(ប៉េកាំង)៖ បេសកកម្មស្រាវជ្រាវភពអង្គាររបស់ចិន ធានវិន-១ (Tianwen-1) កាលពីថ្ងៃអាទិត្យម្សិលមិញ បានទទួលជោគជ័យជាលើកទីពីរក្នុងការតម្រង់គន្លងធ្វើដំណើររបស់វា ដើម្បីឆ្ពោះទៅកាន់ចំគោលដៅគឺភពអង្គារ (Mars) តាមការគ្រោងរំពឹងទុក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមទីភ្នាក់ងារអវកាសចិន CNSA យាន Tianwen-1 បានធ្វើការងាកតម្រង់គន្លងគោចរខាងលើ ដែលគេហៅថា Orbital Correction កាលពីវេលាយប់ថ្ងៃអាទិត្យម្សិលមិញនេះ ដោយកំឡុងពេលនោះម៉ាស៉ីន 120N របស់វាចំនួន ០៤គ្រឿងត្រូវបានបញ្ឆេះរយៈពេល ២០វិនាទី។ វាជាលើកទីពីរហើយដែលយាន Tianwen-1 បានតម្រង់គន្លងធ្វើដំណើរ ខណៈលើកទីមួយត្រូវបានធ្វើឡើង កាលពីដើមខែសីហាកន្លងទៅ ហើយយាន Tianwen-1 នឹងត្រូវធ្វើបែបនេះប្រហែល ០២លើកទៀតក្នុងដំណើរឆ្ពោះទៅកាន់ភពអង្គាររបស់វា ដែលមានរយៈពេល ០៧ខែ។

គួរជម្រាបថា Tianwen-1 ត្រូវបានបញ្ជូនចេញពីផែនដីកាលពីខែកក្កដាកន្លងទៅ ហើយមកទល់ពេលនេះវាបានចំណាយពេលប្រមាណជា ៦០ថ្ងៃហើយក្នុងទីអវកាស និងស្ថិតនៅចម្ងាយប្រហែល ១៩លានគីឡូម៉ែត្រពីផែនដី។ ក្រុមអ្នកវិទ្យាសាស្រ្តចិនអះអាងថា ប្រព័ន្ធទាំងអស់របស់ Tianwen-1 គឺមានលក្ខណៈល្អជាធម្មតា។ បេសកកម្ម Tianwen-1 ត្រូវបានរចនាឡើង ដោយរួមមានទាំងយានលក្ខណៈផ្កាយរណប យានចុះចត និងយានចល័តបាន នៅក្នុងបេសកកម្មតែមួយតែម្តង។ វាត្រូវគេរំពឹងថា នឹងទៅដល់ភពអង្គារនៅកំលុងខែកុម្ភៈ ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here