(វ៉ាស៊ីនតោន)៖ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយការធ្វើដំណើរដ៏អស្ចារ្យរយៈពេល ៤១ឆ្នាំ យានអវកាសអាមេរិក Voyager 2 ត្រូវគេគំណត់ថា បានចេញផុតពីព្រំដែននៃឥទ្ធិពលរបស់ព្រះអាទិត្យ (ឬចាកចេញពីប្រព័ន្ធព្រះអាទិត្យបានសម្រេច) ហើយឆ្លងចូលទៅដល់តំបន់អន្តរលំហអវកាស ដែលជាភាសាអង់គ្លេសហៅថា «Interstellar Space»។ មកទល់ឥឡូវនេះ វានៅតែកំពុងបន្តបញ្ជូនព័ត៌មានប្លែកថ្មីៗ ជាប់ជានិច្ចមកកាន់ផែនដីវិញ បើទោះបីជាអាយុជីវិតវានៅសល់មិនដល់ ៥ឆ្នាំទៀតក៏ដោយ។

ព័ត៌មានថ្មីដែល Voyager 2 បានផ្ញើមកនោះ គឺថាវាបានសម្គាល់ឃើញកំណើនកម្រិត «កំហាប់នៃលំហអវកាស» ពេលដែលវាធ្វើដំណើរឃ្លាតឆ្ងាយទៅៗក្នុងតំបន់ Interstellar Space។ កន្លងមកយាន Voyager 1 ដែលឆ្លងចូល Interstellar Space កាលពីឆ្នាំ២០១២ ក៏បានសម្គាល់ឃើញដូចនេះដែរ តែនៅកន្លែងដាច់ដោយឡែកពីគ្នា។

គួរជម្រាបថា ចុងនៃប្រព័ន្ធព្រះអាទិត្យយើង អាចកំណត់ដោយព្រំដែនខុសៗគ្នាមួយចំនួន ប៉ុន្តែព្រំដែនដែលយាន Voyager ទាំងពីរឆ្លងកាត់គឺគេហៅថា ហេលីអូភូស (Heliopause) ដែលត្រូវបានកំណត់ដោយឥទ្ធិពល នៃព្យុះព្រះអាទិត្យអាចជះទៅដល់។ ចំណុច Heliopause នេះ គឺជាកន្លែងដែលព្យុះព្រះអាទិត្យចុះខ្សោយឥទ្ធិពលខ្លាំង លែងអាចសាយភាយទៅឆ្ងាយទៀតបាន។

លំហដែលនៅក្នុងចំណុចព្រំដែន Heliopause គេហៅថារង្វង់ ហេលីអូស្វៀរ (Heliosphere) ហើយលំហដែលនៅខាងក្រៅចំណុចនោះគឺហៅថា តំបន់ក្បែរចំណុចចាប់ផ្តើមនៃអន្តរលំហអវកាស (Very Local Interstellar Medium ឬ VLIM)។ លំហអវកាសជាទូទៅត្រូវបានគេយល់ថា ជាសុញ្ញាកាស (ទីដែលទទេស្អាតគ្មានអ្វីសោះ ឬគ្មានឥទ្ធិពលទំនាញ) តែវាមិនយ៉ាងដូច្នោះទាំងស្រុងឡើយ ព្រោះវាមានផ្ទុកនូវកំហាប់រូបធាតុមួយចំនួន ក្នុងកម្រិតដ៏តិចតួចបំផុត។

