(ម៉ូស្គូ)៖ ក្រោយពីក្រុមអ្នកវិទ្យាសាស្ត្រនៅអង់គ្លេស និងអាមេរិក​តាមរយៈការសិក្សាដោយប្រើប្រាស់ប្រព័ន្ធតេឡេស្កូបចម្បងៗលើផែនដី បានរកឃើញក្នុងផ្ទៃពពកភពសុក្រ មានផ្ទុកសារធាតុគីមីផូសហ្វីន (Phosphine) ដែលអាចត្រូវបានបញ្ចេញដោយពពួកមីក្រុប (microbes) លាក់ខ្លួននៅក្នុងពពកដ៏ក្រាស់ឃ្មឹក នៃភពដ៏ក្តៅមហាសែនក្តៅនេះ។

នៅពេលនេះរុស្ស៊ីបានប្រកាសមហិច្ឆតារបស់ខ្លួនឡើងវិញ នៅក្នុងការរៀបគម្រោង បញ្ជូនយានទៅសិក្សាភពសុក្រជាថ្មី ព្រោះខ្លួនមានបទពិសោធន៍ក្នុងការស្រាវជ្រាវ និងចុះចតយានលើភពសុក្រ ស្ទើរតែរាប់មិនអស់ទៅហើយ កាលពីអំឡុងអតីតសហភាពសូវៀតជាអ្នកដឹកនាំ។ ប្រធានអង្គការអវកាសរុស្ស៊ី ROSCOSMOS លោក Dmitry Rogozin បានប្រាប់សារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា «រុស្ស៊ីនឹងផ្តួចផ្តើមគំនិត លើការបង្កើតគម្រោងថ្នាក់ជាតិមួយ ព្រោះយើងជឿជាក់ថា ភពសុក្រគឺជាភពរបស់រុស្ស៊ី»។

អង្គការអវកាសរុស្ស៊ីថែមទាំងបានគូសបញ្ជាក់ទៀតថា គម្លាតដ៏ធំធេងរវាងអតីតសហភាពសូវៀត និងគូប្រជែងរបស់ខ្លួនគឺសហរដ្ឋអាមេរិកនោះ បានយោងទៅលើការពិតមួយ នោះគឺសហរដ្ឋអាមេរិកអាមេរិកផ្ទាល់ ធ្លាប់ហៅភពសុក្រ «Venus» ថាជា «ភពរបស់សូវៀត»។ ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ីបានសង្កត់ធ្ងន់ថា ជីវិតដែលអាចបញ្ចេញសារធាតុគីមី Phosphine ទំនងជាបានផ្លាស់ទី ឬនៅមានវត្តមាននៅឡើយលើភពសុក្រ ទោះបីទាំងនេះជាសម្មតិកម្ម ដែលមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។

គម្រោងប្រកបដោយមហិច្ឆតាថ្មី ដែលរុស្ស៊ីបានលើកឡើងខាងលើនេះ គឺទំនងជាការបន្ថែមមួយទៀត ពីលើគម្រោងអភិវឌ្ឍយាន Venera-D ដែលរុស្ស៊ីកំពុងធ្វើជាមួយអង្គការ NASA របស់អាមេរិក។ ពីដំបូងឡើយមានសេចក្តីរាយការណ៍ថា រុស្ស៊ីគ្រោងកាត់ផ្តាច់ទំនាក់ទំនង​ជាមួយអន្តរជាតិជុំវិញការសិក្សាអំពីភពសុក្រ និងយកគម្រោងសិក្សាភពសុក្រ មកធ្វើការអភិវឌ្ឍដោយឯករាជ្យ ខណៈគម្រោងអភិវឌ្ឍយាន Venera-D ជាមួយ NASA នឹងត្រូវកាត់បន្ថយដៃគូចូលរួមខ្លះ។

