(អាមេរិក)៖ ការរកឃើញសាជាថ្មីនេះ ពិតជារបកគំហើញដ៏អស្ចារ្យមួយ សម្រាប់វិស័យអវកាស ខណៈចម្ងល់អំពីវត្តមាននៃភព KOI-5Ab ដែលត្រូវបានក្រុមការងារគ្រប់គ្រងកែវយឺតអវកាស Kepler បោះបង់ចោលការស្វែងរក ជាយូរណាស់មកហើយនោះ ត្រូវបានកែវយឺតអវកាសជំនាន់ថ្មី TESS ដែលជាអ្នកស្នងតំណែង បញ្ជាក់យ៉ាងច្បាស់ថា វាពិតជាមានវត្តមានមែន។

កែវយឺតអវកាស Kepler ដែលបានលាចាកលោករួចទៅហើយ ក្រោយពីត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០០៩នោះ វាបានរកឃើញភពនៅប្រព័ន្ធផ្កាយនានា ដែលយើងតែហៅថា exoplanet សរុបជាង ៤,៣០០ភពឯណោះ ហើយទិន្នន័យដែលនៅសេសសល់ ក្រោយពីកែវយឺតអវកាសនេះ បញ្ចប់បេសកកម្មទាំងស្រុងកាលពីខែតុលា ឆ្នាំ២០១៨ ក៏នៅតែអនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រ រកឃើញភពថ្មីៗបន្ថែមទៀតផងដែរ។

ប៉ុន្តែ! អ្វីដែលពិសេសនៅក្នុងរឿងនេះ គឺភពដែលពីដំបូងឡើយត្រូវបាន Kepler សង្ស័យថាអាចមាននៅក្នុងប្រព័ន្ធផ្កាយភ្លោះបីកាលពីជាង ១០ឆ្នាំមុន និងត្រូវបានបោះបង់ការអង្កេតទៅវិញ ដោយសារតែប្រព័ន្ធផ្កាយប្រភេទនោះ មានលក្ខណៈស្មុគស្មាញពេក នៅទីបំផុតត្រូវបានកែវយឺតអវកាស TESS ធ្វើការកំណត់សាជាថ្មីឡើងវិញថា ភពដូចការសង្ស័យនោះ ពិតជាមានវត្តមានប្រាកដមែន។

KOI-5Ab គឺជាភពដែលមានទំហំ ស្មើពាក់កណ្តាល់នៃភពសៅរ៍របស់យើង ប៉ុន្តែវាគោចរជុំវិញផ្កាយមួយ (A) ក្នុងចំណោម ៣ (A, B និង C) ដែលមានលក្ខណៈស្រដៀងព្រះអាទិត្យយើង និងស្ថិតនៅក្នុងកញ្ចុំផ្កាយ Cygnus។ ប្រព័ន្ធផ្កាយរបស់ភព KOI-5Ab ស្ថិតនៅចម្ងាយរហូតដល់ ១,៨០០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។

ជុំវិញការបញ្ជាក់របកគំហើញខាងលើនេះ លោក David Ciardi ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ នៃវិទ្យាស្ថានវិទ្យាសាស្ត្រ Exoplanet នៃអង្គការ NASA របស់អាមេរិកបានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅក្នុងកិច្ចប្រជុំនៃក្រុមការងារសង្គមតារាសាស្ត្រអាមេរិក នៅក្នុងរដ្ឋកាលីហ្វរញ៉ាថា «បេក្ខភាពភព KOI-5Ab ត្រូវបានបោះបង់ចោលភ្លាមៗ ពីព្រោះតែភាគច្រើនវាត្រូវបានគិតថា ស្មុគស្មាញខ្លាំងណាស់…»។

កាលពីឆ្នាំ២០១៤ ក្រុមការងាររបស់លោក David Ciardi បានកំណត់ថា ប្រព័ន្ធផ្កាយ KOI-5 មានផ្កាយសរុបរហូតដល់ទៅ ៣ដួងឯណោះ ប៉ុន្តែកាលណោះ គ្រប់គ្នាមិនទាន់ច្បាស់ទេថា តើភព KOI-5Ab មានវត្តមានដែរ ឬមួយក៏អត់នោះទេ ព្រោះតែប្រព័ន្ធផ្កាយដ៏ស្មុគស្មាញប្រភេទនេះ គឺកម្រឲ្យភពអាចកកើត ឬមានវត្តក្នុងគន្លងគោចររបស់ពួកវាណាស់។ រឿងពិសេសមួយទៀតនោះ ការអង្កេតដោយប្រើប្រាស់ TESS ក៏បានសង្ស័យផងដែរថា ប្រព័ន្ធផ្កាយភ្លោះបីនោះ អាចនៅលាក់ភពមួយទៀត ដែលមានទំហំប្រហាក់ប្រហែលភពណិបទូនរបស់យើង និងគោចរជុំវិញផ្កាយរបស់វា មួយជុំដោយប្រើពេលតែ ០៥ថ្ងៃប៉ុណ្ណោះនៃពេលវេលាលើផែនដី៕

ប្រែសម្រួល៖ Cambo Space (រក្សាសិទ្ធិ)
ប្រភព៖ Space, NASA (ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១)

 

LEAVE A REPLY

Please enter your comment!
Please enter your name here