(បរទេស)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បានប្រកាសផ្តល់ឲ្យមហាសេដ្ឋីអាមេរិកលោក អេឡុន ម៉ាសក៍ (Elon Musk) ធ្វើការពិចារណាក្នុងការកសាង ទីតាំងបាញ់បង្ហោះគ្រាប់រ៉ុក្កែតរបស់ SpaceX នៅក្នុងទឹកដីប្រទេសធំជាងគេ ប្រចាំតំបន់អាស៊ានមួយនេះ។

ព័ត៌មានខាងលើទើបតែត្រូវបានប្រកាសចេញ នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះប៉ុណ្ណោះ ក្រោយពីលោកប្រធានាធិបតី ចូកូ វីដូដូ បានជួបសន្ទនាតាមទូរស័ព្ទដោយផ្ទាល់ ជាមួយមហាសេដ្ឋីអាមេរិកលោក Elon Musk កាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសឥណ្ឌូណេស៊ី និងក្រុមហ៊ុនផលិតរថយន្ត Tesla ដែលអាចទៅរួច។

បើតាមប្រភពពីក្រសួងកិច្ចការវិនិយោគ និងនាវាចរឥណ្ឌូណេស៊ី បានគូសបញ្ជាក់ឲ្យដឹងថា «មិនត្រឹមតែការពិភាក្សា ទៅលើកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Tesla នោះឡើយ លោកប្រធានាធិបតីឥណ្ឌូណេស៊ី ថែមបានបង្ហាញការចង់បានមួយទៀត ឲ្យលោក Elon Musk យកទៅពិចារណា នោះគឺការជ្រើសរើសយកខេត្ត ប៉ាពួ (Papua) ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ធ្វើជាទីតាំងបាញ់បង្ហោះមួយ សម្រាប់ក្រុមហ៊ុនអវកាសឯកជន SpaceX ដែលកំពុងមានសក្តានុពល យ៉ាងខ្លាំងក្លាបំផុត»។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីដែលត្រូវបានគេដឹងថា សំបូរទៅដោយធនធានរ៉ែ ស្ពាន់ នីកែល និងសំណប៉ាហាំងនោះ កំពុងតែទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់លោក Elon Musk ឲ្យបើករោងចក្រផលិតអាគុយ និងបរិក្ខាមួយចំនួនទៀត នៅក្នុងប្រទេសបងធំអាស៊ានមួយនេះផ្ទាល់់តែម្តង។ ដោយឡែកសម្រាប់ការទាក់ទាញឲ្យលោក Elon Musk ពិចារណាបើកមូលដ្ឋានបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX នោះគឺមិនទាន់ទទួលបាន ការឆ្លើយតបនៅឡើយទេ៕

ប្រភព៖ CNA (ថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here