(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសឈ្មោះអវកាសយានិកចំនួន ១៨នាក់ ក្នុងនោះពាក់កណ្តាលជាស្រ្តី ដែលនឹងត្រូវហ្វឹកហាត់សម្រាប់កម្មវិធី បេសកកម្មឋានព្រះច័ន្ទជំនាន់ថ្មីរបស់ខ្លួនហៅថា Artemis។

អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានណែនាំខ្លួនក្រុមអវកាសយានិកខាងលើ នៅថ្ងៃពុធ ទី០៩ ខែធ្នូ អំឡុងកិច្ចប្រជុំចុងក្រោយរបស់លោកក្នុងនាមជា ប្រធានក្រុមប្រឹក្សាជាតិអវកាស នៃសហរដ្ឋអាមេរិក នៅឯមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លូរីដា ក៏ប៉ុន្តែមានអវកាសយានិកតែ ០៥រូបប៉ុណ្ណោះ ដែលបានបង្ហាញវត្តមានផ្ទាល់ នៅក្នុងព្រឹត្តិការណ៍នោះ។

ប្រធានទីភ្នាក់ងារ NASA លោក Jim Bridenstine បានគូសបញ្ជាក់ថា តទៅខាងមុខនឹងមានអវកាសយានិកបន្ថែមទៀត ចូលរួមក្នុងកម្មវិធី Artemis។ បច្ចុប្បន្ន NASA មានអវកាសយានិកសរុប ៤៧នាក់ ដែលកំពុងបម្រើការងារ។ ដោយឡែកក្នុងចំណោមអវកាសយានិកទាំង ១៨នាក់ដែលត្រូវបានជ្រើសរើសខាងលើ ពាក់កណ្តាលធ្លាប់មានបទពិសោធន៍ ធ្វើដំណើរឡើងទីអវកាសរួចហើយ។

គួរបញ្ជាក់ថា NASA គ្រោងបញ្ជូនអវកាសយានិក ទៅជាន់លើផ្ទៃព្រះច័ន្ទជាថ្មីម្តងទៀតនៅឆ្នាំ២០២៤ ក្នុងនោះនឹងមានស្រ្តីដំបូងគេដែលធ្វើយ៉ាងដូច្នោះ ហើយពួកគេនឹងត្រូវជ្រើសរើសចេញពីក្រុមខាងលើ។ កន្លងមកមានមនុស្ស ១២នាក់ សុទ្ធតែជាបុរសទាំងអស់ ដែលបានដើរនៅលើផ្ទៃព្រះច័ន្ទ ដោយអ្នកចុងក្រោយគេបង្អស់គឺលោក Gene Cernan នៃបេសកកម្ម Apollo 17 កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៧២៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ CNA (ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here