(អារ៉ាប់)៖ នាយករដ្ឋមន្រ្តី និងជាអនុប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម ព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន រ៉ាស៊ីដ អាល់ ម៉ាកតួម (Mohammed bin Rashid Al Maktoum) កាលពីថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថា ប្រទេសអារ៉ាប់មួយនេះនឹងផលិតយាន Rover (យានរ៉ូបូតអាចចល័តបាន) មួយគ្រឿងដោយខ្លួនឯង ដើម្បីបញ្ជូនទៅសិក្សានៅតំបន់ដែលពុំធ្លាប់មាន ការរុករកពីមុនមកនៃឋានព្រះច័ន្ទនៅឆ្នាំ២០២៤។

ព្រះអង្គម្ចាស់ Al Maktoum បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ដូច្នេះថា «ពួកយើងបានចាប់ផ្តើមគម្រោងថ្មីមួយ ដើម្បីទៅស្រាវជ្រាវលើផ្ទៃព្រះច័ន្ទ។ វានឹងក្លាយជាយានអវកាស ដែលទៅចុះចតលើផ្ទៃព្រះច័ន្ទនៅឆ្នាំ២០២៤ ហើយចល័តដើម្បីស្រាវជ្រាវនៅតំបន់ ដែលបេសកកម្មពីមុនៗមករបស់ប្រទេសនានា មិនធ្លាប់បានទៅដល់»។ អេមីរ៉ាត់អារ៉ាប់រួមបានដាក់ឈ្មោះបេសកកម្មនេះថា «Rashid» គឺយកតាមព្រះនាមរបស់ទ្រង់ផ្ទាល់។

ព្រះអង្គម្ចាស់ Al Maktoum បានបន្តថា អេមីរ៉ាត់អារ៉ាប់រួមនឹងក្លាយជាប្រទេសទី ៤ ដែលបានទៅដល់ឋានព្រះច័ន្ទ ហើយនឹងជាប្រទេសដំបូងបង្អស់ក្នុងចំណោមពិភពអារ៉ាប់។ ដោយឡែកឆ្នាំ២០២៤ គឺជាឆ្នាំដែលសហរដ្ឋអាមេរិកបានកំណត់ថា នឹងបញ្ជូនក្រុមអវកាសយានិក ឲ្យទៅជាន់ដីព្រះច័ន្ទជាថ្មីម្តងទៀត ក្រោយបានធ្វើយ៉ាងដូច្នោះរួចមកហើយ កាលពីកន្លះសតវត្សរ៍មុន។ យ៉ាងណាក៏ដោយ អេមីរ៉ាត់អារ៉ាប់រួមមិនបានបញ្ជាក់ថា តើកន្លែងដែលខ្លួននឹងចុះទៅស្រាវជ្រាវនោះ ស្ថិតនៅត្រង់ចំណុចណានៃព្រះច័ន្ទនៅឡើយទេ។

គួរជម្រាបថា កាលពីខែកក្កដាកន្លងទៅ អេមីរ៉ាត់អារ៉ាប់រួមទើបតែបានបញ្ជូនយាន​ប្រភេទផ្កាយរណបមួយគ្រឿង ឆ្ពោះទៅកាន់ភពអង្គារ (Mars) ផងដែរ។ អេមីរ៉ាត់គឺជាប្រទេសអារ៉ាប់​ដែលមានភាពលេចធ្លោជាងគេ នៅក្នុងការសិក្សាស្រាវជ្រាវទីអវកាស បើធៀបនឹងបណ្តារដ្ឋអារ៉ាប់ផ្សេងៗទៀត៕

ប្រភព៖ Sputnik (ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here