(បរទេស)៖ សព្វថ្ងៃមនុស្សភាគច្រើនប្រហែលជាគិតថា វិស័យតារាសាស្រ្តទំនងជាគ្មានអ្វីសំខាន់នោះឡើយ ដោយសារតែវាហាក់ដូចជា មិនជួយផ្តល់អត្ថប្រយោជន៍ជាក់ស្តែងណាមួយ។ យ៉ាងណាមិញ វិស័យតារាសាស្រ្តព្រមទាំងវិទ្យាសាស្រ្តជារួម គឺជាការបង្ហាញចេញភាព «ចង់ចេះចង់ដឹង» ដែលមនុស្សគ្រប់រូបមាន ជាពិសេសអ្នកដែលចង់ដឹងថា តើអ្វីៗនៅជុំវិញខ្លួនពួកគេ កកើតឡើងដោយរបៀបណា និងមានប្រភពដើមមកពីណា។

សារៈសំខាន់នៃការគិតបែបវិទ្យាសាស្រ្ត ឬមួយក៏តួនាទីនៃតារាសាស្រ្ត មិនមែនសំខាន់តែសម្រាប់ជំនាន់យើងនេះទេ។ តាំងតែពីពេលវិស័យកសិកម្ម បានចាប់កំណើតដំបូង តារាសាស្រ្តគឺជាកូនសោគន្លឹះ ក្នុងការជួយយើងវិនិច្ឆ័យការកំណត់ពេលវេលា នៃព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រតិទិន ដូចជាពេលត្រូវដាំដុះ និងពេលត្រូវប្រមូលផលជាដើម។ រាល់វប្បធម៌ទាំងអស់នៅជុំវិញពិភពលោក និងគ្រប់សម័យកាល សុទ្ធតែធ្លាប់មានទំនាក់ទំនងជាមួយតារាសាស្រ្ត។

ភស្តុតាងកាន់តែវិសេស នោះគឺពួកក្រិកសម័យបុរាណតែម្តង ដែលបានលើកតម្កើងសារៈសំខាន់ នៃវិស័យតារាសាស្រ្តជាខ្លាំង ហើយបានឧទ្ទិសទេពធិតាមួយអង្គ សម្រាប់តំណាងឲ្យផ្នែកតារាសាស្រ្ត និងទស្សនវិទ្យាថែមទៀតផង។ ការឲ្យតម្លៃតារាសាស្រ្តក៏បានបន្ត មកដល់សម័យកាលក្រោយៗទៀត រហូតដល់ពេលសាកលវិទ្យាល័យដំបូងៗ​ត្រូវបានអភិវឌ្ឍឡើងថែមទៀតផង។

នាពេលនោះ តារាសាស្រ្តត្រូវបានចាត់ទុកជាមុខវិជ្ជាសំខាន់ៗទាំង ០៧ ដូចជាវេយ្យាករណ៍ តក្កវិជ្ជា វោហារសាស្រ្ត គណិតវិទ្យា ធរណីមាត្រ និងតន្រ្តី។ មុខវិជ្ជាទាំងនេះ ជាពិសេសតារាសាស្រ្ត ត្រូវគេឲ្យតម្លៃជាខ្លាំង ព្រោះវាផ្តល់ឲ្យយើងនូវរបៀបសម្លឹងមើលចក្រវាឡ ដែលអនុញ្ញាតឲ្យយើងមានទស្សនៈសមស្របមួយ និងសុទិដ្ឋិនិយម។

គួរបញ្ជាក់ថា បច្ចុប្បន្នតារាសាស្រ្តមិនមែន ត្រឹមតែនៅតែមានប្រយោជន៍នោះទេ គឺនៅតែមានសារៈសំខាន់ធំធេង បន្តទៅមុខទៀតសម្រាប់យើង។ មនុស្សជំនាន់មុន បានយល់យ៉ាងច្បាស់អំពីតម្លៃរបស់វា ដូច្នេះហើយពួកយើងនជំនាន់នេះ ឬជំនាន់ក្រោយៗទៀត ក៏នឹងយល់ដូចគ្នាដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ វែបសាយ Space (ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here