(អាមេរិក)៖ ប្រធានអង្គការអវកាសអាមេរិក NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) បានប្រាប់សមាជិកសភាអាមេរិកទាំងឡាយនៅថ្ងៃពុធសប្តាហ៍នេះថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះសហរដ្ឋអាមេរិកដែលត្រូវរក្សាវត្តមានរបស់ខ្លួន នៅក្នុងគន្លងគោចរជុំវិញភពផែនដី បន្ទាប់ពីស្ថានីអវកាសអន្តរជាតិ (ISS) ត្រូវបានរំសាយ ហើយចិនក៏នឹងមិនអាចទាញយកប្រយោជន៍យុទ្ធសាស្ត្រ ណាមួយនោះដែរ។

ផ្នែកដំបូងៗនៃស្ថានីយអវកាសអន្តរជាតិ (ISS) ត្រូវបានបាញ់បញ្ជូនទៅដំឡើងនៅគន្លងគោចរជុំវិញផែនដី ដែលមានរយៈកម្ពស់ប្រមាណជាង ៤០០គីឡូម៉ែត្រកាលពីឆ្នាំ១៩៩៨ ហើយក្រុមអ្នកវិទ្យាសាស្ត្រ បានចាប់ផ្តើមស្នាក់នៅទីនោះដោយបណ្តាក់វេនគ្នា ចាប់តាំងពីឆ្នាំ២០០០។ ស្ថានីយអវកាសនេះ គឺត្រូវបានចាត់ទុកជាមន្ទីរពិសោធន៍អវកាសដ៏សំខាន់ ស្ថិតក្នុងភាពជាដៃគូរវាងសហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន សហភាពអឺរ៉ុប និងកាណាដា ហើយកាលពីប៉ុន្មានខែមុននេះមានព័ត៌មានមួយបានចេញផ្សាយថា ISS នឹងត្រូវរំសាយនៅឆ្នាំ២០៣០។

ជុំវិញបញ្ហាខាងលើនេះ ប្រធានអង្គការ NASA លោក Bridenstine បានបកស្រាយថា «ខ្ញុំនឹងប្រាប់អ្នករឿងមួយ ដែលបានធ្វើឲ្យខ្ញុំព្រួយបារម្ភ ហើយវាគឺជាថ្ងៃមួយដែលនឹងមកដល់ នៅពេលស្ថានីយអវកាសអន្តរជាតិ (ISS) ឈានទៅដល់ទីបញ្ចប់ នៃដំណើរការរបស់វា។ ដើម្បីឲ្យសហរដ្ឋអាមេរិកនៅតែអាចរក្សាវត្តមានរបស់ខ្លួន នៅក្នុងគន្លងគោចរកម្រិតទាប (Low Earth Orbit) នោះយើងត្រូវតែរៀបចំបោះជំហានបន្ទាប់»។

នៅចំពោះមុខអង្គសភា ប្រធានអង្គការ NASA បានស្នើថវិកា ១៥០លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ២០២១ ដើម្បីអភិវឌ្ឍគម្រោងសិក្សា នៅគន្លងគោចរកម្រិតទាបនៃភពផែនដី ដែលស្ថិតនៅរយៈកម្ពស់ក្រោម ២,០០០គីឡូម៉ែត្រ។ លោក Jim Bridenstine មិនបានគិតថាអាមេរិក គួរតែកសាងស្ថានីយអវកាសផ្ទាល់ខ្លួននោះទេ ប៉ុន្តែលោកគាំទ្រឲ្យអាមេរិកគិតគូរពីប្រយោជន៍ជាតិជាធំ នៅក្នុងការកសាងស្ថានីយអវកាសថ្មីមួយទៀត តាមរយៈការកៀរគរក្រុមហ៊ុនឯកជន ឲ្យចូលរួមជួយនៅក្នុងឧស្សាហកម្មនេះ ដែលអង្គការ NASA ក្លាយខ្លួនជាអតិថិជនវិញ។

គួរបញ្ជាក់ថា លោក Jim Bridenstine បានព្រមាននៅចំពោះមុខសមាជិកសភាអាមេរិកទាំងឡាយ អំពីកិត្យានុភាពនៃសហរដ្ឋអាមេរិកនៅក្នុងការស្រាវជ្រាវទីអវកាស នឹងត្រូវរងការគំរាមកំហែង ដោយសារតែការកសាងស្ថានីយអវកាសចិន ដែលនឹងចាប់ផ្តើមលេចរូបរាងនៅឆ្នាំ២០២២ ខាងមុខនេះហើយ។ ស្ថានីយអវកាសចិន ធានហ្គុង-១ (Tiangong) ឬបកប្រែថា «វិមានឋានសួគ៌» ត្រូវបានសារព័ត៌មានរដ្ឋចិនអះអាងថា នឹងមានការចូលរួមពីក្រុមហ៊ុន-ស្ថាប័នសរុបចំនួន ២៣ មកពីប្រទេសចំនួន ១៧ ដើម្បីដាក់ឧបករណ៍ពិសោធន៍របស់ពួកគេនៅលើនោះ។ ប្រទេសធំៗដែលបានចូលរួមជាមួយចិនមានដូចជា បារាំង អាល្លឺម៉ង់ និងជប៉ុនជាដើម ហើយប្រទេសកេនយ៉ា និងប៉េរូក៏បានចូលរួមផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ CNA, AFP (ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here