(អាមេរិក)៖ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Yale នៃរដ្ឋ Connecticut របស់អាមេរិក កំពុងតែព្យាយាមវាយតម្លៃលើវិធីសាស្រ្តមួយ ដែលអាចជួយដល់កិច្ចប្រឹងប្រែង ក្នុងការរុករកភពអាថ៌កំបាំង Planet NinePlanet X ដែលប៉ុន្មានឆ្នាំមកនេះ នៅតែស្ថិតក្នុងមន្ទិលនៅឡើយនោះ។

យោងតាមក្រុមអ្នកស្រាវជ្រាវខាងលើ វិធីសាស្រ្តនោះធ្លាប់ត្រូវបានប្រើប្រាស់ ដើម្បីរុករកវត្តមានព្រះច័ន្ទមួយចំនួន នៅក្នុងប្រព័ន្ធផ្កាយយើង ហើយវាប្រហែលក៏អាចជួយក្នុងការស្វែងរកភព Planet Nine បានផងដែរ ដែលអ្នកវិទ្យាសាស្រ្តខ្លះជឿជាក់ថា កំពុងពួនសម្ងំក្នុងប្រព័ន្ធព្រះអាទិត្យ ហួសឆ្ងាយពីគន្លងរបស់ភពបម្រុង «ភ្លូតូ» ទៅទៀត។

តាមរយៈវិធីសាស្រ្តខាងលើ ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Yale បានពិនិត្យមើលលើសំណុំរូបភាព បានមកពីកែវយឺតអវកាស TESS របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលមានតួនាទីស្វែងរកមើល ភពផ្សេងៗនៅក្រៅប្រព័ន្ធព្រះអាទិត្យ។ ពួកគេបានប្រទះឃើញ «សញ្ញាស្ទង់ៗនៃវត្ថុអវកាសតូចៗចំនួន ១៧ ហៅកាត់ថា TNO ឬ trans-Neptunian object ដែលជាវត្ថុគោចរជុំវិញព្រះអាទិត្យ នៅគន្លងហួសពីភពណិបទូន ដែលជាភពចុងគេបង្អស់នៃប្រព័ន្ធយើង»

គួរជម្រាបថា បច្ចុប្បន្នពួកគេកំពុងព្យាយាមផ្ទៀងផ្ទាត់វត្តមានរបស់ TNO ទាំង ១៧នោះ។ វត្ថុ TNO ត្រូវអ្នកវិទ្យាសាស្រ្តជឿជាក់ថាជា «តំរុយល្អ» ដែលអាចនាំទៅរកភព Planet Nine។ ពួកគេយល់ថា លក្ខណៈគន្លងចម្លែកៗនៃ TNO មួយចំនួនហាក់បង្កឡើងដោយឥទ្ធិពល​នៃវត្ថុអាថ៌កំបាំងធំមួយ ដែលមានម៉ាសលើសផែនដី ១០ដង និងគោចរជុំវិញព្រះអាទិត្យឆ្ងាយជាងភពយើង ដល់ទៅរាប់រយដងឯណោះ ។ យ៉ាងណាស់ក៏ដោយ មិនមែនអ្នកវិទ្យាសាស្រ្តទាំងអស់ សុទ្ធតែជឿលើទ្រឹស្តីនេះឡើយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here