(អាមេរិក)៖ ក្រុមអ្នកអង្កេតទៅលើបេសកកម្មកន្លងមក របស់ក្រុមហ៊ុនអវកាសឯកជន SpaceX បានលើកឡើងថា ការប្រឹងប្រែងបង្កើតប្រព័ន្ធគ្រាប់រ៉ុក្កែត ដែលអាចប្រើប្រាស់ឡើងវិញបាន និងរុញច្រានដោយឥន្ធនៈមេតាន នោះគឺនាវាអវកាស (Starship) គឺនៅត្រឹមតែជាសំបុត្រ សម្រាប់ឲ្យយើងត្រៀមខ្លួនទៅកាន់ភពព្រះអង្គារ។

កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន SpaceX របស់លោក Elon Musk បានធ្វើតេស្តសាកល្បងទៅលើនាវាអវកាស Starship ដែលមានលេខសម្គាល់ SN8។ នាវាអវកាសប្រភេទនេះត្រូវបានរចនាឡើង ដើម្បីធ្វើដំណើរទៅចុះចតនៅឋានព្រះច័ន្ទ និងភពព្រះអង្គារ។ ការហោះឡើងដំបូងៗរបស់ Starship ពិតជាបានធ្វើឲ្យគ្រប់គ្នា មានអារម្មណ៍រំភើបប្រកបដោយមោទនភាព នៅមុនប៉ុន្មានវិនាទីនៃការចុះចត និងផ្ទុះឆេះយ៉ាងកញ្ជ្រោល។

មនុស្សមួយចំនួនពិតជាបានគិតថា វាជាភាពបរាជ័យមួយ ប៉ុន្តែសូមចងចាំថា នេះគឺជាការធ្វើតេស្ត ដែលមានដំណាក់កាលពិសោធន៍របស់វា។ យើងអាចសម្លឹងមើល ចំពោះថេរវេលានៃការហោះហើររបស់ Starship សរុបចំនួន ៦នាទីកន្លះ បូករួមជាមួយបច្ចេកវិទ្យា និងការបញ្ជានាវានេះជារួម នោះយើងនឹងអាចសរុបសេចក្តីបានថា វាជាជោគជ័យដ៏ធំមួយទៀត របស់ក្រុមហ៊ុន SpaceX ដែលមិនអាចប្រកែកបាន។

គ្រឿងយន្តអវកាសជាទូទៅ ដែលទម្លាក់ខ្លួនចុះមកដល់ផ្ទៃដីវិញ គឺតែងតែប្រើប្រាស់ស្លាបទប់ខ្យល់ ដើម្បីបន្ថយល្បឿនយាន ឬយើងហៅថា aerodynamic drag។ យានត្រូវបុកបរិយាកាសផែនដី នៅក្នុងល្បឿនជាមធ្យម ២៧,០០០គីឡូម៉ែត្រក្នុងមួយម៉ោង ដូច្នេះទើបធ្វើឲ្យតួយានឡើងកម្តៅខ្លាំង ដែលជាហេតុនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រ បង្កើតខែលទប់កម្តៅសម្រាប់យាន ហើយនៅពេលវាធ្លាក់ជិតដល់ផ្ទៃផែនដី ទើបឆ័ត្រយោងគ្រលាស់បញ្ចេញ ដើម្បីបន្ថយល្បឿនចុងក្រោយ។

ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតភាគច្រើន មិនត្រូវបានបង្កើតឡើង សម្រាប់ការចុះចតដោយសុវត្ថិភាពនោះឡើយ ដោយពួកវាជាធម្មតា ត្រូវបានបង្កើតឡើង ដើម្បីអាចស៊ូបាននឹងការបុកទង្គិចបរិយាកាស ហើយឆាបឆេះ និងបន្ទាប់មកទៀត គឺធ្លាក់ចូលទៅក្នុងសមុទ្រតែម្តង។ ការអនុវត្តដដែលៗនេះ គឺត្រូវបានចាត់ទុកថា ជាការខ្ជះខ្ជាយធនធានខ្លាំងណាស់។

ហេតុដូច្នេះហើយទើបម្ចាស់ក្រុមហ៊ុន SpaceX លោក Elon Musk បានងាកទៅស្វែងរកវិធីសាស្ត្រផ្សេងវិញ ដើម្បីអាចឲ្យយើងប្រើប្រាស់ឡើងវិញ នូវគ្រាប់រ៉ុក្កែត ដែលធ្លាប់ត្រូវបានប្រើប្រាស់រួចទៅហើយ (reusable rocket system)។ ប្រសិនបើអ្នកពិតជាត្រូវធ្វើដំណើរទៅត្រូវទៅព្រះច័ន្ទ រួចទើបបន្តដំណើរទៅកាន់ភពអង្គារនោះ វិធីសាស្ត្ររបស់ SpaceX គឺពិតជាសមហេតុផល ពីព្រោះអ្នកនឹងតម្រូវឲ្យចាក់បន្ថែមតែឥន្ធនៈ សម្រាប់ធ្វើដំណើរប៉ុណ្ណោះ ជាជាងត្រូវបានគ្រាប់រ៉ុក្កែត ដែលបង្កើតថ្មីមួយទៀត។

