(អាមេរិក)៖ ទីបំផុតអង្គការ NASA បានប្រកាសថា កិច្ចប្រឹងប្រែងខួងចូលសំបកភពអង្គារ (Mars) របស់បេសកកម្មអ៉ីនសៃត៍ (InSight) ត្រូវបានបោះបង់ចោលជាស្ថាពរហើយ ក្រោយរយៈពេល ០២ឆ្នាំ នៃការចុះចតនៅលើភពក្រហមនោះ និងការជួសជុលដៃខួង (mole) ដែលបានគាំងដំណើរការជាច្រើនលើក។

ក្រុមអ្នកវិទ្យាសាស្រ្តនៅអាល្លឺម៉ង់ បានចំណាយពេល ០២ឆ្នាំ ដើម្បីព្យាយាមប្រើប្រាស់ឧបករណ៍ស្ទង់កម្តៅរបស់ពួកគេ ដែលបំពាក់លើយាន InSight និងខួងរុលចូលទៅក្នុងផ្ទៃភពអង្គារ។ ប៉ុន្តែទោះបីជាបានប្រឹងប្រែងប៉ុនណាក៏ដោយ ឧបករណ៍នោះពុំអាចខួងដល់ជម្រៅចង់បានគឺ ៥ម៉ែត្រ ដូចជាការគ្រោងទុកឡើយ ដោយបានជ្រៅបំផុតត្រឹមតែកន្លះម៉ែត្រប៉ុណ្ណោះ។ ក្រោយការព្យាយាមមួយលើកចុងក្រោយហើយ នៅតែគ្មានលទ្ធផល ក្រុមការងារនៃទីភ្នាក់ងារអវកាសអាល្លឺម៉ង់ បានសម្រេចបោះបង់ចោលតែម្តង ដើម្បីកុំឲ្យចំណាយពេលឥតប្រយោជន៍យូរទៀត។

ដោយឡែក ឧបករណ៍ស្ទាបស្ទង់សកម្មភាពរំញ័រក្នុងផ្ទៃភពអង្គាររបស់បារាំង ដែលបំពាក់លើយាន InSight វិញ គឺកំពុងប្រតិបត្តិការជាធម្មតាដដែល ដោយបានកត់ត្រាបាតុភូតរំញ័រជិត៥០០លើក។ រីឯឧបករណ៍វាស់ស្ទង់អាកាសធាតុរបស់ InSight ដែលអភិវឌ្ឍដោយអេស៉្បាញ ក៏នៅដំណើរការល្អដូចគ្នា។

គួរបញ្ជាក់ថា យាន InSight បានចុះទៅដល់លើផ្ទៃភពអង្គារកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈបេសកកម្មនេះ ត្រូវបានបន្ថែមរយៈពេល ០២ឆ្នាំទៀត គឺបន្តរហូតដល់ដំណាច់ឆ្នាំ២០២២។ ក្នុងពេលឆាប់ៗនេះ យានចល័តថ្មីរបស់ទីភ្នាក់ងារអវកាស NASA នឹងព្យាយាមចុះទៅលើផ្ទៃភពអង្គារដែរ នៅថ្ងៃទី១៨ ខែកុម្ភៈ ខណៈយានចល័តចាស់របស់ NASA គឺ Curiosity កំពុងបន្តធ្វើប្រតិបត្តិការនៅទីនោះ តាំងពីឆ្នាំ២០១២មក៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Phy.org (ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១)

 

LEAVE A REPLY

Please enter your comment!
Please enter your name here