(បរទេស)៖ យោងតាមសេចក្តីរាយការណ៍មួយកាលពីថ្ងៃទី១៨ ខែធ្នូ របស់សារព័ត៌មានអង់គ្លេស The Guardian ក្រុមតារាវិទូនៃគម្រោង Breakthrough Listen បានប្រទះឃើញរលកសញ្ញាដ៏ចម្លែកមួយ ដែលហាក់ចេញមកពីម្តុំប្រព័ន្ធផ្កាយ ដែលនៅកៀកយើងបំផុតនោះគឺ Proxima Centauri។

ក្រុមការងារនៃគម្រោង Breakthrough Listen បានរកឃើញរលកសញ្ញាគួរឲ្យចាប់អារម្មណ៍មួយចំនួន ពេលពួកគេពិនិត្យឡើងវិញ ទៅលើទិន្នន័យនៃប្រព័ន្ធផ្កាយ Proxima Centauri ដែលត្រូវបានអង្កេតដោយប្រព័ន្ធតេឡេស្កូប Parkes នៅប្រទេសអូស្រ្តាលី កាលពីឆ្នាំ២០១៩។ រលកសញ្ញាសឹងទាំងអស់ ដែលការគណនារបស់ Breakthrough Listen ចាត់ទុកថា អាចជារលកសញ្ញាមកពីក្រៅប្រព័ន្ធព្រះអាទិត្យ ត្រូវបានវិភាគឃើញថា បង្កឡើងពីបច្ចេកវិទ្យាមនុស្សលោកយើង ដូចជាផ្កាយរណបជាដើម «ប៉ុន្តែលើកលែងរលកសញ្ញាចម្លែកមួយ»។

រលកសញ្ញាចម្លែកមួយនោះ មានរយៈពេលប្រមាណជា ៣ម៉ោង ហើយស្ថិតនៅចន្លោះរលក wavelength ដែលជាទូទៅមិនត្រូវបានប្រើប្រាស់ ដោយផ្កាយរណប ឬយានអវកាសដែលមនុស្សបង្កើតឡើងនោះទេ។ វាក៏ជារលកសញ្ញាដំបូងបំផុតផងដែរ ដែលបានឆ្លងផុតប្រព័ន្ធត្រួតពិនិត្យជុំទីមួយរបស់ Breakthrough Listen ដែលត្រូវបានរចនាឡើងជាចម្បង ដើម្បីជម្រុះរលកសញ្ញា ដែលតាមពិតចេញមកផែនដី និងបង្កការរំខានពីផែនដី។ រលកសញ្ញានោះត្រូវបានដាក់ឈ្មោះសម្គាល់ផ្លូវការថា Breakthrough Listen Candidate 1 ឬ BLC1។

យ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្រ្តនៃគម្រោង Breakthrough Listen បានសង្កត់ធ្ងន់ថា បើតាមការជឿជាក់របស់ពួកគេ គឺសញ្ញានោះទំនងជាបង្កឡើងដោយបច្ចេកវិទ្យារបស់មនុស្ស ជាជាងរលកសញ្ញាដែលបញ្ចេញមកពីពួកអេលៀនណាមួយ។ បញ្ហាគឺត្រង់ថា រាល់រលកសញ្ញាចម្លែកទាំងប៉ុន្មាន ដែលក្រុមតាមដានរបស់គម្រោង Breakthrough Listen ធ្លាប់បានប្រទះឃើញ គឺសុទ្ធតែអាចត្រូវបានបកស្រាយ ដោយប្រព័ន្ធធ្វើតេស្តជម្រុះជុំដំបូង។ ដូច្នេះហើយ ពួកគេកំពុងព្យាយាមធ្វើតេស្តបន្ថែមទៀត ដែលពួកគេមិនដែលធ្វើពីមុនមក ទៅលើរលកសញ្ញា BLC1 ដើម្បីឲ្យប្រាកដ។

គួរបញ្ជាក់ថា ប្រសិនបើសញ្ញានោះពិតជាមកពីប្រព័ន្ធផ្កាយ Proxima Centauri មែន ដែលស្ថិតនៅចម្ងាយ ៤.២ឆ្នាំពន្លឺពីយើង នោះវានឹងជារឿងគួរឲ្យចាប់អារម្មណ៍ជាទីបំផុត ដោយសារនៅទីនោះមានភពយ៉ាងហោច ២ កំពុងគោចរជុំវិញផ្កាយ Promixa Centauri ដែលជាផ្កាយតូចមួយ ស្ថិតនៅជាមួយប្រព័ន្ធផ្កាយភ្លោះ Alpha Centauri នោះ។

បើតាមក្រុម Breakthrough Listen ក្នុងពេលប៉ុន្មានខែទៀត គឺយើងនឹងអាចដឹងច្បាស់ថា តើរលកសញ្ញា BLC1 គ្រាន់តែជារលកសញ្ញារំខាន ដែលបង្កឡើងដោយបច្ចេកវិទ្យាផែនដី ឬយ៉ាងណា ក្រោយពួកគេធ្វើតេស្តបន្ថែម ហើយចេញផ្សាយលទ្ធផលស្រាវជ្រាវជាផ្លូវការ។ មួយវិញទៀត បើទោះបីជារលកសញ្ញានោះ មិនមែនចេញមកពីផ្កាយរណប ឬយានណាមួយក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ត នឹងត្រូវធ្វើការស្វែងយល់ជាច្រើនថែមទៀត មុនពេលពួកគេអាចសន្និដ្ឋានបានថា វាពាក់ព័ន្ធនឹងអេលៀន៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ New Science, The Guardian (ថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២)

LEAVE A REPLY

Please enter your comment!
Please enter your name here