្ទៃពពកដ៏ក្រាស់ឃ្មឹកនៃភពសុក្រវិញនោះ គឺមានសីតុណ្ហភាពសមរម្យ ដែលអាចឲ្យជីវិតតូចៗ (អតិសុខុមប្រាណ) កកើតឡើងបាន មិនខុសពីបរិយាកាសរបស់ផែនដីនោះឡើយ។

ពន្យល់បន្ថែម៖ ផូសហ្វីន (phosphine ឬ PH3) គឺជាសារធាតុគីមីដែលផ្សំឡើងពីអាតូម ផូស្វ័រ ១ (phosphorus) និងអ៉ីដ្រូសែន ៣ (hydrogen)។ វាជាសារធាតុគីមីគ្មានពណ៌ និងងាយឆាបឆេះ ព្រមទាំងពុលផងដែរ ដោយវាមានក្លិនដូចជាខ្ទឹមស ឬសាច់ត្រីស្អុយរលួយ។ នៅលើផែនដី phosphine មានសារៈសំខាន់​នៅក្នុងសកម្មភាពឧស្សាហកម្ម និងការពិសោធន៍មីក្រុប ហើយជីវិតភាគច្រើនដែលរស់នៅលើផែនដី មិនត្រូវគ្នានឹងសារធាតុគីមីប្រភេទនេះឡើយ ព្រោះវាមានប្រតិកម្មជាមួយអុកស៊ីសែន។

ប៉ុន្តែសម្រាប់អតិសុខុមប្រាណ រស់នៅកន្លែងលាក់បាំងដែលគ្មានអុកស៊ីសែនដូចជាក្នុងលូ, ភក់ល្បាប់, និងនៅក្នុងខ្លួនសត្វ ឬសូម្បីតែមនុស្សគឺពិតជាត្រូវការ phosphine។ ការពន្យល់នេះគឺមានន័យគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ការសន្និដ្ឋានថា មីក្រូសារីរាង្គអាចមានវត្តមានក្នុងពពកភពស្រុក៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Space (ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here