(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានប្រាប់ថា ក្រុមអវកាសយានិកដែលត្រូវធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ប្រហែលជានឹងមិនទៅដល់ តំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទនោះទេ។

ក្នុងរយៈពេល ១៨ខែមកនេះ អង្គារ NASA បានផ្តោតសំខាន់ទៅលើគោលដៅនាំយក អវកាសយានិកអាមេរិកឲ្យចុះទៅដល់ តំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទនៅឆ្នាំ២០២៤ ប៉ុន្តែឥឡូវ NASA បានឲ្យតំរុយថា គោលដៅចុះទៅនៅប៉ូលខាងត្បូងព្រះច័ន្ទ ប្រហែលជាអាចនឹងត្រូវបោះបង់ចោល ប្រសិនការធ្វើបែបនោះអាចបង្កភាពលំបាកខ្លាំង ឬមិនអាចសម្រេចបានតាមពេលវេលាកំណត់។

កិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នរបស់អង្គការ NASA ដើម្បីឆ្ពោះទៅជាន់ដីព្រះច័ន្ទជាថ្មីម្តងទៀត បានចាប់ផ្តើមកាលពីខែមីនា ឆ្នាំ២០១៩ នៅពេលអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានបង្គាប់ឲ្យ NASA ពន្លឿនកាលវិភាគមកនៅត្រឹមឆ្នាំ២០២៤ ជាមួយគោលដៅចុះចតនៅត្រង់ តំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ជាទីដែលអ្នកវិទ្យាសាស្រ្តបានរកឃើញមាន «វត្តមានទឹកកកកប់នៅក្រោមទីនោះ»។

យ៉ាងណាមិញ ប្រសិនបើអង្គារ NASA ងាកមកផ្តោតលើតំបន់អេក្វាទ័ររបស់ព្រះច័ន្ទវិញនោះ ក៏មានទីតាំងមួយចំនួន​ដែលទទួលបានការចាប់អារម្មណ៍រួចជាស្រេចផងដែរ រួមមានទីតាំងចុះចតចំនួន ០៦កន្លែង របស់បេសកកម្ម Apollo ដែលក្រុមអវកាសយានិកអាមេរិក បានធ្វើការរុករកកាលពីចន្លោះឆ្នាំ១៩៦៩-១៩៧២៕

ប្រភព៖ Space.com (ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here