(ភ្នំពេញ)៖ នៅសល់ប្រហែលជា ០៩ថ្ងៃទៀតប៉ុណ្ណោះ ភពព្រះអង្គារ (Mars) នឹងគោចរមកកៀកភពផែនដីយើងបំផុតគឺក្នុងគម្លាតតែ ៦២.០៧លានគីឡូម៉ែត្រប៉ុណ្ណោះ។ ផែនដីជាភពស្ថិតនៅលេខរៀងទី ៣ នៅក្នុងប្រព័ន្ធព្រះអាទិត្យ (បន្ទាប់ពីភពពុធ និងសុក្រ) ខណៈភពអង្គារវិញ គឺស្ថិតនៅលេខរៀងទី ៤។ ដូច្នេះភពអង្គារ និងផែនដី តែងតែមានឱកាសក្នុងការស្ថិតនៅជិតគ្នាបំផុត នៅរៀងរាល់ ២៦ខែម្តងនៃវេលាលើផែនដី។

សម្រាប់ពេលវេលាដែលភពអង្គារ នឹងគោចរមកកាន់ចំណុចផែនដីយើងបំផុតនោះ គឺនៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០ ដោយយើងអាចសម្លឹងមើលទៅ ផ្ទៃមេឃភាគខាងកើតចាប់ពីវេលាម៉ោង ៧៖០០នាទីយប់ ឬដើម្បីឲ្យល្អពេញភ្នែកតែម្តងនោះ គឺចាប់ពីវេលាម៉ោង ៨៖០០នាទីយប់តទៅ នៅពេលមេឃស្រឡះគ្មានពពក ឬអ័ព្ទរំខាន។ លោកអ្នកនឹងបានឃើញ ផ្កាយមានពន្លឺពណ៌ទឹកក្រូចដ៏ចែងចាំ និងនឹងនរមួយ ដែលតាមពិតទៅ វានោះហើយគឺជាភពអង្គារ។

សម្រាប់អ្នកដែលស្រឡាញ់ការថតរូបផ្កាយពេលរាត្រី ក៏អាចចាប់ផ្តើមសិក្សា និងត្រៀមកាមេរ៉ាថតបានផងដែរ កុំឲ្យឱកាសដែល ២៦ខែមានតែម្តងនេះ កន្លងផុតទៅឲ្យសោះ។ គួរបញ្ជាក់ថា បើទោះបីជាមិនទាន់មកដល់​ចំណុចកៀកផែនដីបំផុតមែន ក៏ភពអង្គារបានបង្ហាញខ្លួន កាន់ភ្លឺថ្លារួចទៅហើយ នៅអំំឡុងចុងខែកញ្ញានេះ។

តើពេលណាទៅ ដែលភពអង្គារធ្លាប់គោចរមកកៀកផែនដីបំផុត? ភពអង្គារធ្លាប់បានគោចរ មកចំណុចកៀកផែនដីបំផុត មិនធ្លាប់មានក្នុងរយៈពេល ៦០,០០០ឆ្នាំ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៣ ដោយកាលណោះភពទាំងពីរមានគម្លាតពីគ្នាតែ ៥៦លានគីឡូម៉ែត្រពីគ្នា។ ដោយឡែកកាលពីខែកក្កដា ឆ្នាំ២០១៨ ក៏ត្រូវបានចាត់ទុកថា ជាគម្លាតកៀកបំផុត រវាងផែនដី និងភពអង្គារផងដែរនោះគឺ ៥៧.៦លានគីឡូម៉ែត្រ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Earth Sky (ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here