(បរទេស)៖​ ប្រសិនបើអ្នកស្ថិតនៅតំបន់ជិតប៉ូលខាងត្បូង ឬនៅប៉ូលខាងត្បូងផែនដីតែម្តង នោះអ្នកនឹងអាចមើលឃើញប្រព័ន្ធផ្កាយមួយ ហើយមួយគូនោះគឺជាប្រព័ន្ធផ្កាយ Alpha Centauri ដែលមានលក្ខណៈស្រដៀងព្រះអាទិត្យយើង ដោយមួយមានអក្សរសម្គាល់ថា ACA និងមួយទៀតគឺ ACB ប៉ុន្តែពួកវាទាំងពីរនេះ ស្ទើរតែពិបាកឲ្យភ្នែកមនុស្សបែងចែកថា ជាផ្កាយពីរនៅដាច់ពីគ្នាណាស់។

តាមពិតទៅយើងបានដឹងរួចមកហើយថា ប្រព័ន្ធផ្កាយ Centauri នេះមិនមែនមានផ្កាយតែ ២ដួងនោះឡើយ ដោយផ្កាយមួយទៀតជាសមាជិកតូច និងប្លែកពីបងធំរបស់វានោះ គឺ Proxima Centauri ដែលកាលពីចុងឆ្នាំ២០២០ កន្លងទៅថ្មីៗនេះមានការសង្ស័យថា មានរលកសញ្ញាចម្លែក​បានជះចេញពីប្រព័ន្ធផ្កាយនោះថែមទៀតផង ហើយត្រូវបានក្រុមការងារ​នៅលើភពផែនដីចាប់បាន និងត្រូវការពេលបញ្ជាក់បន្ថែមដើម្បីឲ្យប្រាកដថា តើរលកសញ្ញានោះជាអ្វី ឬពិតជាមកពីប្រព័ន្ធផ្កាយ Proxima Centauri មែនឬក៏មិនមែន។

ប្រព័ន្ធផ្កាយភ្លោះបីខាងលើនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រគណនាថា មានចម្ងាយជាម​ធ្យម ៤.២ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយពិតណាស់ ពួកវាជាផ្កាយដែលស្ថិតនៅ​ជិតព្រះអាទិត្យយើងជាងគេបំផុត។ ពីដើមឡើយក្រុមតារាវិទូបានអះអាងថា ប្រព័ន្ធផ្កាយភ្លោះបីបែបនេះ ទំនងជាគ្មានភពណាអាចមានវត្តមាន នៅជុំវិញពួកវាទៅរួចនោះឡើយ ប៉ុន្តែគិតចាប់តាំងពីឆ្នាំ២០១៦ មកទល់នឹងដើមឆ្នាំ២០២១នេះ ភពចំនួនពីរហើយត្រូវបានរកឃើញ នៅជុំវិញផ្កាយ Proxima Centauri ដោយភពទាំងពីរនេះ​ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថា Proxima B និង Proxima C។

ក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនបានគិតថា ភពណាមួយនៅក្នុងប្រព័ន្ធផ្កាយ Proxima Centauri ពិតជាអាចមានជីវិតរស់នៅ ប៉ុន្តែកាលពីពេលថ្មីៗនេះ ពួកគេបានទទួលសញ្ញាដែលបញ្ជាក់ថា បរិស្ថានអវកាស (space weather) នៅក្នុងប្រព័ន្ធផ្កាយ Proxima Centauri នោះគឺពិតជាកាចសាហាវខ្លាំងណាស់ ដែលអាចធ្វើឲ្យភពនានា កំពុងគោចរនៅជុំវិញផ្កាយក្រហមនោះ ប៉ះទង្គិចជាមួយភាគល្អិតដ៏គ្រោះថ្នាក់ និងដែនម៉ាញេទិច ព្រមទាំងសារធាតុវិទ្យុសកម្មជះចេញពីផ្កាយជាដើម។

