(បរទេស)៖ កាលពីខែកញ្ញាកន្លងទៅ អ្នកវិទ្យាសាស្រ្តមួយក្រុមបានរាយការណ៍ពី ការរកឃើញវត្តមានសារធាតុគីមីម៉្យាងហៅថា Phosphine នៅក្នុងស្រទាប់ផ្នែកខាងលើនៃបរិយាកាសភពសុក្រ (Venus)។ របកគំហើញនោះបានញ៉ាំងឲ្យមានការសង្ស័យ អំពីវត្តមានជីវិតក្នុងទម្រង់ណាមួយ​នៅក្នុងដុំពពករបស់ភពសុក្រ។

ការសិក្សាខាងលើធ្វើឡើងដោយផ្អែកលើទិន្នន័យតេឡេស្កូប ALMA (Atacama Large Millimeter/sub-millimeter Array) មានមូលដ្ឋានលើវាលខ្សាច់ភាគខាងជើង នៃប្រទេសឈីលី។ ក្រុមអ្នកស្រាវជ្រាវនោះក៏ធ្លាប់បានរំពឹងផងដែរថា នឹងមានការផ្ទៀងផ្ទាត់បន្ថែម ចំពោះលទ្ធផលសិក្សារបស់ពួកគេ។ ឥឡូវការសិក្សាថ្មីមួយរបស់ក្រុមអ្នកស្រាវជ្រាវនៅហូឡង់បានចេញមកហើយ ដោយពួកគេបានរកឃើញថា លទ្ធផលនៃការសិក្សាដើមនោះ «មិនគួរឲ្យទុកចិត្តបានទេ» ក្រោយពីពួកគេបានព្យាយាមធ្វើការផ្ទៀងផ្ទាត់ឡើងវិញ។

និយាយរួមទៅ ក្រុមអ្នកស្រាវជ្រាវហូឡង់បានសន្និដ្ឋានថា លទ្ធផលនៃការសិក្សា ដែលត្រូវបានចេញផ្សាយ និងបង្កការភ្ញាក់ផ្អើលទូទាំងពិភពលោក កាលពីខែកញ្ញាកន្លងទៅនេះ ពុំអាចផ្តល់ភស្តុតាងគួរឲ្យទុកចិត្តបាន អំពីវត្តមាននៃសារធាតុគីមីផូសហ្វីន (Phosphine) នៅក្នុងបរិយាកាសរបស់ភពសុក្រនោះឡើយ។

គួរជម្រាបថា ការផ្ទៀងផ្ទាត់លទ្ធផលបែបនេះ គឺជារឿងទូទៅក្នុងសហគមន៍អ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ព្រោះថាដើម្បីឲ្យលទ្ធផលណាមួយអាចយកជាការបាន ការរកឃើញរបស់ពួកគេត្រូវតែឆ្លងកាត់ការបង្កើតឡើងវិញ និងផ្ទៀតផ្ទាត់ដោយក្រុមដទៃទៀត។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តហូឡង់ ក្រុមអ្នកស្រាវជ្រាវនៃការសិក្សាដើម ក៏បានផ្តល់សហការតាមរយៈការចែករំលែកទិន្នន័យ និងវិធីសាស្រ្តស្រាវជ្រាវជាមួយពួកគេផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Universe Today (ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០)

 

LEAVE A REPLY

Please enter your comment!
Please enter your name here