(បរទេស)៖ កាលពី២ឆ្នាំមុន តារាវិទូមួយក្រុមបានរាយការណ៍ពី របកគំហើញនៃបឹងដ៏ធំមួយ ដែលកប់នៅក្រោមផ្ទាំងទឹកកកដ៏ក្រាស់ នៅតំបន់ប៉ូលខាងត្បូងរបស់ភពអង្គារ (Mars)។ ឥឡូវនេះក្រុមអ្នកវិទ្យាសាស្រ្ត បានទទួលស្គាល់ពីការរកឃើញនោះ រួមជាមួយការរកឃើញបឹងចំនួន ០៣បន្ថែមទៀតនៅក្នុងតំបន់ដូចគ្នា។

ការសិក្សាស្រាវជ្រាវថ្មីមួយ ដែលទើបចេញផ្សាយក្នុងសប្តាហ៍នេះ នៅលើទស្សនាវដ្តីធម្មជាតិ-វិទ្យាសាស្រ្ត បានទទួលស្គាល់អំពីការរកឃើញ បឹងក្រោមផ្ទាំងទឹកកកឆ្នាំ២០១៨ ហើយបានគាំទ្ររបកគំហើញនោះ ជាមួយការរកឃើញវត្តមានបឹងស្រដៀងគ្នាចំនួន ០៣ថែមទៀត នៅឯតំបន់ប៉ូលខាងត្បូងរបស់ Mars។ ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់ ទិន្នន័យរ៉ាដាពីយានអវកាស Mars Express របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA កាលពីចន្លោះឆ្នាំ២០១២-២០១៩។

ក្នុងចំណោមនោះ បឹងដែលមានទំហំធំជាងគេមានមុខកាត់ប្រវែងប្រហែល ៣០គីឡូម៉ែត្រ។ ក្រុមអ្នកវិទ្យាសាស្រ្តជឿថា ទឹកនៅទីនោះមានសារធាតុអំបិលច្រើនខ្លាំង ដែលអនុញ្ញាតវាស្ថិតក្នុងទម្រង់រាវ ទោះនៅក្រោមសីតុណ្ហភាពដ៏ត្រជាក់ របស់ភពអង្គារក៏ដោយ។ ប៉ុន្តែដោយសារមានបរិមាណអំបិលខ្ពស់បែបនេះ អាចមានន័យថា ពុំមានវត្តមានទម្រង់ជីវិតណាមួយឡើយ។ ក្រុមអ្នកវិទ្យាសាស្រ្តខាងលើសង្ឃឹមថា នៅពេលអនាគត បេសកកម្មទៅកាន់ភពអង្គារ នឹងផ្តោតសិក្សាលម្អិតលើតំបន់ប៉ូលខាងត្បូងរបស់ Mars ពាក់ព័ន្ធនឹងបឹងទាំងនេះ។

គួរជម្រាបថា បើតាមការជឿជាក់របស់ពួកគេ វាអាចមានបណ្តាញបឹងក្រោមដីដ៏ធំ និងចំណាស់ គឺអាចរាប់លាន ឬរាប់ពាន់លានឆ្នាំនៅពេល Mars នៅជាភពដែលមានកម្តៅ និងសំណើម ដូចផែនដីយើងយ៉ាងដូច្នោះ។ បច្ចុប្បន្ន ផ្ទៃរបស់ភពអង្គារគឺជាទីឋានដ៏ក្រៀមក្រោះ ដោយសារទឹកលែងអាចមានវត្តមាន នៅស្រទាប់ខាងលើរបស់វាទៀតបាន ព្រោះខ្វះស្រទាប់បរិយាកាស, កម្លាំងទំនាញ និងដែនម៉ាញេទិច៕

ប្រភព៖ CBS News, Nature and Science Journal (ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here