(បរទេស)៖ នាថ្ងៃអនាគតក្រៅពីយានរ៉ូបូតប្រភេទ Rover នៅលើភពអង្គារ ក៏មានវត្តមានសត្វឆ្កែផងដែរ ប៉ុន្តែគឺ «ឆ្កែយន្ត» ដែលនឹងត្រូវបំពេញបេសកកម្មស្រាវជ្រាវ និងរុករកអ្វីថ្មីៗ នៅលើភពក្រហមយក្សនោះ។ ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិក កំពុងផ្តោតលើការបង្វឹករ៉ូបូតជើង ០៤ មួយគ្រឿង ដែលមើលទៅដូចជាសត្វយន្តមួយក្បាលយ៉ាងដូច្នោះ ដោយមានបំពាក់នូវប្រព័ន្ធបញ្ញាឆ្លាតវៃ AI ព្រមទាំងឧបករណ៍ស៊ែនស័រ (Sensor) ជាច្រើនទៀត ដើម្បីជួយវាក្នុងការចល័ត នៅតាមសណ្ឋានដីលំបាកៗលើផ្ទៃភពអង្គារ និងនៅតាមរូងក្រោមផ្ទៃដីជាដើម ដោយស្វ័យប្រវត្តិ។

គ្រឿងយន្តនោះហៅថា Mars Dog ដែលប្រែថា «សុនខភពអង្គារ»។ វាត្រូវបានអភិវឌ្ឍឡើង ដើម្បីឲ្យមានសមត្ថភាពធ្វើចលនា ក៏ដូចជាចល័តនៅលើភពអង្គារ ក្នុងលក្ខណៈដែលយានរ៉ូបូតល្បីៗដូចជា Spirit, Opportunity, Curiosity នឹងយានថ្មី Perseverance មិនអាចធ្វដូចឡើយ។ ឆ្កែយន្ត Mars Dog អាចធ្វើដំណើរឆ្លងកាត់ឧបសគ្គជាច្រើនប្រភេទ អាចជ្រើសរើសរវាងគន្លងផ្លូវច្រើនសម្រាប់ធ្វើដំណើរ និងអាចបង្កើតផែនទី សិប្បនិម្មិតនៃផ្ទៃដី ឬជួរភ្នំភពអង្គារ សម្រាប់ក្រុមអ្នកគ្រប់គ្រងប្រតិបត្តិការ នៅឯមូលដ្ឋានលើផែនដីថែមទៀត។

 

ជាធម្មតាសមត្ថភាពធ្វើដំណើររបស់យានប្រភេទ Rover គឺមានកម្រិត ដោយពួកវាអាចចល័តដោយប្រសិទ្ធភាព តែនៅលើផ្ទៃដីរាបស្មើប៉ុណ្ណោះ ប៉ុន្តែតំបន់ជាច្រើនលើភពអង្គារ ដែលអ្នកវិទ្យាសាស្រ្តចាប់អារម្មណ៍ខ្លាំងនោះ គឺអាចទៅដល់បានតែតាមរយៈការធ្វើដំណើរ ឆ្លងកាត់សណ្ឋានដីលំបាកៗ ឬក៏ឆ្លងកាត់រូងក្រោមដីជាដើម។ Mars Dog ពិតជាសក្តិសមបំផុតសម្រាប់ការងារនេះ ព្រោះទោះបីជាវាដួលពេលធ្វើប្រតិបត្តិការក៏ដោយ គឺអាចងើបឈរឡើងវិញបានយ៉ាងងាយ។

Mars Dog នឹងមានទម្ងន់ស្រាលជាងក្រុមយាន Rover បច្ចុប្បន្នប្រហែល ១២ដង ហើយនឹងអាចធ្វើដំណើរបានឆ្ងាយជាង ខណៈល្បឿនដើរធ្វើដំណើររបស់វា គឺបានឈានដល់ ០៥គីឡូម៉ែត្រក្នុងមួយម៉ោង អំឡុងការធ្វើតេស្ត។ ល្បឿននេះមើលទៅដូចជាយឺតខ្លាំងណាស់ ប៉ុន្តែចូរយើង ប្រៀបធៀបជាមួយល្បឿនធ្វើដំណើររបស់យាន Curiosity គឺប្រមាណ ០.១៤គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅលើភពអង្គារ រូងភ្នំឬរូងក្រោមដី ប្រហែលអាចផ្តល់ជាកន្លែងជ្រកកោនដ៏ប្រសើរមួយ សម្រាប់ការធ្វើអាណានិគមរបស់មនុស្សនាពេលអនាគត ដោយពួកវាបានផ្តល់ការការពារពីកាំរស្មី UV ដ៏គ្រោះថ្នាក់ពីព្រះអាទិត្យ និងពីអាកាសធាតុដ៏ត្រជាក់ ព្រមទាំងព្យុះធូលីដ៏ខ្លាំងក្លា ដែលអាចមានរយៈពេលរាប់សប្តាហ៍ជាដើម ហើយរូងភ្នំឬរូងក្រោមដីក៏អាចផ្ទុកភស្តុតាង នៃទម្រង់ជីវិតកាលពីអតីតកាល នៅលើភពអង្គារផងដែរ ឬមួយជាជម្រកបច្ចុប្បន្ននៃពពួកមីក្រូសារពាង្គកាយ ដែលអាចកំពុងសំងំលាក់ខ្លួន នៅក្រោមដីជ្រៅៗក៏ថាបាន៕

ប្រភព៖ Space (ថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១)

 

LEAVE A REPLY

Please enter your comment!
Please enter your name here