(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្រ្តទើបតែបានប្រកាសពី របកគំហើញថ្មីមួយទៀត ពាក់ព័ន្ធជាមួយនឹងព្រះច័ន្ទ អ៊ែនសេឡាដឹស (Enceladus) របស់ភពសៅរ៍ (Saturn) ដែលសុទ្ធតែជាទីឋានប្រកបដោយការសង្ស័យថា អាចមានលាក់ជីវិតនៅក្នុងទម្រង់ណាមួយ។ នេះបើតាមការចេញផ្សាយ​ដោយវែបសាយព័ត៌មាន Space.com នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។

រូបភាពថ្មីៗដែលត្រូវបានបង្កើតឡើង ដោយប្រើប្រាស់ទិន្នន័យពីអតីតយានអវកាស កាស្ស៊ីនី (Cassini) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហាញថា «មានវត្តមានទឹកកកទើបតែផុសឡើង នៅឯតំបន់អឌ្ឍគោលខាងជើងរបស់ព្រះច័ន្ទ Enceladus» ខណៈអ្នកវិទ្យាសាស្រ្តកន្លងមកនេះធ្លាប់តែដឹងថា នៅអឌ្ឍគោលខាងត្បូងរបស់ Enceladus មានកន្លែងជះកំសួលទឹកកកច្រើនជាង ១០០កន្លែងឯណោះ។

យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តមិនទាន់អាចស្វែងយល់ច្បាស់ អំពីវត្តមានទឹកកកនៅអឌ្ឍគោលខាងជើងរបស់ Enceladus នៅឡើយទេ។ Enceladus ជាទីឋានគួរឲ្យមានក្តីសង្ឃឹមខ្ពស់មួយ សម្រាប់ការរុករកជីវិតអេលៀន (ជីវិតក្រៅពីភពផែនដី) នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង។ ក្រៅតែពីមហាសមុទ្រដែលលាក់ខ្លួន នៅក្រោមផ្ទៃរបស់វា និងសកម្មភាពផ្នែកភូគព្ភសាស្ដ្រមួយចំនួនទៀត ព្រះច័ន្ទ Enceladus ទំនងអាចមានប្រភពថាមពល ដែលសារពាង្គកាយអាចប្រើប្រាស់បានទៀត ពោលគឺជាប្រតិកម្មគីមី ដែលប្រហែលស្រដៀងទៅនឹងប្រតិកម្មដែលទ្រង់ទ្រង់ជីវិត នៅក្បែរបំពង់កម្តៅដែលនៅក្រោមបាតសមុទ្រជ្រៅៗនៃផែនដីយើងដែរក៏ថាបាន។

ខណៈនេះពុំទាន់មានបេសកកម្មអវកាសណាមួយ ដែលមានគោលដៅលើព្រះច័ន្ទ Enceladus នៅឡើយទេ។ ដូច្នេះហើយ អ្នកវិទ្យាសាស្រ្តមានតែត្រូវពឹងផ្អែកលើទិន្នន័យ ដែលប្រមូលបានពីបេសកកម្មមុនៗប៉ុណ្ណោះ។ បេសកកម្ម Cassini នឹងបន្តជាប្រយោជន៍សម្រាប់រឿងនេះ ខណៈវាបានចំណាយពេលដល់ទៅ ១៣ឆ្នាំ ប្រមែប្រមូលទិន្នន័យអំពីភពសៅរ៍ ព្រមទាំងព្រះច័ន្ទផ្សេងៗរបស់វា មុនពេលបញ្ចប់បេសកកម្ម កាលពីឆ្នា២០១៧ តាមរយៈការទម្លាក់ខ្លួនចោលចូល ទៅក្នុងបរិយាសរបស់ Saturn៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com

LEAVE A REPLY

Please enter your comment!
Please enter your name here