SpaceX និងអវកាសយានិកអាមេរិក-ជប៉ុន ត្រៀមខ្លួនរួចជាស្រេច ដើម្បីហោះទៅកាន់ស្ថានីយអវកាស នៅចុងសប្តាហ៍នេះ!

0

(អាមេរិក)៖ អវកាសយានិកនៃអង្គការអវកាសអាមេរិក NASA និងជប៉ុន JAXA សរុបចំនួន ០៤រូបបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីជិះយាន Crew Dragon ពាំជាប់គ្រប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ហោះឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន ត្រូវនឹងព្រឹកថ្ងៃអាទិត្យពេលវេលានៅភ្នំពេញ) ចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋផ្ល័ររីដា ភាគនិរតីសហរដ្ឋអាមេរិក។

អង្គការ NASA និងក្រុមហ៊ុន SpaceX នៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ចប់ជាផ្លូវការនូវការត្រួតពិនិត្យ ការត្រៀមលក្ខណៈរួចជាស្រេច ដើម្បីហោះហើរ (flight readiness review ឬ FRR) ដែលជាការអង្កេតដ៏លម្អិតបំផុតមួយ ដោយក្រុមជំនាញនៃស្ថាប័នទាំងពីរ ដើម្បីឲ្យប្រាកដច្បាស់បំផុតថា ការបាញ់បង្ហោះនឹងត្រូវធ្វើឡើងដោយរលូន ទៅតាមការគ្រោងទុក។

អ្វីដែលកាន់តែពិសេសនោះគឺ NASA និង SpaceX នៅទីបំផុតបានឈានដល់ចំណុចរួមមួយហើយ នោះគឺការចុះកិច្ចព្រមព្រៀង ដើម្បីទទួលស្គាល់ជាផ្លូវការ នូវសេវាកម្មដឹកជញ្ជូនអវកាសយានិក របស់អង្គការអវកាសអាមេរិកមួយនេះ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ដែលវាគឺជាលើកដំបូងបំផុត គិតចាប់តាំងពីកម្មវិធីដឹកអវកាសយានិក Space Shuttle ត្រូវបានបិទបញ្ចប់កាលពីឆ្នាំ២០១១។

កិច្ចព្រមព្រៀងនៃផែនការខាងលើនេះ គឺរួមបញ្ចូលការប្រើប្រាស់សេវាយាន Crew Dragon, គ្រាប់រ៉ុក្កែត Falcon 9 និងប្រព័ន្ធបន្ទាប់បន្សំដទៃៗទៀត​នៅលើផែនដី។ ប្រធានគ្រប់គ្រងកម្មវិធីហោះហើររបស់ NASA លោក Kathy Lueders បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយព្រឹត្តិការណ៍ខាងលើនេះថា «វាជាថ្ងៃដ៏ធំធេងមួយ។ ប៉ុន្តែនៅប៉ុន្មានថ្ងៃខាងមុខនេះ វានឹងក្លាយជាថ្ងៃដ៏ធំធេងជាងនេះ…»។

គួរបញ្ជាក់ថា បេសកកម្មដឹកអវកាសយានិក NASA ចំនួន ០៤រូបខាងលើនេះ ត្រូវបានដាក់ឈ្មោះឲ្យថា «Crew-1»។ វាត្រូវបានចាត់ទុកជា ការដឹកនាំជញ្ជូនអវកាសយានិកដំបូងបង្អស់របស់ SpaceX ដែលបានទទួលស្គាល់ជាផ្លូវការដោយអង្គការ NASA។ សម្រាប់អវកាសយានិកទាំង ០៤រូបខាងលើនេះគឺ ០៣រូបមកពីអង្គការ NASA មានដូចជា Shannon Walker, Victor Glover និង Michael Hopkin ខណៈអវកាសយានិកមួយរូបទៀត មកពីអង្គការអវកាសជប៉ុន JAXA គឺ Soichi Noguchi៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០)

 

LEAVE A REPLY

Please enter your comment!
Please enter your name here