(បរទេស)៖ កន្លងមកក្រុមអ្នកវិទ្យាសាស្រ្ត បានសម្រុកធ្វើការស្រាវជ្រាវ​អំពីព្រះច័ន្ទ យូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ (Jupiter) និងព្រះច័ន្ទ អ៊ែនសេឡាដឹស (Enceladus) របស់ភពសៅរ៍ (Saturn) ជាដើម ហើយបានរកឃើញសមុទ្រ នៅក្រោមសំបកផ្ទាំងទឹកកករបស់ទីឋានទាំងនេះ។ ឥឡូវក្រុមអ្នកស្រាវជ្រាវកំពុងបង្វែរចំណាប់អារម្មណ៍ ទៅលើក្រុមព្រះច័ន្ទរបស់ភពអ៊ុយរ៉ាណុស (Uranus) វិញម្តង ក្នុងការស្វែងរកវត្តមានមហាសមុទ្រអាថ៌កំបាំង។

ក្រុមអ្នកស្រាវជ្រាវមួយ ដែលដឹកនាំដោយលោក ប៊ិនចាមីន វែស (Benjamin Weiss) ជាអ្នកវិទ្យាសាស្រ្តផ្នែកភពនៅសាកលវិទ្យាល័យ MIT របស់សហរដ្ឋអាមេរិក បានអភិវឌ្ឍមធ្យោបាយមួយ សម្រាប់ជួយដល់បេសកកម្មយានអវកាសនាថ្ងៃអនាគត ក្នុងការបញ្ជាក់ពីវត្តមាន នៃមហាសមុទ្រនៅក្រោមផ្ទៃនៃទីឋាន ដូចជាក្រុមព្រះច័ន្ទរបស់ភពអ៊ុយរ៉ាណុសជាដើម។

ភពអ៊ុយរ៉ាណុសមានព្រះច័ន្ទសរុប ២៨ ក្នុងនោះមាន ០៥ធំៗ ដែលពិសេសជាងគេនោះគឺ ថាយតេនៀ (Titania), អូបេរ៉ុន (Oberon), អាំប្រៀល (Umbriel), អារៀល (Ariel) និង មីរ៉េនដា (Miranda)។

នៅពេលយានអវកាស Voyager 2 បានហោះឆ្វែលប្រព័ន្ធភពអ៊ុយរ៉ាណុស កាលពីឆ្នាំ១៩៨៦ វាបានផ្តិតយករូបភាពមួយចំនួន ដែលបង្ហាញថាព្រះច័ន្ទទាំង ០៥នេះ មានសមាសធាតុផ្សំពីថ្ម និងទឹកកកក្នុងបរិមាណស្មើគ្នា ហើយមានរណ្តៅអាចម៍ផ្កាយជាច្រើន។ រូបភាពទាំងនោះ ក៏បានបង្ហាញនូវសញ្ញានៃសារធាតុទឹកក្នុងទម្រង់រាវ ដែលផុសឡើងមកលើផ្ទៃរបស់ព្រះច័ន្ទមួយ ក្នុងចំណោមព្រះច័ន្ទទាំង ០៥នោះ ហើយកកនៅលើផ្ទៃរបស់វានោះផងដែរ។

បាតុភូតខាងលើអាចបង្កឡើង ដោយសារតែមហាសមុទ្រ ស្រដៀងនឹងមហាសមុទ្រនៅឯព្រះច័ន្ទ Enceladus ដែលជះកំសួលទឹកឡើងទៅលើផ្ទៃអាកាស ក៏ដូចជាទីអវកាស។ ដើម្បីធានាថាបេសកកម្មយានអវកាសនាថ្ងៃខាងមុខ អាចរកឃើញឲ្យប្រាកដអំពីវត្តមាន នៃមហាសមុទ្រនៅក្រោមផ្ទៃព្រះច័ន្ទណាមួយ ក្នុងចំណោមព្រះច័ន្ទទាំង ០៥ ខាងលើរបស់ភពអ៊ុយរ៉ាណុស «ក្រុមអ្នកស្រាវជ្រាវបានអភិវឌ្ឍមធ្យោបាយមួយ»។

