(អាមេរិក)៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក Blue Origin របស់កំពូលមហាសេដ្ឋីលោក Jeff Bezos ទើបតែបានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះសាកល្បងយានអវកាស New Shepard របស់ខ្លួន ដែលទើបឆ្លងកាត់ការធ្វើឲ្យប្រសើរឡើងថែមទៀត សម្រាប់ការដឹកជញ្ជូនមនុស្ស។

យាន New Shepard មាន ០២ផ្នែកគឺផ្នែកខាប់ស៊ុល (Capsule) សម្រាប់ដឹកឧបករណ៍ឬមនុស្សបាន ០៦នាក់ និងផ្នែកគ្រាប់រ៉ុក្កែតសម្រាប់ហោះឡើង ហើយផ្នែកទាំង ០២នេះ សុទ្ធតែអាចប្រើប្រាស់ឡើងវិញបាន។ អំឡុងការធ្វើតេស្តដែលបានប្រព្រឹត្តទៅនៅរដ្ឋ Texas កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ យាន New Shepard បានហោះឡើងដល់កម្ពស់ជិត ១០៧គីឡូម៉ែត្រ ហើយទាំងផ្នែករ៉ុក្កែត និងផ្នែកខាប់ស៊ុល បានចុះមកដល់លើដីវិញ​ដោយសុវត្ថិភាព។ ការធ្វើតេស្តនោះមិនមានមនុស្សជិះឡើយ។

គួរបញ្ជាក់ថា ការធ្វើតេស្តខាងលើគឺជាការធ្វើតេស្តលើកទី ១៤ នៃកម្មវិធីយាន New Shepard តែវាមានលក្ខណៈពិសេសត្រង់ថា ផ្នែករ៉ុក្កែត និងផ្នែកខាប់ស៊ុល គឺសុទ្ធតែថ្មីសន្លាងទាំងអស់។ ផ្នែកខាប់ស៊ុលថ្មី ត្រូវបានបំពាក់នូវសម្ភារៈ និងមុខងារថ្មីៗ សម្រាប់អវកាសយានិក ខណៈដែលកម្មវិធីអភិវឌ្ឍយានអវកាសនេះ កាន់តែជិតសម្រេចបាន នូវការដឹកជញ្ជូនមនុស្សឲ្យធ្វើដំណើរហើយ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ វែបសាយព័ត៌មាន Space (ថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១)

LEAVE A REPLY

Please enter your comment!
Please enter your name here