(បរទេស)៖ នៅថ្ងៃពុធនេះស្ថានីយអវកាសអន្តរជាតិ ISS ដែលស្ថិតនៅកម្ពស់ជាង ៤០០គីឡូម៉ែត្រពីផ្ទៃផែនដីយើង ទើបតែត្រូវបានបញ្ជាឲ្យគេចពីបំណែកមួយ ដែលកើតចេញមកពីការផ្ទុះ កំណាត់គ្រាប់រ៉ុក្កែតជប៉ុនកាលពី២០១៩។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមប្រភពដែលសារព័ត៌មាន Sputnik ទទួលបាន វត្ថុគ្រោះថ្នាក់មួយនោះ គឺជាបំណែកនៃកំណាត់ទីពីររបស់គ្រាប់រ៉ុក្កែតធុន H-2A របស់ជប៉ុន ដែលបានផ្ទុះកាលពីខែកុម្ភៈ ឆ្នាំ២០១៩។ គ្រាប់រ៉ុក្កែត H-2A មួយនោះ ត្រូវបានប្រើប្រាស់ដើម្បីបញ្ជូនផ្កាយរណបចំនួន ០៦គ្រឿងឡើងទៅទីអវកាស កាលពីខែតុលា ឆ្នាំ២០១៨។ យ៉ាងណាមិញ ស្ថានីយ ISS ត្រូវបានបញ្ជាឲ្យជៀសផុតពីបំណែកនោះ ដោយសុវត្ថិភាព ហើយវាមិនមែនជាលើកដំបូងនោះទេ ដែលស្ថានីយអវកាស ISS ត្រូវបង្ខំឲ្យគេចពីកម្ទេចកម្ទីផ្សេងៗ នៅក្នុងទីអវកាសបែបនេះ។

គួរជម្រាបថា យោងតាមទិន្នន័យពីកងទ័ពអវកាសអាមេរិក បន្ទុះកំណាត់គ្រាប់រ៉ុក្កែតជប៉ុន H-2A កាលពីឆ្នាំ២០១៩ បានបង្កឲ្យមានកម្ទេចកម្ទី ប្រហែល ៧៥បំណែកក្នុងទីអវកាស៕

LEAVE A REPLY

Please enter your comment!
Please enter your name here