* គ្រាប់រ៉ុក្កែតដែលអាចប្រើប្រាស់ឡើងវិញ បានយ៉ាងពេញលេញ

Starship គឺជាប្រព័ន្ធដឹកជញ្ជូនដែលប្រើប្រាស់ប្រព័ន្ធរ៉ុក្កែត មានសមត្ថភាពអាចប្រើប្រាស់ឡើងវិញបាន (reusable rocket system) និងអាចដឹកទំនិញបាន ១០០តោន ទៅកាន់គន្លងគោចរជុំវិញផែនដី និងទៅកាន់ទីអវកាសឆ្ងាយពីផែនដី។ វាមានបំពាក់ជាមួយឧបករណ៍ Booster នៅក្នុងតំណាក់កាលដំបូង ដើម្បីរុញច្រាននាវាអវកាស ទៅកាន់គន្លងគោចរ និងបន្ទាប់មកទៀត គឺជួយដល់ការផ្តាច់ខ្លួនរវាងរ៉ុក្កែត និងនាវាអវកាស។ Booster ត្រូវបានរចនាឡើង ដើម្បីអនុញ្ញាតឲ្យយានធ្វើការចុះចតដោយសុវត្ថិភាព និងអាចប្រើប្រាស់ឡើងវិញបាន។

ក្រុមហ៊ុន SpaceX ក៏បានចង្អុលបង្ហាញអំពីរបៀប ដែលអាចធ្វើដូចខាងលើនេះ ជាមួយគ្រាប់រ៉ុក្កែត Falcon របស់ខ្លួនផងដែរ ប៉ុន្តែវាអាចប្រើប្រាស់តែក្នុងកម្រិត ២ ភាគ ៣ប៉ុណ្ណោះ បើធៀបនឹងប្រព័ន្ធរ៉ុក្កែត ដែលអាចប្រើប្រាស់ឡើងវិញបាន។ បើសិនយកទៅបំពាក់ជាមួយនាវា Starship វិញ ផ្នែកទី ៣ នៃប្រព័ន្ធរ៉ុក្កែត Falcon ដែលជួយរុញច្រាននាវាអវកាស ចាកចេញឆ្ងាយពីគន្លងគោចរផែនដីនោះ គឺមិនអាចផ្តាច់ខ្លួនចេញបានឡើយ ដែលនេះគឺជាបញ្ហា។

ចំពោះការចុះចតមកវិញនៃ booster នៅក្នុងដំណាក់កាលទី ១ គឺជារឿងងាយទេ ព្រោះវាបានផ្តាច់ខ្លួនចេញតែពីរនាទីប៉ុណ្ណោះ បន្ទាប់ពីការបាញ់បង្ហោះ ហេតុដូច្នេះហើយវាអាចធ្វើការចុះចត មកកាន់ផ្ទៃផែនដីវិញពីរយៈកម្ពស់ទាប ដែលមិនអាចឲ្យវាស្ទុះ ដល់ល្បឿនលឿនខ្លាំងនោះឡើយ។

ល្បឿននៃការទម្លាក់ខ្លួនចុះរបស់ booster ដែលអង្គការ NASA ធ្លាប់បានគណនាលើយានរបស់ខ្លួននោះ គឺតែក្នុងកម្រិត Mach ៦ (១ Mach = ១,២៧៧គីឡូម៉ែត្រក្នុងមួយម៉ោង) ប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ Starship វិញវាបានទម្លាក់ខ្លួនចុះពីលើកម្ពស់ ១២.៥គីឡូម៉ែត្រមកវិញ រហូតដល់ទៅល្បឿន Mach ២៥ ដោយប្រការនេះហើយ ទើបធ្វើឲ្យម៉ាស៊ីនរបស់វា ទប់កម្តៅលែងជាប់ និងឆេះ ហើយការទប់ល្បឿនក៏ត្រូវបរាជ័យ ដែលជាហេតុធ្វើឲ្យនាវាអវកាសបុកដីពេញមួយទំហឹង និងផ្ទុះឆេះខ្ទេចតែម្តង។