ព្រះអាទិត្យយើងគឺជាប្រភេទផ្កាយពណ៌លឿងដ៏កម្រមានបំផុត និងកំពុងឃុំគ្រងភពផែនដី ដែលមកទល់ពេលនេះនៅតែត្រូវបានចាត់ទុកថា ជាទីឋានតែមួយគត់ក្នុងចក្រវាឡ ដែលមានជីវិតរស់នៅ។ ប៉ុន្តែបើយើងងាកទៅមើល Proxima Centauri វិញ វាគឺជារឿងភាគមួយដែលមានរសជាតិផ្សេងពីយើងដាច់។ Proxima Centauri ជាផ្កាយក្រហមមានទំហំតូច (red dwarf star) ដែលមានអង្កត់ផ្ចិតស្មើតែ ១៥%ប៉ុណ្ណោះ នៃអង្កត់ផ្ចិតព្រះអាទិត្យយើង (ព្រះអាទិត្យមានអង្កត់ផ្ចិត ១.៣៩លានគីឡូម៉ែត្រ) ហើយកម្តៅនៅផ្ទៃរបស់ Proxima Centauri ក៏ទាបជាងព្រះអាទិត្យយើងពីរដងផងដែរ (លើផ្ទៃព្រះអាទិត្យមានសីតុណ្ហភាព ៥,៥០៥អង្សាសេ)។

បើតាមការគណនារបស់ក្រុមតារាវិទូ ភពទាំងពីររបស់ផ្កាយ Proxima Centauri គឺទី១ Proxima B ជាប្រភេទភពថ្មដូចផែនដីយើង និងស្ថិតនៅពាក់កណ្តាលនៃតំបន់ជម្រុកមាស ឬ Goldilocks Zone (Goldilocks Zone ជាតំបន់អំណោយផលបំផុត នៃការកកើតជីវិត) ពីផ្កាយមេរបស់វា ខណៈភពទី២គឺ Proxima C ស្ថិតនៅឆ្ងាយពីផ្កាយមេរបស់វា និងមានលក្ខណៈដូចភពណិបទូនរបស់យើង។ ហេតុដូច្នេះវាមានន័យថា ភព Proxima B គឺជាគោលដៅទី ១ នៃការសង្ស័យថា អាចមានជីវិតរស់នៅ ប៉ុន្តែសូមតាមដានការបកស្រាយបន្តទៀត។

តាមពិតទៅ នេះជាមិនមែនជាលើកទី ១ នោះទេដែលក្រុមអ្នកវិទ្យាសាស្ត្រ បានព្យាយាមបកស្រាយអំពីភាពគ្រោះថ្នាក់នៃជីវិត ដែលអាចកើតមាននៅលើភព Proxima B ព្រោះតែបរិស្ថានអវកាសនៅទីនោះ ពិតជាមិនអំណោយផលសោះឡើយ ឬក៏ដូចយើងបកស្រាយពីខាងដើមថា វាកាចសាហាវណាស់សម្រាប់ជីវិត។
ភពដែលស្ថិតនៅកៀកផ្កាយរបស់វាពេក (Proxima B មានគម្លាតតែ ៧.៥លានគីឡូម៉េត្រប៉ុណ្ណោះពីផ្កាយមេរបស់វា) ទោះបីជាផ្កាយមេរបស់វានោះមានទំហំតូច និងពន្លឺខ្សោយក្តី ក៏គម្លាតជិតបែបនេះអាចនាំឲ្យព្យុះអណ្តាតភ្លើង និងធាតុវិទ្យុសកម្មជះពីផ្កាយ Proxima Centauri ជ្រៀតចូលទៅបំផ្លាញ​សារធាតុទ្រទ្រង់ជីវិតគ្រប់បែបយ៉ាង ដែលអាចមាននៅភព Proxima B បានយ៉ាងមានប្រសិទ្ធភាព។

សរុបសេចក្តីមក ប្រសិនបើភព Proxima B គ្មានបរិយាកាស និងដែនម៉ាញេទិចខ្លាំងក្លា ដើម្បីទប់ទល់ស្ថានការណ៍ដ៏អាក្រក់​ដូចខាងលើនេះទេ នោះហេតុផលដូចបានរៀបរាប់ខាងលើនេះ គឺគ្រប់គ្រាន់អាចបញ្ជាក់ថា «គ្មានជីវិតណាមួយអាចកើតមាននៅលើភព ដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយ Proxima Centauri មួយនេះបានឡើយ»

បកប្រែ និងសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space (ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១)

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here