(វ៉ាស៊ីនតោន)៖ យន្តហោះ Boeing បំពាក់តេឡេស្កូបហៅថា សូហ្វីយ៉ា (SOFIA) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានរកឃើញថា ទឹកពិតជាមាននៅលើផ្ទៃរបស់ព្រះច័ន្ទដែលរងពន្លឺពីព្រះអាទិត្យ។ របកគំហើញនេះបង្ហាញថា ទឹកប្រហែលជាមានវត្តមាននៅពាសពេញលើផ្ទៃព្រះច័ន្ទ មិនមែនតែនៅកន្លែងដែលត្រជាក់ខ្លាំងក្រោមសូន្យអង្សា និងមិនទទួលរងពន្លឺ ដូចការសន្និដ្ឋានកាលពីមុននោះទេ។

ជុំវិញព័ត៌មានដែលកំពុងបង្កការភ្ញាក់ផ្អើល ពាសពេញពិភពអ្នកវិទ្យាសាស្ត្រខាងលើនេះ NASA បានបញ្ជាក់ថា SOFIA បានប្រទះឃើញសញ្ញាពិសេស នៃម៉ូលេគុលរបស់ទឹកគឺ H2O នៅរណ្តៅអាចម៍ផ្កាយដ៏ធំមួយឈ្មោះ ក្លាវៀស (Clavius) ស្ថិតនៅអឌ្ឍគោលខាងត្បូងរបស់ព្រះច័ន្ទ ដែលអាចមើលឃើញពីផែនដី។ ប្រការនេះមានន័យថា ទឹកពិតជាស្ថិតនៅទីនោះប្រាកដមែន។ ការអង្កេតកន្លងៗមកលើផ្ទៃព្រះច័ន្ទ បានត្រឹមប្រទះឃើញសញ្ញាស្រដៀងៗទៅនឹងសារធាតុទឹកប៉ុណ្ណោះ ប៉ុន្តែមិនអាចបែងចែកឲ្យច្បាស់ឡើយថា វាជាសញ្ញារបស់ទឹកមែន ឬមួយក៏របស់ម៉ូលេគុលផ្សេងៗទៀត ដែលស្រដៀងគ្នាហៅថា អ៉ីដ្រុកស៊ីល (Hydroxyl ឬ OH) នោះឡើយ។

ទិន្នន័យពីទីតាំងខាងលើបង្ហាញថា ទឹកនៅទីនោះមានបរិមាណតិចជាង វត្តមានទឹកនៅតំបន់វាលខ្សាច់សាហារ៉ា លើភពយើងប្រហែលជា ១០០ដងឯណោះ។ ទោះវាជាបរិមាណតិចតួចមួយក៏ដោយ តែរបកគំហើញថ្មីនេះបានចោទជាសំណួរថ្មីទៀតថា តើទឹកអាចកកើតឡើងដោយរបៀបណានៅទីនោះ?

ទឹកជាធនធានដ៏មានតម្លៃក្នុងទីអវកាស ហើយជាធាតុផ្សំមួយក្នុងចំណោម ៤នៃជីវិតដែលយើងស្គាល់ (ទឹក ដី ភ្លើង និងខ្យល់)។ ប៉ុន្តែថាតើទឹកដែលកែវយឺត SOFIA បានរកឃើញនោះ អាចយកមកប្រើប្រាស់ជាធនធាន ឬងាយនឹងទាញយកមកប្រើប្រាស់បានដែរឬអត់ នៅជារឿងមិនទាន់កំណត់ច្បាស់បាននៅឡើយទេ។ លទ្ធផលអង្កេតរបស់ SOFIA ពេលនេះ គឺត្រូវបានធ្វើឡើងបន្តពីលើការសិក្សាស្រាវជ្រាវជាច្រើនកាលពីមុនៗមក ទាក់ទងនឹងវត្តមានទឹកនៅលើផ្ទៃព្រះច័ន្ទ។

នៅពេលក្រុមអវកាសយានិកនៃបេសកកម្មអាប៉ូឡូ បានត្រឡប់មកពីព្រះច័ន្ទវិញជាលើកដំបូងនៅឆ្នាំ១៩៦៩ វាត្រូវគេសន្មត់ថា ជាទីឋានដែលស្ងួតហួតហែងដែលគ្មានទឹកឡើយ។ ដោយឡែកក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះវិញ ទឹកក្នុងទម្រង់កកត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថា មានវត្តមាននៅតាមរណ្តៅធំៗ ដែលមិនធ្លាប់ស្គាល់ពន្លឺថ្ងៃឡើយ នៅឯប៉ូលទាំងពីររបស់ព្រះច័ន្ទ ជាពិសេសនៅតំបន់ប៉ូលខាងត្បូង។

