(កាលីហ្វ័រញ៉ា)៖ ម្ចាស់ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX គឺលោក អេឡុន​ ម៉ាសក៍ (Elon Musk) បានឲ្យដឹងថា ការធ្វើតេស្តហោះហើរដ៏សំខាន់ដំបូងនៃនាវាអវកាស Starship ដែលសម្រាប់ដឹកអ្នកដំណើរទៅកាន់ព្រះច័ន្ទ និងភពអង្គារ (Mars) ជាដើមនោះ នឹងមានការផ្សាយផ្ទាល់ជូនគ្រប់គ្នាទស្សនា។

ប្រធានក្រុមហ៊ុន SpaceX រូបនេះបាននិយាយថា ការផ្សាយផ្ទាល់នៃព្រឹត្តិការណ៍ខាងលើ ដែលត្រូវប្រព្រឹត្តទៅក្នុងខែវិច្ឆិកានេះ នឹងជួយបំផុសឲ្យសាធារណជនមានក្តីរំភើបកាន់តែខ្លាំង ចំពោះការធ្វើដំណើរក្នុងទីអវកាស បើទោះបីជាការធ្វើតេស្ត Starship មិនទាន់ទទួលជោគជ័យក៏ដោយ។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោក Musk បានប្រាប់ថា «វាប្រហែលជាការ livestream ដ៏ខ្លីមួយ» ដែលជាការឆ្លើយតបទៅនឹងសំណួរថា តើការធ្វើតេស្តហោះហើររយៈកម្ពស់ ១៥គីឡូម៉ែត្ររបស់នាវាអវកាស Starship អាចនឹងត្រូវផ្សាយផ្ទាល់នៅលើឆាណែល YouTube របស់ SpaceX ដែរឬអត់។

គួរជម្រាបថា កន្លងមក Starship ធ្លាប់ត្រូវបានធ្វើតេស្ត​បាញ់បង្ហោះឡើងទៅលើអាកាស បានតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ។ នាវាអវកាសនេះកំពុងស្ថិតក្រោមការអភិវឌ្ឍ ដើម្បីឲ្យក្លាយជាយានជំនិះដឹកមនុស្សធ្វើដំណើរ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ លោក Musk ធ្លាប់បានអះអាងថា Starship អាចទៅចុះនៅលើផ្ទៃព្រះច័ន្ទនៅឆ្នាំ២០២៤ គឺឆ្នាំតែមួយដែលកម្មវិធី អាថេមីស (Artemis) របស់អង្គការ NASA ដែលចង់បញ្ជូនអវកាសយានិក ឲ្យទៅជាន់ដីទីនោះសាជាថ្មី។

ដោយឡែកពាក់ព័ន្ធនឹងកាលបរិច្ឆេទ នៃការធ្វើដំណើរទៅកាន់ភពអង្គារវិញ គឺមិនទាន់ច្បាស់នៅឡើយទេ។ លោក Elon Musk បានសង្ឃឹមថា នឹងមានឱកាសធ្វើដំណើរទៅកាន់ភពអង្គារដោយផ្ទាល់ ក្នុងមួយជីវិតរបស់លោក ប៉ុន្តែយោងតាមវឌ្ឍនភាពបច្ចុប្បន្ន ក្តីស្រមៃលោកប្រហែលជាពុំអាចទៅរួចនោះទេ។ ទោះជាយ៉ាងណា លោក Musk បានយកការអភិវឌ្ឍ Starship ជាអាទិភាពលេខមួយសម្រាប់ក្រុមហ៊ុន SpaceX មុនការអភិវឌ្ឍយាន Crew Dragon និងការអភិវឌ្ឍបណ្តាញផ្កាយរណប Starlink ទៅទៀត៕

ប្រភព៖ សារព័ត៌មាន Independent (ថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here