(បរទេស)៖ អ្វីៗដែលបានកើតឡើង នៅតំបន់ត្រីកោណមរណៈ Bermuda វាហាក់ត្រឹមជារឿងនិទានកាលពីអតីតកាល ឬជាអត្ថបទដដែលៗ ដែលត្រូវបានដុតបញ្ឆេះឡើងវិញ ដើម្បីទាក់ទាញមនុស្សម្នាឲ្យចាប់អារម្មណ៍ ពីមួយជំនាន់ទៅមួយជំនាន់ កុំឲ្យភ្លេចវាតែប៉ុណ្ណោះ ឬអាចថា វាអាចទាក់ទាញមនុស្សជំនាន់ថ្មី ដែលមិនធ្លាប់ដឹងលឺពីមុន។ តើហេតុអ្វីទើបយើងហ៊ានអះអាងយ៉ាងដូច្នោះ?

១៖ សម័យកាលណោះ ខុសពីសម័យកាលនេះ

បើយើងនិយាយសាជាថ្មីឡើងវិញ រាប់ចាប់តាំងពីការបាត់នាវាកងទ័ពអាមេរិក, ការបាត់យន្តហោះចម្បាំង និងការមិនហ៊ានចល័តនាវាឆ្លងកាត់ទីនោះ គឺគ្រាន់តែរឿងអតីតកាលនៅពេលដែល ប្រព័ន្ធសម្រួលការធ្វើនាវាចរលើភពផែនដី មិនទាន់មានភាពទំនើប ហើយផ្កាយរណបស្ទាបស្ទង់អាកាសធាតុ និងភូមិសាស្ត្រ ក៏មិនទាន់មានដែរកាលពីជាងកន្លះសតវត្សរ៍មុន។ ហេតុអ្វីបានជាយើងត្រូវនិយាយដល់ ផ្កាយរណបស្ទាបស្ទង់អាកាសធាតុ និងភូមិសាស្ត្រ?

ជាការពិតណាស់ មនុស្សលោកនាសម័យសតវត្សរ៍ទី ២១ នេះ តែងតែបានដឹងអំពីការព្យាករណ៍អាកាសធាតុ ថានឹងមានព្យុះភ្លៀង ហើយនៅពេលដែលបច្ចេកវិទ្យាកាន់តែទំនើប យើងអាចមើលដឹងអំពីទិសដីព្យុះថាកំពុងចល័តទៅទីណា កម្លាំងព្យុះកម្រិតណា និងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានម៉ោងទៀត វានឹងទៅដល់តំបន់ណាទៀតផង។ សម័យនេះគឺប្រាកដណាស់ថា ខុសឆ្ងាយដាច់ស្រឡះពីប៉ុន្មានទសវត្សរ៍មុន ជាពិសេសនៅអំឡុងសម័យដែល រឿងរ៉ាវអំពី Bermuda ផ្ទុះឡើងខ្លាំងក្លានោះឯង។

២៖ តំបន់ត្រីកោណ Bermuda ស្ថិតនៅភូមិសាស្ត្រងាយ រងគ្រោះធម្មជាតិសាហាវៗ

ចំណុចធំមួយក្នុងរឿងនេះ គឺជាដែនសមុទ្រដែលគេហៅថា Bermuda Triangle នោះស្ថិតនៅក្នុងភាគខាងលិច នៃមហាសមុទ្រអាត្លង់ទិច ហើយព្យុះច្រើនប្រភេទដូចជា ស៊ីក្លូន ត្រូពិក ថូណាដូ និងហឺរីខិនជាដើម តែងតែរំកិលឆ្លងកាត់ទីនោះ ចំនួនរាប់សិបព្យុះឯណោះក្នុងមួយឆ្នាំៗ។ ហេតុអ្វីក៏មានព្យុះច្រើនម្ល៉េះ? ចម្លើយនោះគឺមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិច សុទ្ធតែផ្លូវនៃចរន្តខ្យល់របស់ផែនដីចល័តទៅមក ហើយនៅពេលដែលខ្យល់ត្រជាក់ពីប៉ូល ប៉ះខ្យល់ក្តៅពីមហាសមុទ្រ នោះព្យុះនឹងកកើតឡើង។

