(អឺរ៉ុប)៖ អ្នកវិទ្យាសាស្ត្រកាលពីដើមសប្តាហ៍នេះបានប្រកាសថា
ផ្ទាំងទឹកទឹកកកយក្សមួយ ដែលមានទំហំធំជាងទីក្រុងប៉ារីស​ នៃប្រទេសបារាំងទៅទៀតនោះ (ទីក្រុងប៉ារីសមានទំហំ ១០៥.៤គីឡូម៉ែត្រក្រឡា) បានដាច់ចេញពីបណ្តុំផ្ទាំងទឹកកកអាក់ទិកហើយ ដោយសារតែសីតុណ្ហភាពក្តៅ នៅតំបន់កោះហ្គ្រីនលែន (Greenland)។

ផ្ទាំងទឹកកកនេះមានទំហំប្រហែលជា ១១៣គីឡូម៉ែត្រក្រឡា បានបំបែកចេញពីផ្ទាំងទឹកកក នីអូហ្គាល់-ហ្សកដិន (Nioghalvfjerdsfjorden) ភាគឦសាន នៃតំបន់កោះហ្គ្រីនលែន ដែលក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា វាបានកើនឡើងដោយសារតែការកើនឡើងសីតុណ្ហភាព ជាមធ្យមនៅលើភពផែនដី។ លោក Jason Box សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រផែនដី និងឯភូគព្ភសាស្ត្រនៃប្រទេសដាណឺម៉ាក និងកោះហ្គ្រីនលែនហៅកាត់ថា GEUS បានប្រាប់អ្នកសារព័ត៌មានថា «យើងកំពុងសង្កេតមើលល្បឿន នៃការបំបែកចេញពីបណ្តុំផ្ទាំងទឹកកក ដែលនៅសេសសល់»។

GEUS បានចេញផ្សាយរូបភាពផ្កាយរណប ដែលបង្ហាញពីផ្នែកនៃផ្ទាំងទឹកកកបំបែកចេញនោះផងដែរ ព្រោះជាធម្មតាបំណែកទឹកកកដែលបែកចេញ ជាទូទៅមិនមានទំហំធំបែបនេះទេ។ យោងតាមរបាយការណ៍របស់ GEUS ចាប់តាំងពីឆ្នាំ១៩៩៩ បានឲ្យដឹងថា ផែនដីបានបាត់បង់ផ្ទាំងទឹកកកបានប្រមាណជា ១៦០គីឡូម៉ែត្រក្រឡា​ដែលវាមានទំហំធំជាងសង្កាត់ Manhattan នៃទីក្រុងញូយ៉ក សហរដ្ឋអាមេរិកដ៏ទៅពីរដងឯណោះ ជាមួយនឹងល្បឿននៃបាត់បង់ បន្តកើនឡើងក្នុងរយៈពេល ០២ឆ្នាំចុងក្រោយនេះ។

លោក Box បានសង្កត់ធ្ងន់ថា ប្រសិនបើរដូវក្តៅកាន់តែក្តៅ តាមការសង្កេតរបស់លោក នៅក្នុងរយៈពេល ០២ឆ្នាំទៀតនេះ នោះនីវ៉ូទឹកសមុទ្រនៅជុំវិញពិភពលោក នឹងបន្តកើនឡើងខ្លាំងផងដែរ។ ជាក់ស្តែង ចន្លោះពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨ ការរលាយនៃផ្ទាំងទឹកកកនៅតំបន់ហ្គ្រីនលែន បានរួមចំណែកធ្វើឲ្យកម្ពស់ទឹកសមុទ្រឡើងដល់ទៅ ១.១សង់ទីម៉ែត្រ។ នេះបើយោងតាមការសិក្សា ដែលចេញផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រធម្មជាតិ កាលពីខែធ្នូកន្លងទៅ។

គួរបញ្ជាក់ថា តាមការសិក្សាថ្មីមួយរបស់ សាកលវិទ្យាល័យលីនខុន (University of Lincoln) នៅចក្រភពអង់គ្លេសបានព្យាករណ៍ថា ផ្ទាំងទឹកកករលាយនៅតំបន់ហ្គ្រីនលែន អាចនឹងធ្វើឲ្យនីវ៉ូទឹកសមុទ្រកើនឡើងពី ១០ ទៅ ១២សង់ទីម៉ែត្រនៅត្រឹមឆ្នាំ២១០០។ ជាមួយនឹងសីតុណ្ហភាពមធ្យមនៅក្នុងតំបន់ បានកើនឡើងប្រហែល ០៣អង្សាសេ ចាប់តាំងពីឆ្នាំ១៩៨០ ហើយត្រូវបានគេរំពឹងថា នឹងឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២០នេះ។

ទន្ទឹងគ្នានេះដែរ លោកស្រី Jenny Turton អ្នកស្រាវជ្រាវនៅឯសកលវិទ្យាល័យ Friedrich-Alexander Universitat Erlangen-Nurnberg នៅប្រទេសអាល្លឺម៉ង់ បានគូសបញ្ជាក់ថា រលកកម្តៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួយពន្លឿនការរលាយនៃផ្ទាំងទឹកកក នៅតំបន់ហ្គ្រីនលែនផងដែរ៕

ប្រភព៖ CNA, AFP (ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here