* ប្រព័ន្ធក្រឡាប់ខ្លួនដ៏ពិសេសរបស់ Starship

ជាការពិតណាស់ នាវាអវកាសដែលមានលេខសម្គាល់ SN8 របស់ SpaceX ខាងលើនេះ គឺត្រូវបានរចនាឡើងឲ្យអាចទម្លាក់ខ្លួន ជាលក្ខណៈបណ្តោយចុះមកពីលើអាកាស ព្រោះវាអាចប្រើប្រាស់បរិយាកាសផែនដី ដើម្បីបន្ថយល្បឿនរបស់វាបានខ្លះៗ នៅពេលដំណាលគ្នានោះផងដែរ។ នៅពេលដែលល្បឿនទម្លាក់ខ្លួនរបស់វា ថយចុះដល់កម្រិតត្រឹមត្រូវ នាវានោះនឹងតម្រង់ខ្លួនជាលក្ខណៈបញ្ឈរវិញ ដើម្បីចុះចតទៅលើទីលាន។

គ្មានយានណាឡើយ ដែលធ្លាប់បានរចនាឲ្យចុះចតបែបនេះ ដោយការគ្រោងទុកជាមុននោះ។ យន្តហោះនានាត្រូវបានរចនាឡើង ដើម្បីសម្រួលលំហូរនៃខ្យល់ទៅកាន់ស្លាបរបស់ពួកវា ដើម្បីអាចធ្វើឲ្យវាបន្តការហោះហើរបាន។ ប្រសិនបើបាត់បង់កន្លែងសម្រាប់លំហូរខ្យល់ នោះយន្តហោះនឹងធ្លាក់ចុះមកពីលើមេឃមិនខាន ដែលស្ថានភាពបែបនេះយើងហៅថា «stall ឬបាត់ម្ចាស់ការ»។

សម្រាប់នាវាអវកាស Starship គឺវាត្រូវហោះឡើងទៅក្នុងបរិយាកាស នៅក្នុងរង្វាស់មុំ ៩០ដឺក្រ។ វាមានន័យថា នាវានេះគឺគ្មានស្លាប សម្រាប់រក្សាភាពម្ចាស់ការរបស់វាសោះតែម្តង ដូច្នេះពេលវាទម្លាក់ខ្លួនចុះមកវិញ ក៏មិនសូវខុសពីស្លឹកឈើ ដែលធ្លាក់ចុះមកលើដីដែរ នោះគឺវាគ្មានលំនឹងច្បាស់លាស់ ដែលអាចកំណត់ ឬបញ្ជាបាននោះឡើយ។

ដោយយល់ឃើញបញ្ហាខាងលើនេះហើយ ទើបការគ្រប់គ្រងជាប់ជានិច្ចលើវា ត្រូវបានបង្កើតឡើង។ Starship មានស្លាប (flap) ចំនួន ០៤ ហើយពួកវាត្រូវបានប្រើប្រាស់ មិនខុសពីក្រុមអ្នកទម្លាក់ខ្លួនពីលើអាកាស ដែលប្រើប្រាស់ដៃទាំងពីរ និងជើងទាំងពីររបស់ពួកគេ ដើម្បីគ្រប់គ្រងលំនឹងខ្លួនលើអាកាស ពេលទម្លាក់ខ្លួនចុះមកផ្ទៃផែនដីនោះឡើយ។ តាមរយៈខ្សែវីដេអូ យើងអាចមើលឃើញស្លាបទាំង ០៤ របស់ Starship បានដំណើរការយ៉ាងល្អប្រសើរ។ ដូច្នេះវាជាចំណុចមួយ ដ៏អស្ចារ្យរួចទៅហើយ សម្រាប់ក្រុមហ៊ុន SpaceX។

* ប្រភេទ និងចំនួនឥន្ធនៈរបស់គ្រាប់រ៉ុក្កែតទូទៅ និងម៉ាស៊ីនរ៉ុក្កែតដែល Starship ត្រូវប្រើប្រាស់

ប្រព័ន្ធគ្រាប់រ៉ុក្កែតនីមួយៗ ពិតជាត្រូវការឥន្ធនៈច្រើនមហិមាណាស់ ស្តុកទុកនៅក្នុងខ្លួន ដើម្បីធានាដល់ការចុះចតមកវិញដោយសុវត្ថិភាព។ វាមិនខុសពីការត្រៀមធ្វើដំណើរបោះតង់ ដែលនឹងមានរយៈពេល ១៤ថ្ងៃ ប៉ុន្តែយើងត្រូវចំណាយពេល ១៣ថ្ងៃរក្សាទុកទឹក សម្រាប់ផ្គត់ផ្គង់នៅថ្ងៃទី ១៤ ដែលជាថ្ងៃចុងក្រោយននៃដំំណើរកម្សាន្តនោះឡើយ។ បើងាកទៅមើលនាវាអវកាស SN8 វិញ គឺទទេស្អាតតែម្តង ដោយវាគ្មានឥន្ធនៈអ្វីស្តុកក្នុងខ្លួន ដើម្បីត្រៀមបំពេញតម្រូវការគ្រាប់រ៉ុក្កែត នៅពេលចុះចតនោះឡើយ។