កាលពីសតវត្សរ៍មុន ការព្យាករណ៍អាកាសធាតុពិតជា មិនដូចសតវត្សរ៍ថ្មីនេះឡើយ ហើយបើគ្មានផ្កាយរណបទៀតនោះ គឺយើងនឹងមិនដឹងថា ព្យុះអាចកកើតឡើងពេលណា និងអាចចល័តទៅទីណាខ្លះនោះឡើយ។ ការឆ្លងកាត់តំបន់មួយ ដែលបានបង្កឲ្យកើតឡើងមានគ្រោះថ្នាក់ជារឿយៗ ឬជាញឹកញាប់ យូរៗទៅនឹងអាចឲ្យមានពាក្យដំណាល អំពីតំបន់គ្រោះថ្នាក់ (ចង្រៃ) និងខ្លះអាចឈានទៅហៅវាថា «តំបន់អាថ៌កំបាំង» ដែលលេចចេញហេតុការណ៍ចម្លែកៗ មានដូចជានាវា និងយន្តហោះបាត់ដំណឹងជាដើម។ ការបកស្រាយត្រឹមតែប៉ុណ្ណេះ បងប្អូនពិតជាអាចយល់ខ្លះៗ អំពីការពិតនៅពីក្រោយរឿងនេះ។ ប៉ុន្តែវាមិនទាន់ចប់ត្រឹមនេះទេ។

៣៖ គ្មានតំបន់ត្រីកោណ Bermuda ហើយក៏គ្មានអ្វីត្រូវបកស្រាយដែរ

ឥឡូវឈានចូលដល់ការបកស្រាយមួយទៀតវិញ ដែលត្រូវបានធ្វើឡើងកាលពីប៉ុន្មានឆ្នាំមុននេះ។ ការបកស្រាយនេះបានអះអាងចំៗថា គ្មានតំបន់ត្រីកោណប៊ឺមូដា (Bermuda Triangle) អ្វីនោះឡើយ ហើយក៏គ្មានអាថ៌កំបាំងអ្វី ដែលត្រូវបកស្រាយនោះដែរ។ មួយវិញទៀត ក៏គ្មានយន្តហោះ និងកប៉ាល់អ្វីបន្ថែមទៀតបានបាត់ខ្លួន បន្ទាប់ពីរឿងនិទានដែលបានសរសេរ កាលពីទសវត្សរ៍ ១៩៥០ និង ១៩៧០ ទៀតនោះដែរ។

ជាក់ស្តែងតំបន់ត្រីកោណ Bermuda គឺសំដៅទៅការកំណត់ ដែនសមុទ្ររាងត្រីកោណដោយយករដ្ឋផ្ល័ររីដា តំបន់កោះប៊ឺមូដា និងកោះផឺតូរីកូ ធ្វើជាទីដៅប៉ុណ្ណោះ ហើយវាបានធ្វើឲ្យមនុស្សម្នាចាប់អារម្មណ៍ខ្លាំងដំបូង កាលពីទសវត្សរ៍ ១៩៥០ ដោយអ្នកកាសែតម្នាក់ឈ្មោះ Edward Van Winkle Jones ដែលបានសរសេរអត្ថបទឲ្យទីភ្នាក់ងារព័ត៌មាន AP អំពីការបាត់ខ្លួននៃនាវា និងយន្តហោះជាច្រើនគ្រឿង នៅតំបន់ខាងលើនេះ។