នៅពេលព្រះច័ន្ទគោចរជុំវិញភពមួយ ស្រទាប់ម៉ាញេទិចរបស់ភពនោះ នឹងទាញព្រះច័ន្ទមួយនោះមកឲ្យស្ថិតនៅក្បែរវា។ ការប្រទាញចូលបែបនេះដោយស្រទាប់ម៉ាញេទិច អាចបង្កើតនូវចរន្តអគ្គិសនី ដែលអាចបង្កើតស្រទាប់ម៉ាញេទិច ផ្ទាល់ខ្លួនរបស់វាហៅថា induced magnetic field។ ស្រទាប់ម៉ាញេទិចដាច់ដោយឡែកនេះ ត្រូវអ្នកវិទ្យាសាស្រ្តជឿថា អាចបង្កើតឡើងដោយស្រទាប់នៃសារធាតុរាវម៉្យាង ដែលអាចម្លងចរន្តអគ្គិសនី គឺដូចជាមហាសមុទ្រ ដែលស្ថិតនៅក្រោមផ្ទៃព្រះច័ន្ទណាមួយជាដើម។

កាលពីឆ្នាំ១៩៩៨ ក្រុមអ្នកវិទ្យាសាស្រ្តបានប្រើវិធីសាស្រ្តបែបនេះ ដើម្បីបញ្ជាក់ពីវត្តមានមហាសមុទ្រក្រោមផ្ទៃរបស់ព្រះច័ន្ទ Europa និងនៅព្រះច័ន្ទមួយទៀតរបស់ភពព្រហស្បតិ៍ឈ្មោះ កាលីស្តូ (Callisto)។ កម្រិតស្រទាប់ម៉ាញេទិច induced magnetic field របស់ Europa គឺ ២២០ណាណូតេស្លា (nanotesla) ខណៈកម្រិត របស់ Callisto គឺត្រឹម ៤០ណាណូតេស្លា។ (nanotesla ជារង្វាស់នៃកម្លាំងម៉ាញេទិច)

លោក Weiss និងក្រុមការងារបានប្រើប្រាស់គំរូលក្ខណៈទ្រឹស្តីមួយ នៃស្រទាប់ម៉ាញេទិចរបស់អ៊ុយរ៉ាណុស ដើម្បីគណនាកម្រិត induced magnetic fields ដែលអាចមាននៅលើព្រះច័ន្ទធំៗទាំង ០៥ របស់អ៊ុយរ៉ាណុស។ ក្នុងការពិសោធន៍នោះ ព្រះច័ន្ទ Miranda មានកម្រិត ៣០០ណាណូតេស្លា ដែលខ្លាំងជាងគេបង្អស់។ ខណៈការពិសោធន៍នេះ មិនមែនបញ្ជាក់ថា មានមហាសមុទ្រនៅក្រោមផ្ទៃព្រះច័ន្ទទាំងនោះ ក៏ដោយ Miranda ព្រមទាំង Ariel, Umbriel និង Titania ទំនងជាមានកម្រិត induced magnetic fields ខ្លាំងគ្រប់គ្រាន់ អាចឲ្យឧបករណ៍លើយានអវកាស ដែលបញ្ជូនទៅក្បែរនោះ អាចចាប់សញ្ញាបាន។

គួរបញ្ជាក់ថា យ៉ាងណាមិញ បច្ចុប្បន្នទីភ្នាក់ងារអវកាសអាមេរិក NASA ពុំទាន់មានផែនការបញ្ជូនយានអវកាសណាមួយ ឲ្យទៅស្រាវជ្រាវនៅប្រព័ន្ធភពអ៊ុយរ៉ាណុស ផ្ទាល់នៅឡើយទេ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space (ថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here