(អាមេរិក)៖ អង្គការ NASA កំពុងតែរៀបចំបាញ់បញ្ជូនបង្គន់អនាម័យថ្មីមួយ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) នៅសប្តាហ៍ក្រោយនេះ ដើម្បីធ្វើតេស្តសមត្ថភាពរបស់វា ដែលអាចទុកសម្រាប់ប្រើប្រាស់​នៅក្នុងបេសកកម្មមនុស្សលើឋានព្រះច័ន្ទ និងភពអង្គារទៅថ្ងៃអនាគត។

ប្រព័ន្ធបង្គន់អនាម័យថ្មីតម្លៃ ២៣លានដុល្លារនេះ មានឈ្មោះជាផ្លូវការថា «ប្រព័ន្ធគ្រប់គ្រងកាកសំណល់ជាសកល (Universal Waste Management System ឬ UWMS)»។ បង្គន់អនាម័យនេះមានទំហំ ៦៥% តូចជាង និង ៤០% ស្រាលជាងបង្គន់ ដែលក្រុមអវកាសយានិកកំពុងប្រើប្រាស់ នៅក្នុងស្ថានីយអវកាសអន្តរជាតិ (ISS) ដែលកំពុងចល័តនៅរយៈកម្ពស់ជាង ៤០០គីឡូម៉ែត្រពីផ្ទៃផែនដី។

ប្រព័ន្ធបង្គន់អនាម័យ UWMS ខាងលើនេះនឹងត្រូវបាញ់បង្ហោះ ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត និងយានដឹកទំនិញ Cygnus របស់ក្រុមហ៊ុន Northrop Grumman នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។ ក្រុមអវកាសយានិកនៅលើ ISS នឹងធ្វើតេស្តទៅលើដំណើរការរបស់ UWMS នៅលើទីអវកាសដែលគ្មានទំនាញ ដោយវានឹងត្រូវជំនួសបង្គន់អនាម័យចាស់ នៅក្នុងបន្ទប់ Node 3 របស់ស្ថានីយអវកាស។

គួរបញ្ជាក់ថា UWMS មានកម្ពស់ប្រមាណ ៧១សង់ទីម៉ែត្រ ដោយវាត្រូវបានផលិតឡើង ដើម្បីឲ្យស្ត្រីជាអវកាសយានិក ងាយស្រួលក្នុងការប្រើប្រាស់ជាងមុន។ ប្រព័ន្ធបញ្ជានៅលើ UWMS នឹងមានភាពស្វ័យប្រវត្តិ ដោយមិនតម្រូវឲ្យអវកាសយានិកត្រូវចុច On ឬ Off គ្រប់ពេលដែលប្រើប្រាស់វានោះឡើយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space, NASA (ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០)។

LEAVE A REPLY

Please enter your comment!
Please enter your name here