បញ្ហាកាន់តែរីកធំជាងនេះទៅទៀត នៅពេលដែលសៀវភៅអំពីតំបន់ត្រីកោណ Bermuda ត្រូវបានអ្នកនិពន្ធឈ្មោះ Charles Berlitz ធ្វើការបោះពុម្ភផ្សាយកាលពីទសវត្សរ៍ ១៩៧០ បានធ្វើឲ្យមនុស្សជាច្រើន នឹកស្រមៃទៅដល់ថាសហោះ (UFO) ឬទឹកកួចបង្កើតចេញជារណ្តៅចូលក្នុងបាតសមុទ្រ ដែលអាចស្រូបទាញយន្តហោះ និងកប៉ាល់នានាចូលទៅក្នុងនោះ ដែលវាពិតជាការនឹកឃើញដ៏គួរឲ្យព្រឺព្រួច ដែលអាចបោកមនុស្សមួយចំនួននាសម័យកាលនោះ ឲ្យវង្វេងវង្វាន់បាន។

ប៉ុន្តែអ្វីដែលជាបញ្ហានោះ គ្មាននរណាម្នាក់ ឬក្រុមស៊ើបអង្កេតផ្លូវការណាមួយ បានធ្វើការចេញបេសកកម្មស្វែងរកការពិត ចំពោះការអះអាងថា យន្តហោះ និងកប៉ាល់ទាំងនោះ បានបាត់ដំណឹងដោយអាថ៌កំបាំងមែន ឬក៏អត់នោះឡើយ។ អ្នកកាសែតមួយរូបឈ្មោះ Larry Kusche នៅប៉ុន្មានឆ្នាំបន្ទាប់មកទៀត បានធ្វើការពិនិត្យព័ត៌មាន និងភាពជាក់ស្តែង ទៅលើតំបន់ត្រីកោណ Bermuda នោះ ប៉ុន្តែលោកអះអាងថា គ្មានអាថ៌កំបាំងអ្វី ដែលត្រូវឲ្យបកស្រាយឡើយ។

បន្ថែមពីនេះអ្នកជំនាញមួយរូបឈ្មោះ Benjamin Radford ក៏ធ្លាប់បានបកស្រាយកាលពីប៉ុន្មានឆ្នាំមុននេះដែរថា «អាចមានករណីខ្លះដែរថា គ្រាន់តែជាការស្រមើរស្រមៃរបស់អ្នកសរសេរសៀវភៅ អំពីយន្តហោះ និងកប៉ាល់បាត់ដំណឹងនៅតំបន់ត្រីកោណស្អីគេនឹង។ ប៉ុន្តែក៏មានការពិតដែរថា យន្តហោះ និងកប៉ាល់ខ្លះបានធ្លាក់ និងលិចលង់នៅតំបន់នោះមែន ដោយវាត្រូវបានបង្កដោយខ្យល់ព្យុះ និងរលកសមុទ្របោកបក់ ព្រោះដែនសមុទ្រទីនោះ ជាទីឆ្លងកាត់នៃព្យុះតូចធំជាច្រើនក្នុងមួយឆ្នាំៗ ដូច្នេះវាគ្មានការបាត់ខ្លួនដោយអាថ៌កំបាំងអ្វីឡើយ»។

សរុបសេចក្តីមកយើងអាចនិយាយបានថា គ្មានតំបន់ត្រីកោណ Bermuda ត្រូវបានទទួលស្គាល់ជាផ្លូវការនោះឡើយ។ Bermuda Triangle ត្រឹមមានក្នុងសៀវភៅរឿង ដែលគេប្រឌិតសាច់រឿងឡើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ។ ព្យុះគឺជាកត្តាចម្បង ដែលបានបង្កឲ្យកប៉ាល់លិច និងយន្តហោះមួយចំនួនធ្លាក់មែននៅទីនោះ ប៉ុន្តែវាជាបាតុភូតធម្មជាតិប៉ុណ្ណោះ៕

បកប្រែ និងសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Live Science និង Science Alert (ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here