ក្នុងប្រព័ន្ធផ្កាយយើង ព្យុះព្រះអាទិត្យដែលគេហៅថា Solar Wind មានកំហាប់ប្រូតុង និងអេឡិចត្រុងស្មើនឹង ៣-១០ភាគល្អិត/១សង់ទីម៉ែត្រគូបជាមធ្យម ប៉ុន្តែកម្រិតកំហាប់នេះនឹងកាន់តែទាបទៅៗ នៅពេលអ្នកកាន់តែឃ្លាតឆ្ងាយពីព្រះអាទិត្យ។ បើតាមការគណនារបស់អ្នកវិទ្យាសាស្រ្ត កំហាប់ជាមធ្យមរបស់អេឡិចត្រុងនៅតំបន់ Interstellar Medium ក្នុងកាឡាក់ស៉ី Milky Way គឺស្មើនឹង ០.០៣៧ភាគល្អិត/១សង់ទីម៉ែត្រគូប រីឯកំហាប់មធ្យមរបស់ប្លាស្មា (Plasma) នៅតាមជាយតំបន់ Heliosphere វិញគឺមានខ្ទង់ ០.០០២អេឡិចត្រុង/១សង់ទីម៉ែត្រគូប។

យាន Voyager 1 បានឆ្លងចំណុច Heliopause កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ នៅរយៈចម្ងាយ ១៨.១ពាន់លានគីឡូម៉ែត្រពីយើង។ នៅពេលយាននេះវាស់ស្ទង់កម្រិតប្លាស្មា ជាលើកដំបូងក្រោយឆ្លងផុត Heliopause នាថ្ងៃ២៣ ខែតុលា ឆ្នាំ២០១៣ នៅចម្ងាយប្រហែលជា ១៨.៣ពាន់លានគីឡូម៉ែត្រពីផែនដី Voyager 1 ប្រទះឃើញកម្រិតកំហាប់ ០.០៥៥អេឡិចត្រុង/១សង់ទីម៉ែត្រគូប។

ចំណែក Voyager 2 ដែលបានធ្វើដំណើរកាត់ភពច្រើនជាង Voyager 1 គឺកាត់ភពព្រហស្បតិ៍ផង ភពសៅរ៍ផង ភពអ៊ុយរ៉ាណុសផង និងភពណិបទូនផង បានឆ្លងផុត Heliopause នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរយៈចម្ងាយ ១៧.៨ពាន់លានគីឡូម៉ែត្រ។ Voyager 2 បានវាស់ស្ទង់កម្រិតប្លាស្មា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅចម្ងាយ ១៧.៩ពាន់លានគីឡូម៉ែត្រ និងឃើញកំហាប់ ០.០៣៩អេឡិចត្រុង/១សង់ទីម៉ែត្រគូប។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺនៅពេលយានទាំងពីរធ្វើដំណើរកាន់តែឆ្ងាយក្នុងតំបន់ Interstellar Space ពួកវាបានវាស់ឃើញកំហាប់ប្លាស្មាកាន់តែខ្ពស់។ ក្រោយធ្វើដំណើរបានប្រមាណ ២.៩ពាន់លានគីឡូម៉ែត្រទៀត Voyager 1 បានរាយការណ៍ពីកំហាប់ ០.១៣អេឡិចត្រុង/១សង់ទីម៉ែត្រគូប ខណៈការរាយការណ៍របស់ Voyager 2 វិញ កាលពីខែមិថុនា ឆ្នាំ២០១៩ គឺកម្រិតកំហាប់ ០.១២អេឡិចត្រុង/១សង់ទីម៉ែត្រគូបនៅចម្ងាយ ១៨.៥ពាន់លានគីឡូម៉ែត្រ។

មានទ្រឹស្តីមួយចំនួនត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តលើកឡើង ដែលអាចជាមូលហេតុ នៅពីក្រោយកំណើនកំហាប់ក្នុងលំហអវកាស នៅតំបន់ Interstellar Space នេះ ប៉ុន្តែដើម្បីស្វែងយល់ឲ្យបានកាន់តែច្បាស់ គឺមានតែត្រូវរង់ចាំការវាស់ស្ទង់ ក៏ដូចជាការបញ្ជូនព័ត៌មានជាបន្តបន្ទាប់ទៀតពីយាន Voyager ទាំងពីរប៉ុណ្ណោះ ខណៈពួកវាបន្តដំណើរឆ្លងកាត់តំបន់លំហ Interstellar Space ក៏ធំល្វឹងល្វឺយ៕

ប្រភព៖ Science Alert, NASA (ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here