(អឺរ៉ុប)៖ ប្រសិនបើព្រឹត្តិការណ៍បង្ហោះគ្រាប់រ៉ុក្កែត ដែលត្រូវបានចាត់ទុកថា លេចធ្លោជាងគេប្រចាំឆ្នាំ២០២០ គឺការបញ្ជូនក្រុមអវកាសយានិកអាមេរិក ចេញពីទឹកដីសហរដ្ឋអាមេរិកជាថ្មីឡើងវិញ អំឡុងបេសកកម្មរបស់ក្រុមហ៊ុន SpaceX និងទីភ្នាក់ងារអវកាស NASA នោះព្រឹត្តិការណ៍បង្ហោះគ្រាប់រ៉ុក្កែតប្រចាំឆ្នាំ២០២១នេះវិញ ច្បាស់ណាស់គឺជាការបញ្ជូនកែវយឺតអវកាស James Webb ឡើងទៅកាន់ទីអវកាស ក្រោយពីវាបានឆ្លងកាត់ការពន្យារពេល អស់ជាច្រើនលើកមកហើយ។

James Webb Space Telescope គឺជាអ្នកបន្តវេនរបស់កែវយឺតអវកាសដ៏អស្ចារ្យគឺ Hubble ហើយកាលបរិច្ឆេទចុងក្រោយដែលត្រូវបានកំណត់ សម្រាប់ការបាញ់បង្ហោះរបស់វាគឺនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ កែវយឺតអវកាស James Webb នឹងត្រូវបាញ់បញ្ជូនចេញពីផ្ទៃផែនដីយើង តាមរយៈគ្រាប់រ៉ុក្កែត Ariane-5 របស់អឺរ៉ុប។ ការប្រើប្រាស់រ៉ុក្កែត Ariane-5 គឺជាផ្នែកនៃកិច្ចព្រមព្រៀងមួយដែលទីភ្នាក់ងារអវកាសអឺរ៉ុប ESA សម្រេចបាន ដើម្បីមានឱកាសចូលរួមនៅក្នុងគម្រោងកែវយឺតអវកាសខាងលើ ដែលដឹកនាំដោយទីភ្នាក់ងារអវកាសអាមេរិក NASA។ តាមរយៈការផ្តល់គ្រាប់រ៉ុក្កែតសម្រាប់បង្ហោះ រួមនិងឧបករណ៍មួយចំនួនទៀត ESA ធានាបាននូវឱកាសប្រើប្រាស់កែវយឺតអវកាសថ្មីនេះ សម្រាប់ក្រុមតារាវិទូរបស់ខ្លួន នៅពេលវាដំណើរការ។

រ៉ុក្កែត Ariane-5 គឺជាប្រភេទគ្រាប់រ៉ុក្កែតបាញ់ហើយបោះចោល ដោយមកទល់ឥឡូវពួកវានៅសល់តែ 0៨គ្រឿងប៉ុណ្ណោះ ខណៈ១គ្រឿងត្រូវបានកក់ទុកសម្រាប់ការបញ្ជូនកែវយឺត Jame Webb ឡើងទីអវកាស។ បច្ចុប្បន្ន James Webb កំពុងឆ្លងកាត់ការធ្វើតេស្តចុងក្រោយ នៅឯមូលដ្ឋានរបស់ក្រុមហ៊ុនអាមេរិក Northrop Grumman ក្នុងរដ្ឋកាលីហ្វរញ៉ា។

គួរបញ្ជាក់ថា កែវយឺតអវកាស James Webb នឹងត្រូវបាញ់បង្ហោះចេញពី​មូលដ្ឋានបង្ហោះយានអវកាសអឺរ៉ុបក្នុងតំបន់ ហ្វ្រេន ហ្គាយ៉ាណ (French Guiana) របស់ប្រទេសបារាំង ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង។ តម្លៃរបស់វា James Webb គឺប្រហែល ១០ពាន់លានដុល្លារអាមេរិក ដោយគិតទាំងការចំណាយលើកិច្ចប្រឹងប្រឹងរចនា និងសាងសង់ រួមជាមួយថវិកាសម្រាប់ធ្វើប្រតិបត្តិការ កែវយឺតអវកាសនេះសម្រាប់រយៈពេល ០៥ឆ្នាំ៕

ប្រភព៖ BBC (ថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here