(អាមេរិក)៖ តើលោកអ្នកចាំបានរូបថតរបស់ព្យុះមួយបណ្តុំ នៅលើផ្ទៃស្រទាប់លើភពព្រហស្បតិ៍ (Jupiter) ដែលមនុស្សមួយចំនួនបានឃើញវាហើយ ច្រឡំថាជានំភីហ្សាដុតនោះដែរឬទេ? ពេលនេះក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA និងក្រុមការងារគ្រប់គ្រងបេសកកម្មយាន Juno បានចេញមុខបកស្រាយ អំពីអាថ៌កំបាំងរបស់វាហើយ។

វាបង្ហាញពីទិដ្ឋភាពនៅតំបន់ប៉ូលខាងត្បូងរបស់ Jupiter ដែលកែវយឺតពីផែនដីមិនអាចថតបាន ហើយការដែលវាមើលទៅឃើញ​ពណ៌ក្រហមដូចនំភីហ្សាដុតបែបនេះ គឺព្រោះតែការប្រើប្រាស់កាមេរ៉ា Infrared របស់យាន Juno ដើម្បីស្វែងយល់ពីឥទ្ធិពលព្យុះ និងចលនាកញ្ជ្រោលនៃឧស្ម័ននានា ដែលមានក្នុងស្រទាប់លើភពព្រហស្បតិ៍ត្រង់តំបន់នោះ។

មនុស្សលោកពិតជាមិនអាចរកឃើញទិដ្ឋភាពបែបនេះ នៅកន្លែងណាផ្សេងទៀតឡើយ ដោយសូម្បីតែភពសៅរ៍ដែលសំបូរដោយព្យុះនោះ ក៏មានតែព្យុះមួយៗប៉ុណ្ណោះនៅតំបន់ប៉ូលទាំងពីររបស់វា។ ប៉ុន្តែងាកមកភពព្រហស្បតិ៍ឯណេះវិញ ព្យុះត្រូវបានចងក្រងដូចជាខ្សែសង្វាក់ មានរាងពហុកោណ ឬជាសិល្បៈមួយចំនួន ដែលមនុស្សលើផែនដី ធ្លាប់បានកែច្នៃចេញជារូបរាងរួចមកហើយ, តើលោកអ្នកបានមើលឃើញបែបនេះទេ?

 

ដើម្បីស្រាយចម្ងល់ នៃបាតុភូតធម្មជាតិដ៏មហាអស្ចារ្យ ដែលកំពុងកើតមានដោយឯកឯង នៅលើភពព្រហស្បតិ៍នោះ ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានបច្ចេកវិទ្យា រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានធ្វើការពិនិត្យ និងសិក្សានៅក្នុងមន្ទីរពិសោធន៍អ្នកវិទ្យាសាស្ត្រ Andy Ingersoll។ ការពន្យល់ត្រូវបានធ្វើឡើង ក្រោយការសិក្សាតាមរូបមន្តគណិតវិទ្យា របស់រូបវិទូជនជាតិអាមេរិកលោក Alfred Mayer កាលពី ១៥០ឆ្នាំមុន។

ការពិសោធន៍នៅក្នុងឆ្នាំ១៨៧៨ របស់លោក Alfred Mayer ដោយយកវត្ថុមានរូបរាងជារង្វង់ៗ ដាក់ឲ្យមានរង្វិលនៅលើផ្ទៃទឹកអាងមួយនោះ ពួកវាបានតម្រៀបខ្លួនដោយឯកឯង ទៅជាខ្សែសង្វាក់ដែលមានរាង តាមបែបធរណីមាត្រពហុកោណយ៉ាងអស្ចារ្យ។ កាលពីសតវត្សរ៍ទី ១៩ ក្រុមអ្នកវិទ្យាសាស្ត្របាននាំគ្នាសិក្សា អំពីវត្ថុប៉ុនៗគ្នាមានចលនារង្វិលនៅលើផ្ទៃទឹក ហើយបានពួកវាអាចតម្រៀបខ្លួន ទៅជារាងធរណីមាត្រដ៏មានរបៀបរៀបរយ ប៉ុន្តែបាតុភូតបែបនេះ មិនដែលធ្លាប់ត្រូវបានយកទៅសិក្សា ទៅលើភពណាមួយនៅឡើយទេ។

ជាក់ស្តែងទិដ្ឋភាពនៃភពព្រហស្បតិ៍ខាងលើនេះ បានធ្វើឲ្យទ្រឹស្តីខាងលើនេះ លេចចេញជារូបរាងឡើងវិញ និងអាចមកប្រើការបាន។ ព្យុះហឺរីខិនកំណាចៗលើផែនដីក៏ធ្លាប់មានទំនោរ ទៅរកការបង្កើតទិដ្ឋភាពបែបនេះដែរ ដោយវានឹងអាចកើតឡើងនៅតំបន់ប៉ូលប្រសិនបើផែនដី គ្មានផ្ទៃដី ឬទ្វីបទាំងឡាយទេនោះ។ ព្យុះភ្លោះនានាតែងតែងឃ្លាតចេញពីគ្នាវិញ នៅពេលធ្វើដំណើរប៉ះនឹងដីគោក។

សម្រាប់ករណីភពព្រហស្បតិ៍វិញ គឺផ្ទុយពីនៅលើផែនដីយើង ព្រោះភពយក្សនេះមានទំហំធំធេងខ្លាំង និងគ្មានផ្ទៃដីនោះឡើយ ហេតុដូច្នេះទើបព្យុះដែលបានកកើតនៅតំបន់ផ្សេងៗគ្នា អាចចល័តទៅប្រមូលផ្តុំគ្នា ជាសង្វាក់ពហុកោណ នៅត្រង់តំបន់ប៉ូលនៃភពព្រហស្បតិ៍។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បាន​បង្កើតវីដេអូគំរូសកម្មភាពព្យុះ តាមប្រព័ន្ធកុំព្យូទ័រផងដែរ ដោយជាលទ្ធផលដែលបានចេញមក គឺមិនខុសពីការរំពឹងទុកឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Sky News, NASA (ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០)

 

LEAVE A REPLY

Please enter your comment!
Please enter your name here