កំឡុងពេលនោះ យានអវកាសមួយចំនួនរួមមាន កាស៊ីនី (Cassini) និង ឌីបអ៊ីមផេក (Deep Impact) របស់ NASA ព្រមទាំងចន្ទ្រយាន១ (Chandrayaan-1) របស់ឥណ្ឌា ក៏ដូចជា ប្រព័ន្ធតេឡេស្កូបលើផែនដីផ្ទាល់របស់ NASA បានធ្វើការអង្កេតយ៉ាងទូលំទូលាយលើផ្ទៃព្រះច័ន្ទ និងបានរកឃើញភស្តុតាងស្រពិចស្រពិលមួយចំនួន នៃវត្តមានទឹកនៅតំបន់ដែលរងពន្លឺ។ ទោះជាបែបនេះក្តី បេសកកម្មទាំងអស់នោះ នៅតែមិនអាចបែងចែកឲ្យដាច់ស្រឡះថា វាជាទឹកដូចនៅលើផែនដី (H2O) ឬជាសារធាតុគីមី ដែលមានទម្រង់ម៉ូលេគុលស្រដៀងទឹក Hydroxyl (OH)។

NASA បានលើកឡើងថា ដោយគ្មានស្រទាប់បរិយាកាសផងនោះ ទឹកដែលនៅកន្លែងទទួលរងពន្លឺលើផ្ទៃព្រះច័ន្ទ គួរតែហួតឡើងទៅបាត់ក្នុងទីអវកាស។ មូលហេតុដែលយើងប្រទះឃើញវាបែបនេះ គឺច្បាស់ជាមានអ្វីម៉្យាងបង្កើតទឹក និងអ្វីម៉្យាងដែលរាំងខ្ទប់វាឲ្យជាប់នៅទីនោះ។ អាចមានកត្តាមួយចំនួនដែលដើរតួនាទី ក្នុងការនាំយកឬបង្កើតទឹកនៅតំបន់ខាងលើ។

កត្តាទីមួយគឺភ្លៀងកម្ទេចអាចម៍ផ្កាយល្អិតៗ ដែលបានធ្លាក់ស្រោចមកលើផ្ទៃព្រះច័ន្ទ និងមានផ្ទុកនូវទឹកក្នុងបរិមាណបន្តិចបន្តួច ប្រហែលជាបានបញ្ចេញទឹកនៅពេលពួកវា មកលើផ្ទៃព្រះច័ន្ទ។ លទ្ធភាពមួយទៀតគឺអាចជាដំណើរការ ២ដំណាក់កាល ដែលដំបូងគឺជាចំហាយខ្យល់ព្យុះព្រះអាទិត្យ (Solar Wind) បាននាំអ៉ីដ្រូសែនមកកាន់ផ្ទៃព្រះច័ន្ទ ហើយបង្កឲ្យមានប្រតិកម្មគីមីជាមួយសារធាតុរ៉ែនៅទីនោះ ដែលមានផ្ទុកអុកស៉ីសែន រួចបង្កើតចេញជា ម៉ូលេគុលទឹក (Hydroxyl ឬ HO)។ ទន្ទឹមគ្នានេះ ជាតិវិទ្យុសកម្មកើតឡើងពីភ្លៀងអាចម៍ផ្កាយតូចៗ ទំនងជាប្រែក្លាយ HO នោះឲ្យទៅជាទឹក (H2O) តែម្តង។

ដោយឡែកសម្រាប់សំនួរថា តើទឹកត្រូវរក្សាទុកនៅលើផ្ទៃព្រះច័ន្ទដោយរបៀបណាវិញ ក៏ជាសំណួរគួរឲ្យចាប់អារម្មណ៍ផងដែរ។ ទឹកអាចជាប់នៅជាទម្រង់មួយក្នុងដីព្រះច័ន្ទ ដែលកកើតចេញមកពីកម្តៅដ៏ក្តៅនៃភ្លៀងអាចម៍ផ្កាយ មកបុកលើផ្ទៃព្រះច័ន្ទ។ លទ្ធភាពមួយទៀតគឺថា ទឹកអាចស្ថិតនៅចន្លោះគ្រាប់ដីរបស់ព្រះច័ន្ទ ហើយមិនត្រូវពន្លឺព្រះអាទិត្យទេ។ ក្នុងលទ្ធភាពនេះ គឺទឹកនោះងាយស្រួលទាញយកទៅប្រើប្រាស់ជាងលទ្ធភាពទីមួយ។

គួរបញ្ជាក់ថា ជើងហោះហើរបន្តបន្ទាប់ទៀតរបស់ SOFIA នឹងបន្តអង្កេតរកមើលវត្តមានទឹក នៅតំបន់រងពន្លឺដទៃទៀតលើផ្ទៃព្រះច័ន្ទ ដើម្បីជួយអ្នកវិទ្យាសាស្រ្តស្វែងយល់ឲ្យកាន់តែច្បាស់បន្ថែមទៀត។ ក្រៅពីការរកឃើញទឹកនៅកន្លែងដែលទទួលរងពន្លឺ ក៏មានការស្រាវជ្រាវថ្មីដែលបានរកឃើញថា អាចមានទឹកនៅកកជាប់នៅតាមរណ្តៅតូចៗដែលមិនត្រូវពន្លឺ និងមានសីតុណ្ហភាពត្រជាក់ នៅលើផ្ទៃព្រះច័ន្ទច្រើនជាងការស្មានផងដែរ៕

ប្រភព៖ អង្គការ NASA (ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here