តែក្រោយមក បើតាមសេចក្តីរាយការណ៍ផ្លូវការពីអង្គការអវកាសរុស្ស៊ី ROSCOSMOS បានឲ្យដឹងថា រុស្ស៊ីនឹងបង្កើតគម្រោងដាច់ដោយឡែកថ្មីមួយវិញ ដើម្បីសិក្សាបន្ថែមលើភពសុក្រដោយឯករាជ្យ ខណៈខ្លួនមានបទពិសោធន៍​ពេញទំហឹងស្រាប់លើរឿងនេះ ហើយរក្សាទុកកិច្ចសហប្រតិបត្តិការ ជាមួយអង្គការអវកាសបរទេសនានា ឲ្យនៅដដែល។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានចេញសេចក្តីប្រកាសដ៏ធំមួយ កាលពីថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ថា សារធាតុគីមី phosphine (Phosphine ឬ PH3 ជាសារធាតុគីមីតុកស៊ីក ដែលរលាយនៅសីតុណ្ហភាព -87.7 °C និងកកនៅសីតុណ្ហភាព -132.8 °C ) ដែលពួកគេចាត់ទុកថា ជាសារធាតុមានការផ្សារភ្ជាប់ជាមួយជីវិតនោះ ត្រូវបានរកឃើញនៅក្នុងបណ្តុំពពកនៃភពសុក្រ ដែលជាភពថ្មស្ថិតនៅលំដាប់ទី ២ នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ។ ការរកឃើញនេះ មិនមែនជាការបញ្ជាក់ថា មានជីវិតក្នុងទម្រង់ណាមួយ កំពុងលាក់ខ្លួននៅភពសុក្រនោះឡើយ ប៉ុន្តែវាជាការរកឃើញដ៏តានតឹងមួយ ដែលតម្រូវឲ្យក្រុមអ្នកវិទ្យាសាស្ត្រ​គិតគូរឡើងវិញអំពីការបង្កើន​បេសកកម្មស្រាវជ្រាវ ទៅកាន់ភពសុក្រ។

ពន្យល់បន្ថែម៖ ផូសហ្វីន (phosphine ឬ PH3) គឺជាសារធាតុគីមីដែលផ្សំឡើងពីអាតូម ផូស្វ័រ ១ (phosphorus) និងអ៉ីដ្រូសែន ៣ (hydrogen)។ វាជាសារធាតុគីមីគ្មានពណ៌ និងងាយឆាបឆេះ ព្រមទាំងពុលផងដែរ ដោយវាមានក្លិនដូចជាខ្ទឹមស ឬសាច់ត្រីស្អុយរលួយ។ នៅលើផែនដី phosphine មានសារៈសំខាន់​នៅក្នុងសកម្មភាពឧស្សាហកម្ម និងការពិសោធន៍មីក្រុប ហើយជីវិតភាគច្រើនដែលរស់នៅលើផែនដី មិនត្រូវគ្នានឹងសារធាតុគីមីប្រភេទនេះឡើយ ព្រោះវាមានប្រតិកម្មជាមួយអុកស៊ីសែន។

ប៉ុន្តែសម្រាប់អតិសុខុមប្រាណរស់នៅកន្លែងលាក់បាំង ដែលគ្មានអុកស៊ីសែនដូចជាក្នុងលូ, ភក់ល្បាប់, និងនៅក្នុងខ្លួនសត្វ ឬសូម្បីតែមនុស្សគឺពិតជាត្រូវការ phosphine។ ការពន្យល់នេះគឺមានន័យគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ការសន្និដ្ឋានថា មីក្រូសារីរាង្គអាចមានវត្តមានក្នុងពពកភពស្រុក។ សារធាតុគីមី Phosphine នេះត្រូវបានគេសង្ស័យថា អាចបញ្ចេញពីសារីរាង្គណាមួយដែលស្លាប់ ឬកំពុងមានវត្តមាននៅលើភពសុក្រ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ TASS, Euro News (ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០)

 

LEAVE A REPLY

Please enter your comment!
Please enter your name here