ចំនួននៃឥន្ធនៈ ត្រូវបាសមាមាត្រនឹងសមត្ថភាពគ្រាប់រ៉ុក្កែត។ ឧទាហរណ៍ ប្រសិនបើយើងចង់បញ្ចូនយានផ្ទុកទំនិញ ១០០តោនទៅកាន់ឋានព្រះច័ន្ទ នៅក្នុងល្បឿន ១២គីឡូម៉ែត្រក្នុងមួយវិនាទី នោះអ្នកត្រូវតែដឹកឥន្ធនៈជាប់ខ្លួន រហូតដល់ទៅ ២,០០០តោនទើបគ្រប់។

ជាធម្មតាទៅហើយ គិតចាប់តាំងពីបេសកកម្ម Apollo ឡើងឋានព្រះច័ន្ទ ភាគច្រើនគ្រាប់រ៉ុក្កែតបានប្រើប្រាស់ឥន្ធនៈប្រេងកាត (kerosene) និងអ៊ីដ្រូសែន ហើយជាង ៣០ឆ្នាំមកនេះ វាហាក់ដូចជាគ្មានការប្រែប្រួលឡើយ សម្រាប់ការប្រើប្រាស់ឥន្ធនៈងាយៗទាំងនេះ ដើម្បីដឹកនាំបេសកកម្មនានា ឡើងទៅកាន់ទីអវកាស ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតនោះ។

ងាកមកកាន់នាវាអវកាស Starship វិញ វាបានប្រើប្រាស់ឥន្ធនៈមេតាន ដែលត្រូវបានក្រុមជំនាញអះអាងថា ជាប្រភេទឥន្ធនៈ ដែលពិបាកនៅក្នុងការគ្រប់គ្រង ឬច្នៃយកទៅប្រើប្រាស់ប្រើប្រាស់ ប្រកបដោយសុវត្ថិភាពណាស់ ប៉ុន្តែដោយសារតែភពអង្គារ សំបូរទៅដោយមេតាន ដូច្នេះវាជាអាចជាមូលហេតុមួយ ដែលក្រុមហ៊ុនរបស់លោក Elon Musk ប្រឹងប្រែងច្នៃឥន្ធនៈប្រភេទនេះ ដើម្បីប្រើប្រាស់លើ Starship ក៏ថាបាន។

* តើកត្តាអ្វីទើបជំរុញឲ្យនាវាអវកាសស Starship (SN8) ផ្ទុះឆេះ?

លោកអ្នកប្រាកដជាបានទស្សនាវីដេអូ ដោយឃើញមានចំហាយ ពណ៌បៃតងជះចេញពីក្រោមនាវា នៅមុខពេលវាចុះចតតែបន្តិចប៉ុណ្ណោះ។ ដោយសារតែម៉ាស៊ីនរបស់ Starship ផលិតចេញពីស្ពាន់ ហើយនៅពេលវាទប់កម្តៅលែងបាន និងឆេះនោះ គឺបានចេញជាអណ្តាតភ្លើងពណ៌បៃតងនោះឯង។

ក្រុមហ៊ុន SpaceX បកស្រាយថា បញ្ហាខាងលើនេះបានកើតឡើង ក៏ព្រោះតែការកើនឡើងសម្ពាធនៃឥន្ធនៈ នៅកំឡុងពេលយ៉ាងកៀកបំផុត ទៅនឹងការចុះចត ដែលជាហេតុធ្វើឲ្យគ្រាប់រ៉ុក្កែតនៅជាប់ខ្លួន Starship មិនអាចបន្ថយល្បឿនឲ្យបាន ហើយជាលទ្ធផលគឺអុកស៊ីហ្សែន បានដុះកម្ទេចម៉ាស៊ីនដោយខ្លួនឯងតែម្តង។

គួរបញ្ជាក់តាម SpaceX ទៀតថា ប្រសិនបើមិនមានបញ្ហា នៅមុនប៉ុន្មានវិនាទី នៃការព្យាយាមចុះចតខាងលើនេះទេ នោះវានឹងក្លាយជាការធ្វើតេស្ត ដ៏ប្រសើរបំផុតរបស់ Starship (SN8) ជាមិនខាន។ បច្ចុប្បន្នក្រុមការងារវិស្វកររបស់ SpaceX កំពុងតែត្រួតពិនិត្យកំហុសបច្ចេកទេសនេះ ដើម្បីត្រៀមក្នុងការដុសខាត់ នាវាអវកាសថ្មីមួយទៀតគឺ SN9 ដែលអាចនឹងត្រូវយកទៅធ្វើតេស្ត នៅថ្ងៃអនាគត៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Reuters, CNA (ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០)

LEAVE A REPLY

Please enter your comment!
Please enter your name here